Connect with us

ព័ត៌មានជាតិ

តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ ប្រាប់​គណៈប្រតិភូ​បារាំង និង​អាមេរិក​ថា ការតស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស ចាំបាច់​ត្រូវតែ​ចាប់ផ្តើម​ពី​ប្រទេស​ខ្លួនឯង​ជាមុន

បានផុស

នៅ

ការ​លើក​ឡើង​របស់​ឯក​អគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា លោក អាន សុខ​ខឿន បាន​ធ្វើឡើង​នៅក្នុង​សម័យប្រជុំ​លើក​ទី​៤៨ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ នៅឯ​កិច្ច “​កិច្ចពិភាក្សា​ទូ​ទៅលើ​របៀបវារៈ​ទី​២” នា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទីក្រុង​ហ្សឺ​ណែវ ឆ្លើយតប​ជាមួយ​ការលើកឡើង​របស់​គណៈ​ប្រតិភូ​ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក នា​។

បើ​តាម​លោក អាន សុខ​ខឿន ការរិះគន់​ប្រទេស​ណាមួយ គឺជា​សិទ្ធិ​របស់​គណៈប្រតិភូ​គ្រប់រូប តែ​ទោះបី​យ៉ាងនេះ​ក្តី ដើម្បី​អាច​ឱ្យមាន​ភាព​ជឿជាក់​បាន ការរិះគន់​ត្រូវតែ​ផ្អែកលើ​ហេតុផល​ត្រឹម​ត្រូវមាន​តុល្យភាព មិន​ជ្រើសរើស​តែមួយ​ជ្រុង និង​សមាមាត្រ​។ លោក​បាន​លើក​ជា​សំណួរ​ចំនួន​៣ ទៅកាន់​គណៈប្រតិភូ នៃ​ប្រទេស​ទាំងពីរ​គឺ​៖

​ទី​១, តើ​គណៈប្រតិភូ​ទាំងពីរ​ជឿជាក់​ថា មតិ​លើកទ្បើង​របស់​ខ្លួន​មាន​ហេតុផល​ត្រឹមត្រូវ​ដែរឬទេ នៅពេលដែល​គណៈប្រតិភូ​ទាំងពីរ​ធ្វើការ​ចោទប្រកាន់​ជា​លក្ខណៈ​ទូទៅ ដោយ​ពុំបាន​លើកឡើង​នូវ​ទិន្នន័យ​ជា​អំណះអំណាង​ពាក់ព័ន្ធ​ជាក់លាក់​ណាមួយ​នោះ​? ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​ឆ្នាំ​២០១៩ បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ទ្បើង​វិញ ដល់​អតីត​អ្នកនយោបាយ​ប្រឆាំង​។ ជា​លទ្ធផល អតីត​អ្នកនយោបាយ​ប្រឆាំង​ចំនួន​២៦​រូប បាន​ទទួល​ការផ្តល់​នីតិសម្បទា​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​ក្នុង​នោះ​ពួកគាត់​ជាច្រើនរូប​បានរួម​គ្នា​បង្កើត​គណបក្ស​នយោបាយ​ចំនួន​៦ ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច​នៅក្នុង​ការបោះឆ្នោត នា​ឆ្នាំ​ខាងមុខ​។ តើ​ទាំងនេះ​គឺជា​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​ឬ​?

ទី​ពីរ​, តើ​គណៈប្រតិភូ​ទាំងពីរ​ប្រាកដ​ហើយ​ថា បទ​អន្តរាគមន៍​របស់​ខ្លួន មាន​តុល្យភាព និង​មិន​ជ្រើសរើស​តែមួយ​ជ្រុង នៅពេល​គណៈប្រតិភូ​ទាំងពីរ​មិនបាន​លើកឡើង​សូម្បី​តែមួយ​ម៉ាត់ អំពី​វោហារ​សព្ទ​ប្រជាប្រិយ​ប្រកបដោយ​គ្រោះថ្នាក់ របស់​បុគ្គល​ប្រឆាំង​មួយចំនួន ដែល​ប្រើ​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ផែនទី​ក្លែងក្លាយ ជេរប្រមាថ​មិន​រើសមុខ បង្កាច់បង្ខូច ញុះញង់​ឱ្យ​មាន​ការរើសអើង​និង​ស្អប់ខ្ពើម​ជាតិ​សាសន៍ ថែមទាំង​បាន​អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ងើបឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​បាន​ជាប់ឆ្នោត​ដោយ​ការជ្រើសតាំង​របស់​ប្រជាជន ខណៈ​សកម្មភាព​ដូចគ្នា​ទាំងអស់​នេះ ត្រូវបាន​ថ្កោលទោស​យ៉ាងខ្លាំង នៅក្នុង​បណ្តា​ប្រទេស​លោកខាងលិច​និង​សហភាព​អឺរ៉ុប​? លោក សម រង្ស៊ី ដែល​ជា​និមិត្តរូប​ប្រជាធិបតេយ្យ​របស់​គណៈប្រតិភូ​ទាំងពីរ បាន​ត្រូវ​អតីត​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទ្បើង​ថ្លែង​ថ្កោលទោស នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នេះ​ផ្ទាល់ កាលពី​ឆ្នាំ​២០១៩ ចំពោះ​ការប្រើប្រាស់​សម្ដី​បរិហារកេរ្តិ៍ ញុះញង់​ឱ្យមាន​ការរើសអើង​ជាតិ​សាសន៍ និង​អុជអាល ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​បាន​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​។

ទី​បី​, តើ​គណៈប្រតិភូ​ទាំងពីរ​ជឿ​ថា សេចក្តីថ្លែងការណ៍​រប​ស់​ខ្លួន​មាន​ភាព​សមាមាត្រ​ឬទេ នៅពេល​គណៈប្រតិភូ​ទាំងពីរ​បំប៉ោង​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ ឱ្យ​សំខាន់​លើសលប់​ជាង​សិទ្ធិ​ផ្សេងទៀត ដូចជា សិទ្ធិ​រស់រានមានជីវិត សុខភាព ទទួលបាន​ម្ហូបអាហារ ការអប់រំ និង​ការអភិវឌ្ឍ​? តើ​គណៈប្រតិភូ​ទាំងពីរ​កំពុង​គោរព​តាម​សេចក្តី​សម្រេចចិត្ត​នានា​របស់​អង្គការសហប្រជាជាតិ ដែល​សង្កត់ធ្ងន់ថា សិទ្ធិមនុស្ស​ទាំងអស់​ត្រូវ​យក​មក​អនុវត្ត ដោយ​យុត្តិធម៌​និង​ស្មើភាព ឈរលើ​មូលដ្ឋាន​តែមួយ និង​មាន​សារៈសំខាន់​ដូចគ្នា​ដែរឬទេ​? តើ​កម្មវិធី​ឧបត្ថម្ភ​ជា​សាច់ប្រាក់​ក្នុង​វិស័យ​ជាច្រើន ផ្តល់ជូន​ក្រុម​ងាយ​រងគ្រោះ ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ កម្មវិធី​ចាក់​វ៉ាក់សាំង​ថ្នាក់ជាតិ​ប្រឆាំង​កូ​វីដ​១៩ ដែល​ត្រូវ​បាននិងកំពុង​អនុវត្ត​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​អត្រា​សម្រេចបាន​គួរឱ្យកត់សម្គាល់ ជិត​៧២%​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ការបើក​សាលា​ឱ្យ​សិស្ស​ចូលរៀន​ក្នុង​ថ្នាក់​ផ្ទាល់​ទ្បើង​វិញ ដោយ​គោរព​យ៉ាង​ម៉ត់ចត់​តាម​វិធាន​សុខាភិបាល ពុំមែន​ជាការ​គោរព​សិទ្ធិមនុស្ស​ឬ​យ៉ាងណា​?

លោក អាន សុខ​ខឿន អះអាង​ថា ការតស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស ចាំបាច់​ត្រូវតែ​ចាប់ផ្តើម​ពី​ប្រទេស​ខ្លួនឯង​ជាមុនសិន​។ គួរ​ឲ្យ​សោកស្តាយ ប្រទេស​មួយ​ដែល​តាំងខ្លួន​តស៊ូ​មតិ ដើម្បី​សិទ្ធិមនុស្ស ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ផ្តន្ទាទោស​មនុស្ស​ជាង​៤​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៨ និង​២០១៩ ក្រោម​បទ​ចោទ “​ប្រមាថ​មន្ត្រី​សាធារណៈ​” “​ការចូលរួម​ជាមួយ​ក្រុម​ដែលមាន​គោលបំណង​ប្រព្រឹត្ត​អំពើហិង្សា​” និង “​ការរៀបចំ​បាតុកម្ម ដែល​ពុំ​គោរព​តាម​លក្ខខណ្ឌ​ជូនដំណឹង​ជាមុន​“​។

លោក អាន សុខ​ខឿន បញ្ជាក់​ថា ការលើកតម្កើង​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន គឺជា​គោលដៅ​ចុងក្រោយ​របស់​គ្រប់​ប្រទេស​ទាំងអស់ ដែល​ប្រៀប​បាន​ទៅ​នឹង​ការ​ឡើង​ទៅកាន់​កំពូលភ្នំ​។ ប្រទេស​នីមួយៗ​ត្រូវមាន​សិទ្ធិ​ជ្រើសរើស​មាគ៌ា និង​អាទិភាព​របស់ខ្លួន ឆ្ពោះទៅ​គោលដៅ​នោះ​។ សិទ្ធិមនុស្ស​មិនត្រូវ​ប្រើ​ជា​អាវុធ​នយោបាយ​វាយប្រហារ​ប្រទេស​ដទៃ ដោយមាន​ស្តង់ដារ​ពីរ​ទ្បើ​យ ដូចដែល​ឯកឧត្តម អាន់​តូ​នី​ញ៉ូ ហ្គូ​ទែ​រែស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ធ្លាប់បាន​សង្កត់ធ្ងន់ នាពេល​កន្លងមក ប្រសិនបើ​យើងទាំងអស់គ្នា​ចង់​រក្សា​បាន​នូវ​សុចរិត​ភាព និង​ភាព​អាច​ជឿ​ទុកចិត្តបាន​ខ្ពស់បំផុត​របស់​ស្ថាប័ន​សិទ្ធិមនុស្ស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​មួយ​នេះ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម