Connect with us

ព័ត៌មានជាតិ

នាយក​ក្រុមហ៊ុន​បរទេសមួយ ចាញ់បោក​លោក​ផ្កាយ​បី​មួយរូប បាន​ប្តឹងទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជួយ​រក​យុត្តិធម៌

បានផុស

នៅ

ភ្នំពេញ ៖ នាយក​ក្រុមហ៊ុន​ធី​ដាប់​បេ​ល​យូ លី ស៊ីន ថេ​កណឡ​ជី (TW LI XIN TECHNOLOGY CO, LTD)​នា​រសៀល​ថ្ងៃទី​៣​សីហា​នេះ បានធ្វើ​សន្និសីទកាសែត​មួយ​រៀបរាប់​ពី លោកធំ​ខ្មែរ​មួយរូប​បាន​លក់​ដី​(​ដី​ខ្យល់​ឱ្យ​រូបលោក​)​ហើយ​បានទទួល​លុយ​កក់​២០% ស្មើនឹង​៦៦​ម៉ឺន​ដុល្លារ អស់​រយៈពេល​៤​ឆ្នាំ​ហើយ មិនឃើញ​ប្រគល់​ដី​មកឱ្យ​លោក លុយ​ក៏​មិន​សង ហើយ​លោក​បាន​ប្តឹងទៅ​តុលាការ ត្រូវបាន​តុលាការ​សម្រេច​តម្កល់​រឿង​ទុក​មិន​ចាត់ការ ហើយ​នៅពេលនេះ​តាមរយៈ​មេធាវី គាត់​បាន​ប្តឹងទៅ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ដើម្បី​ជួយ​រក​យុត្តិធម៌ ។

លោក​ជី កាន​យូ នាយក​ក្រុមហ៊ុន​ធី​ដាប់​បេ​ល​យូ លី ស៊ីន ថេ​កណឡ​ជី មាន​អាសយដ្ឋាន​នៅ​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​និយាយថា លោក​បានមក​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៧ ដើម្បី​មក​វិនិយោគ​នៅទីនេះ ហើយក៏​បាន​ជួប​លោក​ផល​,​លោក​ផល បាន​ណែនាំ​ឱ្យ​ជួប​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ុន ហួរ ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ​។ ​បន្ទាប់មក​លោក​ស៊ុន ហួរ បាន​នាំ​រូបលោក​ទៅ​ក្រុងព្រះសីហនុ ហើយ​ប្រាប់ថា «​គាត់​មាន​ដី​ជាង​មួយ​ហិកតា រួច​បង្ហាញ​ប្លង់​ថា គាត់​ចង់​លក់​តម្លៃ​៣​លាន​៣​សែន​ដុល្លារ​»​។​ លោក​ក៏បាន​សម្រេចចិត្ត​ទិញ​ដោយបាន​កក់​លុយ​លើកទីមួយ​ចំនួន​១០%​ស្មើនឹង​៣៣​ម៉ឺន​ដុល្លារ​។

​លោក​ជី កាន​យូ និយាយ​បន្តថា បន្ទាប់មក​លោក​ក៏បាន​រក​មេធាវី ដោយមាន​លោកមៀ​ច សំ​អ៊ា​ន់ ជា​មេធាវី​តំណាង​ដោយ​អាណត្តិ ដើម្បី​ធ្វើ​កិច្ចសន្យា​ទិញ​ដី​នោះ​។​ក្រោយពេល​លោក​មេធាវី ចុះសាកសួរ​រួច​ក៏បាន​បញ្ជាក់ប្រាប់​លោក​វិញ​ថា «​ដី​នេះ​មិនអាច​ទិញ​បានទេ ព្រោះ​ដី​នោះ​មិនមែនជា​ដី​របស់លោក​ស៊ុន ហួរ​ទេ ម្ចាស់​ដី​ឈ្មោះ​ផ្សេង​»​។​ពេលនោះ​លោក​មានចិត្ត​ភ័យខ្លាច ថា​រូបលោក​ត្រូវបាន​គេ​បោកប្រាស ហើយ​លោក​ក៏បាន​ទៅ​ជួប​លោក​ស៊ុន ហួរ រួច​ប្រាប់ថា «​ខ្ញុំ​ឈប់​ទិញ​ដី​នោះ​ហើយ​»​។​តែ​លោក​ស៊ុន ហួរ​ប្រាប់ថា «​គាត់​អត់​មាន​លុយ​ទេ ព្រោះ​យកលុយ​ទៅ​ដោះស្រាយ​ដី​នោះ​អស់ហើយ ក្នុង​រយៈពេល​មួយឆ្នាំ​គាត់​នឹង​ដោះស្រាយ​យក​ដី​នោះបាន សូមកុំ​បារម្ភ​ទៀត​!»​។

​លោក​ជី កាន​យូ និយាយ​បន្តថា ដោយ​លោក​គិតថា មិនអាច​យកលុយ​នោះបាន លោក​ក៏​សម្រេចចិត្ត​ជឿ​លើ​គាត់​ម្តងទៀត ព្រោះ​គាត់​ពាក់​ផ្កាយ​៣​នៅ​ក្រសួងមហាផ្ទៃ ហើយក៏​បានក​ក់លុយ​ថែម​១០%​ទៀត​សរុប​២០%​ស្មើនឹង​៦៦​ម៉ឺន​ដុល្លារ ដោយ​គាត់​បាន​សន្យាថា «​នឹង​យក​ដី​នេះ​មកឱ្យ​គាត់ កាត់​ប្លង់​ដាក់ឈ្មោះ​លោក​តែម្តង​»​។​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​លោក​ស៊ុន ហួរ នៅតែ​មិន​អាចយ​កដី​នេះ​មកឱ្យ​រូបលោក​បាន ហើយ​លោក​ក៏​បានឱ្យ​មេធាវី​ប្តឹងទៅ​តុលាការ​ចោទ​ពីបទ «​ឆបោក​» ។ តែ​ពេលនេះ​តុលាការ​បាន​ជូនដំណឹង​នា​ថ្ងៃទី​២​សីហា​ឆ្នាំ ២០២១​មក​ថា « តុលាការ​សម្រេច​តម្កល់​រឿង​ទុក​មិន​ចាត់ការ »​ដែល​ធ្វើឱ្យ​លោក​បាត់​បង់លុយ​យ៉ាងច្រើន​។

លោកនាយក​ក្រុមហ៊ុន បាន​បន្តថា នៅពេល​ចុង​ក្រោយនេះ រូបលោក​ឮថា ឯកឧត្តម​កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា ដែល​ស្រឡាញ់​សច្ចធម៌ អាច​នឹង​រក​យុត្តិធម៌​ជូន​លោក​បាន ហើយ​លោក​បានឱ្យ​មេធាវី រៀបចំ​បែបបទ​ដើម្បី​ដាក់ពាក្យ​បណ្តឹង​ទៅជូន​ឯកឧត្តម​រដ្ឋមន្ត្រី​មេត្តាជួយ​រក​យុត្តិធម៌​រួចហើយ ។ លោក​សង្ឃឹមថា ឯកឧត្តម​រដ្ឋមន្ត្រី​នឹង​ជួយ​រូបលោក ដែលជា​អ្នកវិនិយោគ​មកពី​បរទេស រួមចំណែក​ជួយ​សេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ល្ងាច​ថ្ងៃ​ដដែល​នេះ គេហទំព័រកម្ពុជាថ្មី បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ុន ហួរ ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ ជុំវិញ​កា​លើកឡើង​របស់ លោក​ជី កាន​យូ លោកនាយក​ក្រុមហ៊ុន​ធី​ដាប់​បេ​ល​យូ លី ស៊ីន ថេ​កណឡ​ជី រឿង​ទិញ​-​លក់​ដីធ្លី​ខាងលើនេះ ប៉ុន្តែ​មិនអាច​ទំនាក់ទំនង​បានឡើយ។

​យោងតាម​ឯកសារ​ដែល​បាន​ចែកចាយ​នៅក្នុង​សន្និសីទកាសែត បាន​បញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ុន ហួរ ត្រូវបាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ លេខ នស​/​រកត​/០៥២០/៥៥៦ ចុះ​ថ្ងៃទី​២៩​ឧសភា​ឆ្នាំ​២០២០ បានបញ្ចប់ និង តែងតាំង ផ្តល់​ឋានៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ុន ហួរ អត្តលេខ ៧៨១១១ ពី​អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម​ក្រសួងមហាផ្ទៃ មកជា​«​ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​មាន​ឋានៈ​ស្មើ អគ្គនាយក​»។

​យោងតាម​កិច្ចសន្យា​ទិញ​-​លក់​ដី បាន​បញ្ជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ុន ហួរ កើត​នៅ​ឆ្នាំ​១៩៦៩ មាន​ទីលំនៅ​ផ្ទះ​លេខ​៤២៥​អឺ​០ ផ្លូវ​លេខ​១៩៨ ក្រុម​១៧ ភូមិ​៤ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដែលមាន​លោក​មេធាវី​មៀ​ច សំ​អ៊ា​ន់ ចុះហត្ថលេខា​បញ្ជា​ក់លើ​កិច្ចសន្យា​ចុះ​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៨​ទៀតផង ៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម