Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច ទាត់ចោល ការផ្សាយរបស់ VOD ថា សមត្ថកិច្ចគំរាមចាប់ខ្លួន អ្នកការពារបរិស្ថានពីរនាក់

បានផុស

នៅ

មន្ត្រីនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបដិសេធចោលទាំងស្រុង ចំពោះការចុះផ្សាយដោយគ្មា​ន​ការពិត របស់សារព័ត៌មានមួយ ដែលថាសមត្ថកិច្ច និងអាជ្ញាធរ បានចុះទៅគំរាមកំហែងបងប្អូនភ្លោះ ២នាក់ឈ្មោះជុំ ហួរ និងជុំ ហួត ដែ​លអះអាងថា ជាសកម្មជនការពារធនធានធម្មជាតិ និងសិទ្ធិមនុស្សដល់បន្ទប់ជួល។ ការចេញមុខបដិសេធនេះ បន្ទាប់ពីសារព័ត៌មាន VOD នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានចុះផ្សាយអត្ថបទ ដែល​មាន​ចំ​ណងជើងថា «អាជ្ញាធរ​គំរាម​ចាប់​ខ្លួន ​អ្នក​ការពារ​បរិស្ថាន ​និង​សិទ្ធិ​មនុស្ស​ ២​នាក់​ ដល់​បន្ទប់​ជួល​របស់​ពួកគេ​»។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជ ធានី​ភ្នំពេ​ញ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី៨ ខែកញ្ញានេះថា ការចុះផ្សាយនេះ គឺជាការផ្សព្វ​ផ្សា​យ​​ព័ត៌មានមិនពិតទាំងស្រុង ដែលនាំឲ្យប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូទៅ មានការយល់ច្រឡំ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាល នៃ​កា​រិ​យា​​​ល័យ​ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ មូលដ្ឋាន ក្នុង​សង្កាត់បឹងទំពុនទី១ ចុះធ្វើរដ្ឋបាល ដោយសារមានករណីជនសង្ស័យឆក់ រត់ចូលទៅក្នុងតំបន់នោះ។ ស្របពេល ដែលសមត្ថកិច្ច ចុះធ្វើរដ្ឋបាល ដើម្បីស្វែងរកជនសង្ស័យនោះ គឺមានយុវជន២នាក់ បាន យកទូរស័ព្ទថត ដោយគ្មាន​ការ​អនុញ្ញាត ហើយសមត្ថកិច្ច ក៏បានឲ្យលុបចោលវិញ ព្រោះនគរបាលកំពុងអនុវត្តសកម្មភាព ស្វែងរកជនសង្ស័យ ក្នុងអំពើឆក់។

អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានី​ភ្នំពេ​ញ បានបញ្ជាក់ថា សមត្ថកិច្ច បានអប់រំណែនាំពួកគេ ហើយមិនបានឃាត់ខ្លួន ឬដាក់ទោសទណ្ឌអ្វីឡើយ គ្រាន់តែឲ្យលុបចោលនូវរូបភាព ដែលសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ ចុះធ្វើរដ្ឋបាល ដោយសារមានករណីជនសង្ស័យឆក់ រត់ចូលទៅក្នុងតំបន់នោះប៉ុណ្ណោះ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរ​បាលរាជធានីភ្នំពេញ នឹងចេញសេចក្ដីបំភ្លឺផងដែរ ពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូទៅ មានការយល់ច្រឡំ មកលើសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ​ ដែលបានចុះធ្វើកិច្ចការងារ ដើម្បីសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក សាន សុខសីហា ក្នុងនាមសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ​ បានអំពាវនាវដល់គ្រប់សារព័ត៌មានជាតិ​-អន្តរជាតិ​ និងសាធារណ:ជនទាំងអស់​ មុននឹងធ្វើការផ្សព្វផ្សាយព័ត៌មាន សូមធ្វើការស្រាវជ្រាវ ឲ្យបានគ្រប់ជ្រុងជ្រោយ​ ដោយកុំធ្វើការសន្និដ្ឋានដោយអត្តនោម័ត​ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ​ និងធ្វើឲ្យមានការវាយតម្លៃអវិជ្ជមាន ចំពោះកិច្ចប្រតិបត្តិការ របស់សមត្ថកិច្ច​ ដែលអំពើនេះ គួរតែ ត្រូវបានបញ្ឈប់ជាបន្ទាន់​៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម