Connect with us

ព័ត៌មានជាតិ

ឯកអគ្គរាជទូត​កម្ពុ​ជា ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ ជួយ​ព្យាបាល និង​ចាក់​វ៉ាក់សាំង​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ទាន់ពេល

បានផុស

នៅ

ការ​ស្នើ​របស់​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អភិបាលខេត្ត​ខេត្ត​រ៉ៈ​យ៉ង ខណៈ​លោក​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​ចែកជូន​បងប្អូន​ពលករ​ខ្មែរ​ចំនួន​៨០ គ្រួសារ ដែល​ជួប​ការ​លំបាក​ខ្លាំង ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​នា​រសៀល​នេះ​ថា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ និង​ក្រុមការងារ​ស្ថានទូត នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២១ នេះ បាន​សួរសុខទុក្ខ និង​យក​អំណោយ ចុះ​ចែក​ដល់​បងប្អូន​ពលករ​ខ្មែរ​ចំនួន ៨០​គ្រួសារ ដែល​ជួប​ការ​លំបាក​ខ្លាំង​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ នៅ​ឃុំ​ថា​ង​ក្វៀ​ន ស្រុក​ក្លែង ខេត្ត​រ៉ៈ​យ៉ង ដែល​ឱកាស​នោះ ក៏មាន​ការចូលរួម​ពី​អភិបាលខេត្ត​រ៉ៈ​យ៉ង មន្ទីរ​ការងារ មន្ទីរ​អន្តោប្រវេសន៍ លោក​អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក ក្រុម​ប្រឹក្សាឃុំ និង​អាជ្ញាធរ​ពាក់ព័ន្ធ របស់​ថៃ​ផងដែរ​។

បើ​តាម​លោក កុយ គួ​ង នៅក្នុង​ឧកាស​នោះ ក្រោយពី​សំណេះសំណាល និង​ចែក​អំណោយ ឯកអគ្គរាជទូត​បាន​ជួប​ប្រជុំ​ការងារ​ជាមួយ​លោក​អភិបាលខេត្ត ដែល​ក្នុង​នោះ​លោក​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ថៃ និង​ស្នើ​ឲ្យ​លោក​អភិបាលខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ បន្ត​ជួយ​មើលថែ ធ្វើតេស្ត ព្យាបាល និង​ចាក់​វ៉ាក់សាំង​ដល់​បងប្អូន​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ទាន់​ពេល​វេលា​។

​ជា​ការ​ឆ្លើយតប លោក​អភិបាលខេត្ត​រ៉ៈ​យ៉ង បាន​បញ្ជាក់ថា នៅ​ខេត្ត​រ៉ៈ​យ៉ង មាន​ពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ និង​ធ្វើការ​ច្រើន​ម៉ឺន​នាក់ ហើយ​ក្នុងនោះ លោក​អភិបាលខេត្ត​បាន​ជម្រាប​បន្ថែម​អំពី​វិធានការ​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ របស់​ខេត្ត​រ៉ៈ​យ៉ង​ថា ប្រសិនបើ​មាន​ពលករ​កម្ពុជា​កំពុង​បម្រើ​ការងារ​ឆ្លង​កូ​វីដ នៅក្នុង​រោងចក្រ សហគ្រាស ត្រូវ​ទទួល​ការព្យាបាល​ត្រឹមត្រូវ​។

លោក​អះអាង​ថា បើ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ គឺ​យក​ទៅ​រក្សា​ព្យាបាល​នៅក្នុង​រោងចក្រ​តែម្តង ហើយ​នៅពេល​ជាសះស្បើយ គឺ​ត្រឡប់​ទៅ​ធ្វើ​ការ​ដូចដើម និង​ទទួល​ការចាក់​វ៉ាក់សាំង ចំណែក​អ្នក​អវិជ្ជមាន​ធ្វើការ​ធម្មតា នេះ​បើ​តាម​គំនិត​ផ្តួចផ្តើម​ថ្មី “Bubble & Seal Procedure” ។ ជាមួយគ្នា​នោះ លោក​បាន​ផ្តែផ្តាំ​ពលករ​ខ្មែរ​កុំ​ឲ្យ​ភ័យខ្លាច កុំ​រត់គេចខ្លួន ហើយ​គំនិត​ផ្តួចផ្តើម​(Bubble & Seal Procedure) នេះ បានទទួល​ការគាំទ្រ​ពី​ម្ចាស់​រោងចក្រ សហគ្រាស យ៉ាង​ពេញទំហឹង​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២១ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ ក៏បាន​អន្តរាគមន៍​សម្របសម្រួល​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​២៣​នាក់ ដែល​មកពី​តំបន់​នានា ក្នុង​ប្រទេស​ថៃ ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​លឹក​-​ប៉ោយប៉ែត ដោយ​ប្រគល់ជូន​អាជ្ញាធរ​កម្ពុជា ដើម្បី​ដំណើរការ​តាម​នីតិវិធី​សុខាភិបាល​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម