Connect with us

ព័ត៌មានជាតិ

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាទៅកាន់វេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបថៃយានឆ្នាំ២០២១

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» តាមរយៈវីដេអូ នៅវេលាម៉ោង ៨៖៣០ នាទីព្រឹកថ្ងៃទី ០៣ កញ្ញា ២០២១ ។

នៅក្នុងសុន្ទរកថាថ្លែងប្រមាណជាង៩នាទី សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ​សាធារណរដ្ឋប្រជាមានិតចិនដែលបានរៀបចំវេទិកាអភិវឌ្ឍន៍ ថាមពលកាបូនទាបថៃយានឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» ដ៏មានសារៈសំខាន់នេះឡើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោបានបន្តថា៖ក្នុងបរិការណ៍ដែលពិភពលោកទាំងមូលបាននិងកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩,ការរៀបចំវេទិកានេះគឺជាការក្រើនរំលឹកកុំឱ្យយើងទាំងអស់គ្នាបំភ្លេច ចោលនូវបញ្ហាថាមពល,អាកាសធាតុនិងបរិស្ថានដែលទាមទារឱ្យបន្តមានការយកចិត្តទុកដាក់ និង ការទទួលខុសត្រូវតាមរយៈការគិតគូរជាប់ជានិច្ចក្នុងការស្វែងរកដំណោះ ស្រាយសកលរួម ។ ក្នុងបរិការណ៍ដែលបណ្តាប្រទេសជាច្រើនបាននិងកំពុងគិតគូររៀបចំផែនការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ,ការរៀបចំវេទិកានេះនឹងបង្កើតជាកាលានុវត្ត ភាពដ៏ល្អមួយក្នុងការជំរុញសម្ទុះនៃការអភិវឌ្ឍថាមពលកាបូនទាបសំដៅដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និង បរិស្ថាន​ និងឈានទៅសម្រេចបាននូវគោលដៅអភិ វឌ្ឍន៍ប្រកបដោយចីរភាពនិងគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា៖ជាការពិត,បញ្ហាថាមពល, អាកាសធាតុនិងបរិស្ថានជាពិសេសការប្រែប្រួលអាកាសធាតុនៅតែជាបញ្ហាប្រឈមដ៏ចម្បងនិងក្ដៅគគុក សម្រាប់មនុស្សជាតិទាំងមូលដែលបន្តគំរាមកំហែងដល់សុខភាពមនុស្ស,សន្តិសុខស្បៀង,ហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចនិងប្រព័ន្ធអេកូឡូស៊ីជារួមជាពិសេសតាមរយៈ ការបង្កនូវគ្រោះធម្មជាតិដូចជាគ្រោះទឹកជំនន់និងភ្លើងឆេះព្រៃជាដើម ។

ការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់នៃ«ការធ្វើបដិវត្តថាមពលឱ្យបានលឿននិងប្រកបដោយ យុត្តិធម៌និងសមធម៌ដើម្បីផ្លាស់ប្តូរពីការផលិតនិងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូនច្រើនទៅក្នុងបរិយាកាសឆ្ពោះទៅការផលិតនិងប្រើប្រាស់ថាមពលស្អាត,អាចកកើត ឡើងវិញនិងមានប្រសិទ្ធភាពជាងមុន» ។ ជាមួយគ្នានេះ,ការអភិវឌ្ឍថាមពលកាបូនទាបដូចជាបច្ចេកវិទ្យាធ្យូងថ្មស្អាតការប្រើប្រាស់បច្ចេកវិទ្យាស្តុកទុកកាបូនការប្រើបច្ចេក វិទ្យាផលិតអ៊ីដ្រូហ្សែនពីធ្យូងថ្មជាដើមនឹងក្លាយជាវិធីសាស្ត្រដ៏ចាំបាច់ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុក្នុងទ្រង់ទ្រាយធំ ។


សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា៖ថ្វីត្បិតតែកម្ពុជាជាប្រទេសដែលមានកម្រិតនៃការអភិវឌ្ឍទាប,រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់និងកំណត់យកបញ្ហាថាមពល,អាកាសធាតុនិងបរិស្ថានជារបៀបវារៈគោលនយោបាយដ៏សំខាន់និងសម្រាប់រយៈពេលវែងក្រោមអភិក្រម“ជាបញ្ហារួមប៉ុន្តែការអនុវត្តផ្សេងៗគ្នាទៅតាមការទទួល ខុសត្រូវនិងសមត្ថភាពរៀងៗខ្លួន” ។

សម្តេចបន្តថាកាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០, កម្ពុជាបានដាក់ជូនលេខាធិការដ្ឋាននៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនូវរបាយការណ៍ បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិដោយបានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានប្រមាណ ៦៤,៦ លានតោនសមមូលឧស្ម័នកាបូនិក ត្រឹមឆ្នាំ ២០៣០ នៅក្នុងវិស័យព្រៃឈើ, ថាមពល, ឧស្សាហកម្ម, កសិកម្ម និងការគ្រប់គ្រងសំណល់ ។ បន្ថែមលើនេះ,កម្ពុជាក៏បាននិងកំពុងខិតខំរៀបចំយុទ្ធសាស្ត្ររយៈ ពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ដោយរំពឹងថានឹងចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១ នេះ ។ ការដោះស្រាយបញ្ហាថាមពល, អាកាសធាតុនិងបរិស្ថានគឺជាកិច្ចការ ដ៏លំបាកមួយ ដែលទាមទារឱ្យមានការចូលរួម ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។

ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសូមអំពាវនាវឱ្យមានការពង្រឹងកិច្ចសន្ទនានិងកិច្ចសហ-ប្រតិបត្តិការអន្តរជាតិរវាងគ្រប់ភាគីពាក់ព័ន្ធក្នុងគោល បំណងបង្កើតឱ្យបាននូវអនាគតបៃតងរួមគ្នាមួយប្រកបដោយចីរភាពដោយមិនទុកនរណាម្នាក់ចោលនោះឡើយ ។ សម្តេចក៏សូមអំពាវនាវផងដែរឱ្យមានការប្តេជ្ញាចិត្តផ្នែក នយោបាយក្នុងការចូលរួមឱ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់នៅតាមដំណាក់កាលនៃការអភិវឌ្ឍប្រទេសនីមួយៗរបស់ខ្លួនក្នុងការជំរុញកំណើនបៃតង,ការកាត់បន្ថយការបញ្ចេញកាបូននិងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវថាមពលនិរន្តរភាពក្នុងតម្លៃសមរម្យនិងមានការបញ្ចេញកាបូនទាប ។

ជាមួយគ្នានេះ,សម្តេចក៏បានសូមលើកទឹកចិត្តឱ្យមានការជួយគ្នាទៅវិញទៅមកប្រកបដោយស្មារតីសាមគ្គីភាពជាពិសេសតាមរយៈការផ្ទេរបច្ចេកវិទ្យានិងការផ្តល់ហិរញ្ញប្បទានជាពិសេសទៅដល់បណ្តាប្រទេសដែលមានធនធានទាប ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានធ្វើការបញ្ជាក់ទៀតថា៖កម្ពុជាក៏បានកត់សម្គាល់ដោយយកចិត្តទុកដាក់ផងដែរនូវគំនិតផ្តួចផ្តើមបង្កើតផែនការពាណិជ្ជកម្មទីផ្សារជួញដូរកាបូននៅក្នុងប្រទេសចិន ។ ប្រទេសកម្ពុជាទទួលបានជោគជ័យក្នុងការចូលរួមទីផ្សារកាបូនស្ម័គ្រចិត្តក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះហើយកម្ពុជាកំពុងរៀបចំការងារមួយ ចំនួនបន្ថែមទៀតនៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ។ កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទានប្រកបដោយចីរភាព ដ៏សំខាន់មួយសម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ហើយកម្ពុជាបើកចំហទទួលការចូលរួមនូវក្នុងភាពជាដៃគូជាមួយបណ្តាប្រទេសនិងវិស័យឯកជននានាដែលមានចំណាប់អារម្មណ៍ ៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម