Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញកម្ពុជា និងអង្គការ​WHOកំពុងសិក្សារកមូលហេតុនាំឱ្យអត្រាឆ្លងជំងឺគ្រុនឈាមធ្លាក់ចុះ​​

បានផុស

នៅ

មន្ត្រី​ជំនាញ​កម្ពុជា ​និង​អង្គការ​សុខភាព​ពិភពលោក​(WHO)​កំពុងធ្វើការ​សិក្សា​ស្រាវជ្រាវ​រក​មូល​ហេតុ​ថា​ តើ​ហេតុអ្វី​បានជា​អត្រា​ឆ្លង​ជំងឺ​គ្រុនឈាម​ធ្លាក់ចុះ​ខ្លាំងរហូតដល់​ជាង​៦​ដង​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០២០​កន្លងទៅ​។​

លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណក​សាស្ត្រ ​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា​ថា​ ការសិក្សា​ស្រាវជ្រាវ​នេះ​ដោយ​សារតែ​ឆ្នាំនេះអត្រា​ឆ្លង​ជំងឺគ្រុនឈាម​មានការ​ធ្លាក់​ចុះ​ខ្លាំងពេក​មិនគួរ​ឱ្យ​ជឿ​ទាំង​មន្ត្រី​ជំនាញ​កម្ពុជា​និងមន្ត្រី​អង្គការ​សុខភាព​ពិភពលោក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិតបានលើកឡើង​របាយការណ៍​មក​បញ្ជាក់ថា ចាប់ពី​ខែមករា រហូតមកដល់ដើមខែ​កញ្ញា​ ឆ្នាំ​២០២១​នេះ ​មាន​កុមារ​ និង​មនុស្ស​ពេញ​ឆ្លង​ជំងឺគ្រុនឈាម​សរុប​ចំនួន​១០០២​ករណី និង​ស្លាប់​ចំនួន​៣​ករណី​ មានការ​ថយចុះ​ប្រហែល​ជាង​៦​ដង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០ ដែលមាន​ចំនួន​៦២៩៩​ករណី​និង​ស្លាប់​ចំនួន​៨​ករណី​។​

លោកលោក​វេជ្ជ ហ៊ុយ រ៉េ​កុល បាន​បន្តថា ការថយចុះ​នៃ​ករណី​ជំងឺគ្រុនឈាម​នេះ​ បណ្តាល​ការគ្រប់​គ្រង​ភ្នាក់ងារ​ចម្លងជំងឺ​បានល្អ ប្រជាជនមាន​ការយល់​ដឹង​ច្រើន មន្ទីរពេទ្យ​រដ្ឋ​ផ្តល់​សេវា​ប្រកបដោយ​គុណភាព ​និង​សមត្ថភាព​ខ្ពស់​ និង​កក្តា​អនាម័យ​បានល្អប្រសើរ​ជាដើម ។​

លោកវេជ្ជបណ្ឌិតបានឱ្យដឹង​ទៀតថា​ ការស្រាវជ្រាវ​រវាង​មន្ត្រី​ជំនាញ​និង​អង្គការ​សុខភាព​ពិភពលោក​នេះ​ គឺ​ចង់ដឹងថា​ ក្រៅពី​កក្តា​ខាងលើ​តើ​មាន​កក្តា​អ្វី​ផ្សេងទៀត​ទេ​ដែលនាំឱ្យ​អត្រា​ឆ្លង​គ្រុនឈាម​ធ្លាក់​ចុះ​តើ​អាចមកពី​កក្តា​ធម្មជាតិ​ឬ​យ៉ាងណា​ ពិសេស​តើ​ការ​អនាម័យ​ខ្លួនប្រាណលាង​សំអាត​ដៃ​ញឹក​ញាប់​ជាមួយ​សាប៊ូអាកុល​ឬ​ជែ​ល​ក្នុងការ​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ ជា​កក្តា​មួយ​នាំឱ្យ​ជំងឺគ្រុនឈាម​មានការ​ថយចុះ​ដែរ​ទេ​។​

យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតបាន​បន្ថែមថា ​ការដែល​ជំងឺ​គ្រុន​ឈាន​ថយចុះ​នេះ​ ក៏​ជា​សញ្ញា​មួយ​ប្រាប់​ឱ្យ​យើង​បង្កើ​ន​ការប្រុងប្រយ័ត្ន​នៅ​ឆ្នាំក្រោយ​ ឬ​ឆ្នាំ​បន្តបន្ទាប់​ទៀត​ព្រោះថា ​កន្លងមក​បើ​ឆ្នាំនេះ​មានការថយចុះ ​ឆ្នាំក្រោយ​អាច​នឹងមាន​ការកើនឡើង​។​

លោកវេជ្ជបណ្ឌិតបាន​បញ្ជាក់ថា​ បើទោះបីជា​ជំងឺគ្រុនឈាម​មានការ​ថយចុះ​ក៏ដោយ​ប្រជាពលរដ្ឋ​មិន​ត្រូវមាន​ការធ្វេសប្រហែស​ដែរ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​អនាម័យ​លំនៅដ្ឋាន​ឱ្យបាន​ស្អាតលប់បំបាត់​ឬ​ដុត​កំទេចចោលឬ​ទុកដាក់​ឲ្យ​មាន​របៀប​រាល់​វត្ថុ​ដែល​អាច​ដក់​ទឹកបាន​ដូចជា​សំបក​កង់ឡាន​សំបក​ដបកំប៉ុង ត្រឡោក​ដូង ចានបាយ កំប៉ុង​ជ័រដែលជា​ជម្រក​នៃ​ការកកើត​ដង្កូវ​ទឹកជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​។​

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​និង​បាណក​សាស្ត្រ​បាន​អំពាវនាវ​ដល់​អាណាព្យាបាល មាតាបិតាកុមារា​កុមារី​គ្រប់រូប​ត្រូវ​ស្លៀកពាក់​ខោ​អាវដៃវែង​ជើងវែងនិង​សម្រាន្ត​ក្នុង​មុង​ជាប្រចាំ​ទាំងថ្ងៃទាំងយប់​មិនត្រូវ​អង្គុយលេង​នៅ​ជិត​ទីកន្លែង​ងងឹតនោះទេ ​និង​ករណី​មាន​រោគសញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅរក​សេវា​ពិនិត្យ​និង​ព្យាបាលរបស់​រដ្ឋ (សេវាសាធារណៈ​) ដូចជា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត​និង​កុំ​សាកល្បង​ព្យាបាល​ជំងឺដោយ​ខ្លួនឯងឬ​ពន្យារពេល​តាមដានអ្នកជំងឺ​នៅ​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺ​គ្រុន​ឈាម​នេះ​ឱ្យសោះ ​ព្រោះ​អាចធ្វើឱ្យ​កុមារ​ស្លាប់​បាត់បង់​ជំងឺ​បាន​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម