Connect with us

ព័ត៌មានជាតិ

ស្វែងយល់​ ពិធី​ខួប​កំណើត​បែប​ខ្មែរ​បុរាណ​​ មាន ៦ ដំណាក់​កាល ១២ ឆ្នាំ​ទើបរៀបចំ​ម្តង

បានផុស

នៅ

ខេត្តបាត់ដំបង÷ មានពលរដ្ឋនិងមហាជន​លើក​ឡើងជាចម្ងល់ បច្ចុប្បន្នហេតុអ្វីបានមិនប្រារព្វខួបកំណើតឱ្យកូនចៅតាមបែបទំនៀមទម្លាប់ខ្មែរបុរាណ​?

បើតាមក្បួនខ្នាតដែលមានសេសសល់ពីបុរាណ ពិធីខួបកំណើតខ្មែរគេធ្វើឡើងដោយមិនប្រកាន់ក្មេងចាស់ប្រុសស្រីព្រះសង្ឃ និងព្រះរាជានោះទេគឺគ្រាន់តែការហៅខុសគ្នា និងពេលវេលានៃការប្រារព្ធធ្វើតែប៉ុណ្ណោះ។ ពិធី​សម្រាប់ព្រះមហាក្សត្រនិងព្រះសង្ឃ គេហៅថាពិធីចម្រើនព្រះជន្ម តែសម្រាប់មនុស្សសាមញ្ញវិញគេហៅថាចម្រើនអាយុឬខួបកំណើតដូចបែបលោកខាងលិចដែរ គ្រាន់តែខុសគ្នារបៀបរៀបចំប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសម័យបុរាណពិធីនេះគេច្រើនប្រារព្ធធ្វើរវាង១២ឆ្នាំម្ដង គឺកំណត់យកតាមថ្ងៃខែឆ្នាំរបស់ម្ចាស់ពិធីតាមប្រតិទិនចន្ទគតិ​(ប្រតិទិនពុទ្ធសាសនា)​ រហូតមកដល់សម័យក្រោយគេក៏ឃើញមានការផ្លាស់ប្ដូរពីធ្វើរវាង១២ឆ្នាំម្ដងមកនៅត្រឹមប្រារព្ធធ្វើមួយឆ្នាំម្ដងវិញទៅតាមធនធានរបស់អ្នកដែលចង់ធ្វើ។

លោកគឹម សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបងបានឲ្យ​ដឹង​ថា ពិធីខួបកំណើតបែបប្រពៃណីខ្មែរ គេច្រើនធ្វើទៅលើមនុស្សវ័យចំណាស់ តាម​បែបទំនៀមទម្លាប់បុរាណ។

ចាប់ផ្ដើមពិធីទី១ ដោយការនិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះចង្រៃទាំងឡាយ ឲ្យចៀសចាកឆ្ងាយនិងនាំចូលមកវិញនូវសិរីសួស្ដីជ័យមង្គលអាយុយឺនយូរ និងកើតមានលាភសំណាងទាំងពួងដល់ម្ចាស់ពិធីនិងក្រុមគ្រួសារឡើងវិញ។

បន្ទាប់មកពិធីទី២ គឺពិធីសំពះម្ដាយដើមដែលសាមីពិធី ត្រូវសំពះនៅចំពោះមុខទៀនមួយគូ ហើយនៅក្នុង​ទៀននីមួយៗ ត្រូវតែមានសរសៃអំបោះចំនួន១២សរសៃ សម្រាប់ជាតំណាងឲ្យគុណម្ដាយទាំង១២របស់មនុស្ស។ ចំណែកពិធីទី៣គឺជាពិធីបង្វិលពពិល ហើយការបង្វិលពពិលក៏មានច្រើនបែបដូចជា បង្វិលពពិល​៣​ ជុំមានន័យថា មនុស្សយើងចូលមកចាប់បដិសន្ធិក្នុងផ្ទៃមាតា ត្រូវដើរក្រឡឹងចំនួន៣ជុំសិន និងបង្វិល​៥​ជុំ​គឺ​តំណាង​ឲ្យគុណព្រះពុទ្ធទាំង៥អង្គ (ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណមាតានិងបិតា) ដោយក្នុងការបង្វិលពពិល​នោះ គេមិនអនុញ្ញាតឲ្យបុរសចូលរួមបង្វិលទេ គឺមានតែស្ត្រីប៉ុណ្ណោះដែលអាចចូលអង្គុយបង្វិលបានទើបមានសេរីល្អ។ ចូលដល់ពិធីទី៤ គឺពិធីចងដៃ ឬចងព្រលឹងគឺគេយកអំបោះមកចងដៃ ដែលក្នុងអំបោះមួយខ្សែមានសរសៃអំបោះចំនួន១២ ដោយមានវេញបញ្ចូលគ្នាជាតំណាងឲ្យគុណម្ដាយទាំង១២ និងនៅចុងបញ្ចប់​​​គឺ​ពិធីស្រោចទឹកកម្ចាត់គ្រោះកាចចង្រៃជាកិច្ចបញ្ចប់នៃពិធីបុណ្យខួបកំណើត។

លោកបញ្ជាក់ថា មានពិធីខួបកំណើតបែបបុរាណខ្មែរខ្លះ បានប្រព្រឹត្តធ្វើរហូតដល់ទៅ៦ពិធី គឺមានពិធីសែនក្រុងពាលីមួយទៀត ប៉ុន្តែនេះជាពិធីធំមួយដែលត្រូវចំណាយទាំងពេលវេលា និងធនធានច្រើនដែលជាទូទៅ មានតែអ្នកមានឋានៈខ្ពង់ខ្ពស់និងព្រះសង្ឃជាដើម ដែលត្រូវធ្វើទៅបានតាមពិធីទី៦នេះ។

បើយោងតាមក្បូនបុរាណ ដែលពន្យល់តាមរយ:លោកអាចារ្យ ពិធីខួបកំណើតឬចម្រើនព្រះជន្មត្រូវបានបុរាណហៅមួយបែបទៀតថាគឺពិធីអាយុវឌ្ឍនៈមង្គល ដែលជាទូទៅគេរៀបចំធ្វើរៀងរាល់១២ឆ្នាំម្ដងគឺនៅអាយុ១២ឆ្នាំអាយុ២៤ឆ្នាំ និងអាយុ៣៦ឆ្នាំជាដើម។

នៅក្នុងធ្វើពិធីខូបកំណើតបែបបុរាណខ្មែរអ្នកចូលរួមក្នុងពិធីជាភ្ញៀវកិត្តិយសក្ដី ជាសាច់ញាតិក្ដី ត្រូវប្រសិទ្ធិពរជ័យសិរីមង្គលនិងស្រោចទឹកលាងជម្រះសេចក្ដីមន្ទិលសៅហ្មងទាំងឡាយ ដែលបានកើតមាននៅក្នុងឆ្នាំចាស់​កន្លងមកឱ្យចាកឆ្ងាយ ហើយនាំយកអ្វីដែលមានសេរីល្អៗត្រឡប់មកវិញសម្រាប់ម្ចាស់វិធីនិងក្រុមគ្រួសារទាំងមូលផង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២៨ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម