Connect with us

ព័ត៌មានជាតិ

បុណ្យភ្ជុំឆ្នាំនេះ ក្រសួងណែនាំឱ្យពលរដ្ឋជួបជុំគ្នាតាមអនឡាញ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ បានធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅលេង​សាច់ញាតិ​នៅតាម​ស្រុកកំណើត​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នា​ពេលខាងមុខ​ សូម​ជ្រើសរើស​ជួបជុំគ្នា​តាម​ប្រព័ន្ធ​អន​ឡាញ​ជំនួស​ឱ្យ​ការ​ជួប​ជុំ​ផ្ទាល់​ ដើម្បី​ចូលរួម​កាត់បន្ថយ​ការចម្លង​មេរោគ​កូ​វីដ​១៩​។​

តាមរយៈ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល​ចុះ​នៅ​យប់​ថ្ងៃទី​០៨​ ខែកញ្ញា ​លោករដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​សូម​ជ្រើសរើស​នូវ​ការជួបជុំ​គ្រួសារ​តែ​នៅក្នុង​ខ្នង​ផ្ទះឬ​គេហដ្ឋាន​តែមួយ​បាន​ហើយ ដោយ​មិនត្រូវ​អញ្ជើញសាច់ញាតិ​ដែលមាន​គេហដ្ឋាន​ផ្សេង ឬ​មិត្តភ័ក្ដិ​ជិតស្និទមកជួប​ជុំគ្នា​ដើម្បី​លេងល្បែង​ស៊ីសង ច្រៀង​រាំ ឬ​ការជួប​ជុំគ្នាពិសារ​អាហារ និង​សេព​គ្រឿង​ស្រវឹងដែលជា​កត្តា​ហានិភ័យ​ខ្ពស់​ក្នុង​ការចម្លង​វីរុស​កូ​វីដ​-១៩​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា​«​សូម​ជ្រើសរើស​ការជួបជុំ​តាម​ប្រព័ន្ធ​អន​ឡាញដែល​អាច​ជជែក​គ្នា មើលមុខ​គ្នា ពិភាក្សាគ្នាជា​ជំនួស​ឱ្យ​ការជួបជុំ​ផ្ទាល់​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការចម្លង​វីរុស​កូ​វីដ​-១៩ »​។​

លើសពីនេះ​ទៀត លោករដ្ឋមន្ត្រី​បាន​បន្តថា​ មិនត្រូវ​ធ្វើដំណើរ​កម្សាន្ត​ដែល​មិនចាំបាច់ និង​សូម​ជ្រើស​រើស​ការធ្វើដំណើរ​ទៅកាន់​ទី​វត្ត​អារាម​ដែលមាន​សុវត្ថិភាព​ហើយ​រាល់​ការ​វិល​ត្រលប់​ទៅ​ជួបជុំ​ឪពុក​ម្ដាយ​ជីដូន​ជីតា​នៅ​ស្រុកកំណើត សូម​ប្រកាន់យក​នូវ​មធ្យោបាយ​ធ្វើដំណើរ​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​បើ​អាច​។​

ចំណែក​អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការចម្លង​ជំងឺ ដូចជា​ជន​ចាស់ជរា ជន​ដែលមាន​ជំងឺ​ប្រចាំ​កាយ ស្ត្រី​មាន​ផ្ទៃពោះ និងកុមារ​តូចៗ​ជាដើម មិនគួរ​ចូលរួម​ដំណើរជួបជុំគ្នា​ដើរ​កម្សាន្ត​បើ​មិនមាន​ការចាំបាច់​បំផុត​នោះ​ទេ។​

លោករដ្ឋមន្ត្រី​បាន​អំពាវនាវ និង​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​បន្ត​អនុវត្ត​ការការពារ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវវិធានការ ៣​ការពាររួមមាន​ពាក់​ម៉ាស់ លាងដៃ​ឱ្យ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង​និង​៣​កុំ រួមមាន​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល កុំ​ប៉ះ​ពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា​។​

ចំណែក​គ្រប់​វត្ត​អារាម​ត្រូវ​រៀបចំ​ឱ្យមាន​កន្លែង​លាងដៃ​នៅ​ច្រកចេញ​-​ចូលវាស់​កម្ដៅ និង​បាញ់​ទឹក​អាល់កុល​លាងដៃ​ឬ​ទឹក​ដែល​លាងដៃសម្រាប់​រាល់​ពុទ្ធបរិស័ទ​ទាំងអស់​ពុំ​ឱ្យ​មានការ​ធ្វេស​ប្រ​ហែស នៅ ច្រកចេញ​-ចូល​ក្លោងទ្វារ​នីមួយៗ​។ រីឯ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ដូនជី តាជី និង​ពុទ្ធបរិស័ទ​ទាំងអស់​

ត្រូវ​ពាក់​ម៉ាស់​គ្រប់ៗ​គ្នា នៅពេល​ចូលក្នុង​ទី​វត្ត​អា​រ៉ា​ម ពេល​អង្គុយឬ​ឈរ​រង់ចាំ​ការ​ប្រគេន​ចង្ហាន់ និង​ទ័យ​ទាន​នានា ជាពិសេស​នៅពេល​សូត្រធម៌ ពេល​បង្សុកូល​និង​ត្រូវ​រក្សា​តម្លា​ត​សុវត្ថិភាព​បុគ្គល​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ​គ្រប់ពេល​ដែល​ពុទ្ធបរិស័ទ ចូលក្នុង​ទីវ​ត្ត​អា​រាម វិហារ សាលាឆាន់ និង​កុដិ​នីមួយៗ​។​

គួរ​បញ្ជាក់ថា ​ឆ្នាំនេះ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២ ខែកញ្ញា ដល់​ថ្ងៃ​០៧ ខែតុលា ឆ្នាំ​២០២១​ខាងមុខនេះ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម