Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ដឹកនាំបាញ់ថ្នាំសម្លាប់មេរោគ ត្រៀមបើកនៅថ្ងៃ១៥ កញ្ញានេះ

បានផុស

នៅ

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះបានដឹកនាំ អាជ្ញាធរខណ្ឌទាំង១៤ មន្ត្រីពាក់ព័ន្ធធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីធ្លាសាលា និងអគារអនុវិទ្យាល័យ និងវិទ្យាល័យនានាទូទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈបើកសាលាឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំការបើកយុទ្ធនានៃការបាញ់ថ្នាំសម្លាប់មេរោគនេះនៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយមានការចូលរួមពីអភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ មន្ត្រីនៃមន្ទីរពាក់ព័ន្ធ និងលោកឧត្ដមសេនីយ៌មេបញ្ជាការកងពលតូចលេខ៧០ រួមជាមួយកងកម្លាំងជាង៥០នាក់។ ក្នុងកម្មវិធីនៃការបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាសាលានានានៅទូទាំងរាជធានីភ្នំពេញ។ លោកអភិបាលរាជធានីភ្នំពេញ បានបែងចែកកម្លាំងទាំងអស់ទៅបាញ់ថ្នាំសម្លាប់មេរោគនៅតាមខណ្ឌទាំង១៤ខណ្ឌ។

ក្នុងពិធីនោះលោក ឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា ការបើកសាលារៀនឡើងវិញនេះ ធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយអនុសាសន៍នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ឪពុកម្ដាយ អាណាព្យាបាលសិស្ស ចូលរួម និងគាំទ្រយ៉ាងពេញទំហឹង ដោយសារកូនគាត់បានសិក្សារៀនសូត្រនៅតាមសាលាឡើងវិញ ក្រោយពីខកខាននៃការរៀនសូត្រប្រមាណ៧ខែមកនេះ ដោយការរាតត្បាតដោយជម្ងឺកូវីដ-១៩ ។

លោកអភិបាលបានបញ្ជាក់ផងថា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ គឺជាថ្ងៃកំណត់ដែលសាលា ត្រូវបើកឱ្យដំណើរការរៀនសូត្រឡើងវិញ ចាប់ពីអនុវិទ្យាល័យដល់វិទ្យាល័យ ប៉ុន្តែត្រូវតែអនុវត្តឱ្យខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ទៀតថា មិនថាសាលាតូចធំ រដ្ឋ ឬ ឯកជននោះទេ សំខាន់ឱ្យតែអនុវត្តឱ្យបានត្រឹមត្រូវទៅតាមប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតបើកដំណើរឱ្យសិស្សានុសិស្សបានចូលរៀន។ ប៉ុន្តែបើសាលាដែលមិនទាន់បានបំពេញនូវលក្ខខណ្ឌខាងលើនេះឱ្យបានគ្រប់គ្រាន់ទេ រដ្ឋបាលរាជធានីភ្នំពេញ និងជំរុញឱ្យពួកគាត់អនុវត្តឱ្យបានត្រឹមត្រូវ ទើបឱ្យបន្តការបើកសាលានេះជាបន្តបន្ទាប់ទៀត។

លោក ឃួង ស្រេង ក្នុងឱកាសនោះក៏បានធ្វើការអំពាវនាវទៅដល់ឪពុកម្ដាយ អាណាព្យាបាលសិស្សទាំងអស់ត្រូវចូលរួមជាមួយនឹងអាជ្ញាធររាជធានីភ្នំពេញដើម្បីទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺ-១៩ ខណៈបើកសាលារៀនឡើងវិញនេះ។ បើធ្វេសប្រហែសតែបន្តិច គ្រោះថ្នាក់នៃជំងឺកូវីដ-១៩ នឹងធ្លាក់មកលើពួកយើងទាំងអស់គ្នា។ ដូច្នេះយើងត្រូវតែរួមគ្នា ទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩នេះ ដើម្បីឈានទៅអភិវឌ្ឍប្រទេសជាតិយើងឱ្យបានរីកចម្រើនលឿនឡើងវិញ។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការនៃការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាសាលានានានៅទូទាំងរាជធានីនេះ អាជ្ញាធររាជធានីភ្នំពេញ ត្រូវបាញ់ថ្នាំសម្លាប់មេរោគនៅសាលារដ្ឋចំនួន ៦៨សាលាទូទាំង១៤ខណ្ឌ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម