Connect with us

ព័ត៌មានជាតិ

អង្គការ FAO អះអាងថា កម្ពុជានឹងទទួលបានគម្រោងថ្មីៗដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម

បានផុស

នៅ

លោក Jongjin Kim ជំនួយការអគ្គនាយកអង្គការ FAO ទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិកបានអះអាងថា ប្រទេសកម្ពុជានឹងទទួលបានគម្រោងថ្មីៗបន្ថែមទៀតដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនាពេលអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jongjin Kim បានលើកឡើងបែបនេះក្នុងឱកាសជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 លោក Jongjin Kim បានមានប្រសាសន៍ថា កន្លងមកកម្ពុជាទទួលបាន ៤៤គម្រោង កំពុងអនុវត្តក្នុងតម្លៃទឹកប្រាក់ប្រមាណជាង ៤៥លានដុល្លារ ហើយមានគម្រោង ៦ទៀត កំពុងរង់ចាំអនុវត្តក្នុងរង្វង់ថវិកាជាង ៦៨លានដុល្លារ។ ដោយឡែក កន្លងមកមានគម្រោងចំនួន ១៥ ដោយចំណាយថវិកាអស់ចំនួនជាង ៧លានដុល្លារ ត្រូវបានបញ្ចប់។

លោក Kim សង្ឃឹមថា៖ “FAO នឹងមានគម្រោងថ្មីៗបន្ថែមទៀតសម្រាប់កម្ពុជា ហើយខ្ញុំជឿជាក់ថា ក្រោមកិច្ចសហការយ៉ាងល្អប្រសើររបស់ឯកឧត្តមរដ្ឋមន្រ្តី FAO នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតដែលវានឹងចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត”។

លោករដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ FAO ដែលបានជួយ ឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈគម្រោងនានាក្នុងគោលបំណងជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា គម្រោងគាំទ្រដល់ការអភិវឌ្ឍអនុវិស័យកសិកម្មមួយចំនួន បានទទួលការឧបត្ថម្ភ និងគាំទ្រដោយអង្គការ FAO កំពុងផ្តល់ផ្លែផ្កាគួរឱ្យកត់សម្គាល់ មិនតែប៉ុណ្ណោះគម្រោងទាំងនោះបានជួយជំរុញ កែលម្អ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើបដល់កសិករ ដែលនេះគឺជាទុន ឬជាគ្រឹះយ៉ាងរឹងមាំក្នុងការពង្រឹង និងពង្រីកសមត្ថភាពផលិត ធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបទៅនឹងបរិបទទីផ្សារសេរី ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងនវានុវត្តន៍ និងជាពិសេសក្នុង និងក្រោយបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

តាមរយៈកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីបានស្នើសុំឱ្យអង្គការ FAO ពិនិត្យលទ្ធភាពជួយឧបត្ថម្ភ គាំទ្រគម្រោងថ្មីៗបន្ថែមទៀតសម្រាប់អាណត្តីថ្មីនេះ ដើម្បីរួមគ្នាដោះស្រាយនូវរាល់បញ្ហាប្រឈមដែលកសិករ អ្នកផលិត សហគមន៍ និងវិស័យឯកជនកំពុងជួបប្រទះ ធ្វើយ៉ាងណាដើម្បីកែលម្អ និងធ្វើបច្ចុប្បន្នភាព ឬតម្រង់ទិសលើការអុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ ដោយត្រូវបន្តជំរុញ និងគាំទ្រយ៉ាងពេញលេញការធ្វើទំនើបកម្មកសិកម្ម ការងារផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសទំនើប ការលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើការកែច្នៃកសិផល ការវេចខ្ចប់ ធានាបានគុណភាព សុវត្ថិភាព និងស្តង់ដារ ជាពិសេសលើកកម្ពស់ការប្រកួតប្រជែងទាំងទីផ្សារក្នុងស្រុក និងទីផ្សារការនាំចេញ។

លោក Kim បានជម្រាបជូនអង្គប្រជុំថា កម្មវត្ថុនៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីពិនិត្យធ្វើការជ្រើសរើសនាយកអង្គការ FAO ប្រចាំព្រះរាជាណាចក្រកម្ពុជាថ្មី បន្ទាប់ពីលោក Alexandre Huynh ត្រូវបានបញ្ចប់អាណត្តិ។

ពាក់ព័ន្ធបញ្ហានេះដែរ លោករដ្ឋមន្ត្រីបានលើកឡើងថា ចំពោះនាយកអង្គការថ្មី លោកស្រីជាជនជាតិអូស្រ្តាលី ដែលនឹងមកបំពេញបេសកកម្មនៅកម្ពុជាសម្រាប់រយៈពេល ៥ឆ្នាំ។ លោកបានស្វាគមន៍ ដោយសារលោកស្រីមាន បទពិសោធន៍ខ្ពស់ជាអ្នកដឹកនាំ និងគ្រប់គ្រង ដែលលោកស្រីទទួលបានពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ហើយប្រាកដណាស់ថា លោកស្រីនឹងជួយពង្រឹង និងពង្រីកកិច្ចសហការឱ្យកាន់តែរឹងមាំរវាងភាគីទាំងពីរ នឹងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់ប្រជាជន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានាពេលអនាគត ហើយក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងដែលជាជំនួយរបស់អង្គការ FOA សម្រេចទទួលបានលទ្ធផលល្អប្រសើរទុកជាប្រយោជន៍ដល់ប្រជាកសិករកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម