Connect with us

ព័ត៌មានជាតិ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​៖ អនុព័ន្ធយោធា​រុស្ស៊ី​ពិតជា​ពិតជា​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ

បានផុស

នៅ

​ការ​លើកឡើង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បានធ្វើ​ឡើងខណៈ​លោក​បាន​អនុញ្ញាត​ឲ្យ​អនុព័ន្ធយោធា នៃ​សហព័ន្ធរុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា ដែល​បញ្ចប់​អាណត្តិ និង​អនុព័ន្ធយោធា​ថ្មី ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួប​នេះ Ivan Stadchenko បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែល​តែង​បាន​ជួយ​គាំទ្រ និង​បង្កលក្ខណៈ​ដល់​ការបំពេញ​បេសកកម្ម​កា​រទូ​ត​យោធា​របស់​លោក​ទទួល​បាន​ជោគជ័យ ជាពិសេស​ការ​សម្របសម្រួល​ផ្តល់​លទ្ធភាព​លើ​កិច្ចសហការ​នានា​ជាមួយ​បណ្តា​ស្ថាប័ន​-​កងឯកភាព ចំណុះ​កងទ័ពជើងគោក​។ ទន្ទឹម​គ្នា​នេះ លោក​ក៏បាន​សម្តែង​នូវ​ការគោរព​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាននឹងកំពុង​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ យ៉ាង​មាន​ប្រសិទ្ធភាព​ស្រប​ទៅ​តាម​ដំណាក់កាល​វិ​វត្ត នៃ​សភាពការណ៍ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួមចំណែក​រប​ស់​កងទ័ពជើងគោក​នៅ​ក្នុង​កិច្ចការ​ដ៏​មាន​សារៈសំខាន់​ចាំបាច់​ចំពោះមុខ​នេះ​។

​ជា​ការ​ឆ្លើយតប​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​វរ​នា​វី​ឯក Ivan Stadchenko ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​ប្រកបដោយ​ជោគជ័យ​ក្នុង​អាណត្តិ​ការងារ​កន្លងមក ដោយ​សម្រេចបាន​លទ្ធផល​ល្អ​ប្រសើរ​គួរ​ជាទី​មោទនៈ និង​ពិតជា​បាន​ចូល​រួម​ចំណែក​យ៉ាងសំខាន់​ដល់​ការ​រឹតចំណង​មិត្តភាព និង​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ជាពិសេស​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​យោធា និង​យោធា​។

លោក​ក៏បាន​យក​ឱកាស​នេះ​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ប្រទេស​រុស្ស៊ី ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការកសាង​ស្តា និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ទស្សវត្សរ៍​ឆ្នាំ​១៩៨០ ជាពិសេស​ជំនួយ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ទាំង​ក្នុង​ស្ថាប័ន​ស៊ីវិល និង​យោធា ហើយ​ដែល​ជំនួយ​ក្នុង​វិស័យនេះ ក៏បាន​បន្ត​មកដល់​ស​ព្វ​ថ្ងៃនេះ​ផងដែរ​។

​ចំណែក​លោក​វរ​នា​វី​ឯក Vitaly Luchshev អនុព័ន្ធយោធា នៃ​សហព័ន្ធរុស្ស៊ី​ថ្មី​ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​នូវ​ការរីករាយ ដែល​បានទទួល​ការតែងតាំង​ឱ្យមក​បំពេញការងារ​នៅ​កម្ពុជា និង​បាន​ជម្រាបជូន​ថា ជាមួយនឹង​បទពិសោធន៍ ដែល​លោក​មាន​ជាច្រើន​ឆ្នាំ​នៅក្នុង​តំបន់​អាស៊ាន លោក​នឹង​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​បន្ត​អនុវត្ត​ទិសដៅ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។

ជា​ចុងក្រោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ផ្តាំផ្ញើ​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ​លោក Vladimir Putin ប្រធានាធិបតី​នៃ​សហព័ន្ធរុស្ស៊ី ដែល​កាលពី​ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅ ដែល​បាន​ផ្តល់នូវ​គ្រឿង​ឥស្សរិយយស “​ថ្នាក់​មិត្តភាព​-Order of Friendship” ជូន​ចំពោះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​អគ្គ​មគ្គុទេសក៍​ដ៏​ឆ្នើម​ក្នុងការ​ជំរុញ និង​ពូន​ជ្រុំ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស និង​ប្រជាជន​នៃ​ប្រទេស​តាំងពី​អតីតកាល រហូតមកដល់​បច្ចុប្បន្ន​។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អនុញ្ញាត​ឲ្យ​លោក​វរ​នា​វី​ឯក Ivan Stadchenko អនុព័ន្ធយោធា នៃ​សហព័ន្ធរុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា ជួប​សម្តែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល​លោក​ត្រូវ​បញ្ចប់​បេសកកម្ម​ការងារ និង​អមដោយ​វត្តមាន​របស់លោក​វរ​នា​វី​ឯក Vitaly Luchshev អនុព័ន្ធយោធា នៃ​សហព័ន្ធរុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា ដែល​ទទួល​ការតែងតាំង​ថ្មី ដើម្បី​ណែនាំ​ខ្លួន និង​ពិភាក្សា​ការងារ ដែល​ជំនួប​នេះ បានធ្វើ​ឡើង​នៅ​ទីបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម