Connect with us

ព័ត៌មានជាតិ

ឪពុក​ម្តាយ​សិស្ស​៖ រៀន​​អនឡាញ​ មិន​ចេះ​ដូច​នៅ​ក្នុង​ថ្នាក់​ទេ និង​ត្រៀម​ជាស្រេច​បញ្ជូន​កូន​ទៅ​សាលា

បានផុស

នៅ

អាជ្ញាធររាជធានី ខេត្ត កំពុងវាយតម្លៃស្ថានភាពជាក់ស្ដែង និងកំណត់​ទីតាំង​តំបន់បើក​ដំណើរ ការ​សាលា​រៀន​ឡើងវិញ បន្ទាប់ពីប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា សម្ដេច តេជោ ហ៊ុន សែន ស្នើឱ្យមានការពិភាក្សាបើកសាលារៀន នៅទីតាំងដែលពុំមានហានិភ័យ នៃការ​ឆ្លង​ជំងឺ​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅតាមបណ្ដាខេត្តមួយចំនួន បានត្រៀមខ្លួនរួចរាល់ហើយ ចំពោះកន្លែងដែលត្រូវបើក​សាលា​ឡើង​វិញ ខណៈរាជធានីភ្នំពេញ កំពុងដំណើរការចុះវាយតម្លៃ ហើយនឹងដឹងលទ្ធផល​ពីតំបន់ណាខ្លះ​ដែល​នឹងត្រូវអនុញ្ញាត​ឱ្យ​បើកឡើងវិញឆាប់ៗនេះ។

លោក ឆុន ឈឿង មានកូនរៀនថ្នាក់អនុវិទ្យាល័យ និងបឋម ត្រេកអរចំពោះការសម្រេច​របស់​ក្រសួង​ឱ្យបើកសាលារៀនឡើងវិញ ព្រោះរូបលោកក៏ចង់ឱ្យកូនបានចូលសាលាដែរ ដោយសារ​តែ​កូន​របស់​លោក ខកខានរៀនជាច្រើនខែ។

លោកថា ការដែលរៀនអនឡាញ នៅផ្ទះ មិនចេះដូចរៀនផ្ទាល់នៅសាលានោះទេ ខណៈដែលឮ​ដំណឹងបើកឡើងវិញបែបនេះ គឺលោកត្រៀមខ្លួនរួចជាស្រេចបញ្ជូនកូនទៅ​សាលារៀនឱ្យ​បានរៀន​សូត្រ។

ដោយឡែក លោក សឿន ធន មានកូន ២ នាក់ រៀនថ្នាក់បឋម ក៏ត្រៀមតែនឹងបញ្ជូនកូន​ទៅសាលា​រៀនវិញដែរ ដោយសារតែកូនលោកខកខានរៀនច្រើនខែមកហើយ។ ហើយថា ពេលកូនលោកមិន​បាន​ទៅសាលារៀន គឺរៀននៅផ្ទះលក្ខណៈគ្រួសារ ដែលទទួលបានចំណេះដឹង មិនដិតដល់​ដូចទៅ​សា​លារៀន។

លោក អ៊ុត ម៉ៅ មានកូនស្រីរៀនថ្នាក់ អនុវិទ្យាល័យ បានឱ្យដឹងថា ពេលដែល​កូន​របស់​លោក មិន​បាន​ទៅសាលារៀន ចំណេះដឹងហាក់មានការធ្លាក់ចុះ ហើយខុសគ្នាបើប្រៀបធៀបអំឡុង​ពេល​រៀន​នៅសាលាសដោយផ្ទាល់ជាមួយគ្រូ​។

លោកក៏ត្រេកអរដែរ ដែល​សា​លា​រៀនបានបើកឡើងវិញ ឆាប់នឹងបានបញ្ជូនកូនឱ្យចូលសាលាវិញ ដោយ​អនុវត្តតាមវិធានការ​ការពារខ្លួនពីជំងឺផង និងរៀន​ផង។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣១ ខែសីហា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយ​អភិ​បាលរាជធានី-ខេត្តនានា ដើម្បីកំណត់អំពីការ បើកដំណើរការសាលារៀន នៅតាមទីតាំងមួយចំនួន ដែលពុំមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។  

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅក្នុងទូទាំងប្រទេសកម្ពុជា ជំងឺកូវីដ-១៩ បានឆ្លងដោយ​ដាច់ដោយដុំ ហើយ​ប្រមូលផ្ដុំនៅតាមទីក្រុង និងទីប្រជុំជនភាគច្រើន។ ចំណែកឯតំបន់ជនបទ គឺហាក់ដូចជាបានកើតឡើង តិចតួច​ណាស់ ហើយខេត្តខ្លះ ស្ទើរតែពុំមានទៀតផង តែសាលារៀនទាំងនោះ យើងក៏បានផ្អាកដំណើរការផងដែរ។

ត្រង់​ចំណុច​នេះ សម្ដេចស្នើឱ្យរដ្ឋមន្ត្រីក្រសួង​អប់រំ ពិភាក្សាជាមួយបណ្ដារាជធានី-ខេត្តនានា ដើម្បីកំណត់​បើកដំណើរការសាលារៀន នៅ​តាមទីតាំងមួយចំនួន ដែលពុំមានការឆ្លងជំងឺកូវីដ-១៩ កើតឡើង។

សម្រាប់រាជធានីភ្នំពេញ ការបើកដំណើរការ គ្រឹះស្ថានអប់រំឡើងវិញ កំពុងស្ថិតនៅក្នុងដំណាក់​កាលត្រួតពិនិត្យ និងវាយតម្លៃ ដោយកំណត់បែងចែកភូមិសាស្ត្រជា៣ គឺភូមិសាស្ត្រដែលមាន​ហានិ​ភ័យ​ខ្ពស់ ភូមិសាស្ត្រដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងរាលដាលជំងឺកូវីដ-១៩។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក ហែម ស៊ី ណារ៉េតបានអះអាងថា ក្នុងសប្ដាហ៍នេះ អាចនឹងដឹងថា តំបន់ណាខ្លះ ក្នុងរាជធានីភ្នំពេញ អាចបើកដំណើរការសាលារៀនឡើងវិញ ខណៈតាមបណ្ដាខេត្តនានា ក៏កំពុងមាញឹកចុះវាយតម្លៃតាមតំបន់ជាក់ស្ដែង ហើយក៏មានខេត្តខ្លួះបានត្រៀមខ្លួនបើករួចរាល់ហើយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម