មាន​មូលហេតុ និង​អត្ថប្រយោជន៍​ចំនួន​៤ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ កំពូល​អាស៊ី​-​អឺរ៉ុប
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មាន​មូលហេតុ និង​អត្ថប្រយោជន៍​ចំនួន​៤ ដែល​នាំ​ឲ្យ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ កំពូល​អាស៊ី​-​អឺរ៉ុប

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​បាន​អះអាង​ថា មាន​មូលហេតុ និង​អត្ថប្រយោជន៍​ច្រើនណាស់ ដែល​កម្ពុជា​ត្រូវ​ទទួល​បាន​ពី​ទំនាក់ទំនង​រវាង​អាស៊ី និង​អឺរ៉ុប (ASEM) ដែល​ក្នុង​នោះ មានការ​បង្ហាញ​ពី​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ​ការទូត ក៏ដូចជា​ស្ថេរភាព និង​សន្តិសុខ ជាដើម​ទៅកាន់​ពិភពលោក ដូច្នេះ​ទើប​កម្ពុជា​សម្រេច​ចូល​ជា​ដៃគូ​នៃ​កិច្ចប្រជុំ​នេះ នៅ​ឆ្នាំ​២០០៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​វេទិកា​មួយ ស្តី​ពី​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM 13) ដែល​រៀបចំឡើង​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ លោក លុយ ដា​វីត រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែង​ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប គឺជា​វេទិកា​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ ៩៩៦ ដែល​កាលនោះ​មានតែ​ប្រទេស​ជា​ដៃគូ​ចំនួន​២៦​ប៉ុណ្ណោះ មកពី​ទ្វីបអាស៊ី និង​អឺរ៉ុប ហើយ​គោលបំណង នៃ​ការបង្កើត​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​នេះ គឺ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ទ្វីប​ទាំងពីរ គឺ​អាស៊ី និង​អឺរ៉ុប ដោយ​ឈរលើ​សសរស្តម្ភ​ចំនួន​៣ គឺ​សសរស្ដម្ភ​ទី​១. នយោបាយ ៖ តាមរយៈ​កិច្ច​សន្ទនា និង​ការ​កសាង​ទំនុកចិត្ត ការ​លើក​កម្ពស់​សន្តិសុខ ការដោះស្រាយ​បញ្ហា​ប្រឈម នៅលើ​សកលលោក​។

សសរស្ដម្ភ​ទី​២. សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៖ ការជំរុញ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​រវាង​អាស៊ី និង​អឺរ៉ុប​។ សសរស្តម្ភ​ទី​៣. សង្គម​វប្បធម៌ និង​អប់រំ​៖ សំដៅ​ដល់​ការ​តភ្ជាប់​ទំនាក់ទំនង​វប្បធម៌ សង្គម និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន នៃ​តំបន់​ទាំងពីរ​។

មូលហេតុ​ដែល​កម្ពុជា​យើង​ចូល​ជា​ដៃ​កូ​នៃ​កិច្ចប្រជុំ​នេះ លោក លុយ ដា​វីត បាន​អះអាងថា ដោយសារ​តែ​កម្ពុជា​មើលឃើញ​ពី​ផលប្រយោជន៍ នៃ​ទំនាក់ទំនង​រវាង​អាស៊ី និង​អឺរ៉ុប ដូច្នេះ​កម្ពុជា​ក៏​សម្រេច​ចូល​ជា​ដៃគូ​កិច្ចប្រជុំ​នេះ​នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០០៤ នា​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​៥ នៅ​ទីក្រុង​ហាណូយ ហើយ​ប្រទេស​ដែល​ចូល​ជា​ដៃ នៃ​កិច្ចប្រជុំ​នេះ​ក្រោយ​គេ គឺ​ប្រទេស​កា​ហ្សាក់ស្ដ​ង់ នៅ​ឆ្នាំ​២០០៤ ហើយ​រហូត​មក​ដល់​ពេល​នេះ មាន​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប មាន​ដៃ​គួ​ចំនួន​៥៣ ដែលមាន​៥១​ប្រទេស និង​២ ស្ថាប័ន​។ ក្នុងនោះ មកពី​អាស៊ី​ចំនួន​២១​ប្រទេស និង​៣០​ប្រទេស​ពី​អឺរ៉ុប បូក​ពី​ស្ថាប័ន​ទៀត គឺ​ទី​១, សហភាព​អឺរ៉ុប និង​ទី​២,​លេខាធិការដ្ឋាន​អាស៊ាន​។

លោក លុយ ដេវីត អះអាងថា បើ​គិត​ពី​ទំហំ​ប្រជាជន ទំហំ​ពាណិជ្ជកម្ម ទំហំ​សេដ្ឋកិច្ច និង​ទំហំ​ទេសចរណ៍ នៃ​បណ្ដា​ប្រទេស​ជា​សមាជិក ASEM នេះ តំណាង​ឱ្យ​៦០​ភាគរយ នៃ​ប្រជាជន​ទូទាំង​សកលលោក​, ៦៥​ភាគរយ នៃ​សេដ្ឋកិច្ច​ពិភពលោក​, ៥៥ ភាគរយ នៃ​ទំហំ​ពាណិជ្ជកម្ម​សកលលោក និង​៧៥ នៃ​ទំហំ​ទេសចរណ៍​ទូទាំង​សាកលលោក​។ លោក​ថា កម្ពុជា​ក្រោយពី​ចូល​ជា​ដៃគូ​កិច្ចប្រជុំ ASEM នេះ បាន​បាន​ចូលរួម​យ៉ាងសកម្ម ទាំង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស ថ្នាក់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ដែល​សម្ដេចនាយក​រដ្ឋមន្ត្រី​តែងតែ​ចូលរួម​ជានិច្ច ហើយ​ចុង​ក្រោយនេះ គឺ​សម្ដេច​បាន​ចូលរួម​ប្រជុំ ASEM លើក​ទី​១២ ដែល​រៀបចំ​ដោយ​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ព្រុ​ច​សែ​ល នា​ឆ្នាំ​២០១៨​។ នៅ​ពេល​នោះ​ហើយ ដែល​អង្គ​ប្រជុំ​បាន​ឯកភាព​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM 13) ដែល​យើង​គ្រោង​ធ្វើ កាលពី​ឆ្នាំ​២០២០ តែ​ត្រូវ​លើក​ពេល​ដោយសារ​តែ​បញ្ហា​កូ​វីដ​១៩​។​

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ក៏​បង្ហាញ​ពី​មូលហេតុ ឬ​អត្ថប្រយោជន៍​ចំនួន​៤​ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​ដ៏​ធំ​នេះ គឺ​ទី​១, គឺ​ដើម្បី​បង្ហាញ​ពី​ភាពចាស់ទុំ ផ្នែក​នយោបាយ​ការទូត​របស់​កម្ពុជា ក៏ដូចជា​ឱកាស ដែល​កម្ពុជា​យើង​លើកមុខ​មាត់​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការបង្ហាញ​តួនាទី​របស់ខ្លួន​ក្នុង​ការចូល​រួម​ដោះស្រាយ​បញ្ហា​ប្រឈម​នៅលើ​ពិភពលោក ដែល​កំពុង​ជួបប្រទះ ទី​២, ជា​ឱកាស​ដែល​កម្ពុជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​អា​សី​ទាំងអស់ ទី​៣, វត្តមាន​របស់​ថ្នាក់ដឹកនាំ​មកពី​បណ្ដា​ប្រទេស​អាស៊ាន​ដូចជា​បារាំង អាល្លឺម៉ង់ ជប៉ុន កូរ៉េ រុស្ស៊ី ជាដើម នឹង​បង្ហាញ​ពិភពលោក​ថា កម្ពុ​ជា​មាន​ស្ថេរភាព​នយោបាយ មាន​សន្តិភាព​ពេញលេញ និង​កំពុង​ដើរ​នៅលើ​វិថី​មួយ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍ ដែល​ត្រឹមត្រូវ នាពេល​អនាគត ទី​៤, ឱកាស​សម្រាប់​កម្ពុជា​យើង បង្ហាញ​ពី​អរិយធម៌ វប្បធម៌ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​អ្នក​ទេសចរណ៍​មក​ចូល​កម្ពុជា​។

លោក លុយ ដា​វីត បាន​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​រៀបចំ​កិច្ចប្រជុំ​ដ៏​ធំ​នេះ រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ ដើម្បី​រៀបចំ​កិច្ចប្រជុំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នេះ ដែលមាន​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជា​ប្រធាន​។ ក្នុងនោះ ក៏បាន​បង្កើត​លេខាធិការដ្ឋាន ដែលមាន​ខ្លួន​លោក​ជា​ប្រធាន និង​មាន​អនុគណៈកម្មការ​ចំនួន​៦​ទៀត​។

ចំណែក​លោក មាស សោ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែងថា នៅក្នុង​កិច្ចប្រជុំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នេះ ក្រសួង​ព័ត៌មាន​ក៏បាន​ទទួល​ភារកិច្ច ដឹកនាំ​នៅក្នុង​អនុគណៈកម្មការ​មួយ ក្នុងចំណោម​អនុគណៈកម្មការ​ចំនួន​៦ គឺ​អនុគណៈកម្មការ​ផ្សព្វផ្សាយ​ព័ត៌មាន ហើយ​ពាក់ព័ន្ធ នឹង​អនុគណៈកម្មការ​នេះ ក្រសួង​ព័ត៌មាន​បានដាក់​ចេញ​នូវ ផែនការ​សកម្មភាព​ធំៗ​ចំនួន​៣​គឺ​៖

​ទីមួយ​, ដំណើរការ​មុន​កិច្ចប្រជុំ ដោយ​រៀបចំ​ជា​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផ្សេងៗ រួមមាន ការផ្សព្វផ្សាយ​អត្ថបទ បទ​យកការណ៍ និង​កិច្ចពិភាក្សា​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ទៅនឹង​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប​នេះ​។

​ទី​ពីរ​, ក្រសួង​បានរៀបចំ​ត្រៀមលក្ខណៈ ដើម្បី​ផ្សាយ​ផ្ទាល់ ពី​កម្មវិធី​ដែលមាន​សារៈសំខាន់​នេះ ដូចជា​កម្មវិធី​បើក កម្មវិធី​បិទ និង​កម្មវិធី​ផ្សេងៗ​ទៀត ដែល​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

​ទី​បី​, ការងារ​ត្រៀម ក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប ដូចជា ការ​ចងក្រង​នូវ​ឯកសារ ដើម្បី​ផ្សព្វផ្សាយ​ទាក់ទង​ទៅនឹង​ដំណើរការ​កិច្ចប្រជុំ ឬ​លទ្ធផល​នៃ​កិច្ចប្រជុំ និង​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប នេះ​ផងដែរ​។

បើតាម​លោក មាស សោ​ភ័​ណ្ឌ ក្រសួង​ព័ត៌មាន ក៏បាន​ទទួល​ការងារ​មួយទៀត គឺ​ការរៀបចំ​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន នៃ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១០​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM 13) ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​គ្រោង​នឹង​រៀបចំ​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៥ និង​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ខាងមុខនេះ តាម​ប្រព័ន្ធ Video Conference ការសម្រេច​កិច្ចប្រជុំ​កំពូល ASEM 13 តាម​ប្រព័ន្ធ Video នេះ ក្រោយពី​មានការ​ណែនាំ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដោយ​បញ្ជាក់ថា ការរៀបចំ​កិច្ចប្រជុំ​កំពូល​ជា​លក្ខណៈ​រូបវ័ន្ត នឹង​មិនមាន​សុវត្ថិភាព​ដល់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ដៃគូ ASEM ដែល​នឹងត្រូវ​មក​ចូលរួម​កិច្ចប្រជុំ​នោះឡើយ ព្រោះ​ជំងឺ​រាតត្បាត​នេះ បាន និង​កំពុង​បន្ត​រីក​រាលដាល​ខ្លាំង ស្រប​ពេលដែល​បណ្តា​ប្រទេស​លើ​ពិភពលោក​បាន​ដាក់​ចេញ​នូវ​ការ​រឹតត្បិត​លើ​ការ​ធ្វើដំណើរ​ថ្មីៗ​។

ដោយឡែក​ទាក់ទង​បញ្ហា​ព័ត៌មាន ហើយ​ដើម្បី​ឲ្យ​ព័ត៌មាន​ពី​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM 13) នេះ ត្រូវបាន​ផ្សព្វ​ផ្សាយ​បាន​ទូលំទូលាយ មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន ក៏បាន​ឯកភាព​បង្កើត​គ្រុប​តេ​លេ​ក្រាម​មួយ ដើម្បី​ឱ្យ​អ្នកសារព័ត៌មាន​ទទួលបាន​ព័ត៌មាន ទាក់ទង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ ហើយ​ការងារ​នេះ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្លិប​អ្នកកាសែត​កម្ពុជា ដើម្បី​រៀបចំ​ជា​គ្រុប​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services