Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ និងសាលាក្រុងភ្នំពេញប្តេជ្ញាបន្តលើកកម្ពស់សុខភាពនិងសុវត្ថិភាពសិស្សរួមទាំង​បុគ្គលិកអប់រំ​

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ បានឱ្យដឹងថា​ ក្រសួង​អប់រំនិង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ផ្តល់​អាទិភាព​លើ​ការលើកកម្ពស់​សុខភាព និង​សុវត្ថិភាពសិស្សានុសិស្ស និង​បុគ្គលិក​អប់រំ​ស្រប​នឹង​ការបន្ត​ពង្រឹង​ការអនុវត្ត​វិធានការណ៍​ចាំបាច់​ឱ្យ​រឹត​តែមាន​ប្រសិទ្ធភាព​។​

ការលើកឡើង​របស់​អ្នកនាំពាក្យ​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ឆ្លងជំងឺ​កូ​វីដ​១៩​ក្នុង​ថ្នាក់​រៀន​ចំនួន​១៥​ថ្នាក់​ នៅតាម​សាលា​ចំនួន​៥​នៅ​ភ្នំពេញ​ បណ្តាលឱ្យ​ផ្អាក​ដំណើរការ​បណ្តោះ​អាសន្ន​រយៈពេល​១៤​ថ្ងៃ​និង​យក​អ្នកនាក់​ព័ន្ធ​ផ្ទាល់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជននិង​កីឡា​ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៧ ខែ​កញ្ញា​នេះ​ថា ​« ក្រសួង​អប់រំ យុវជន និង​កីឡានឹង​ជម្រាប​ពត៌មាន​ជូន​មហាជន​នាពេលខាងមុខក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល និង​តម្រង់ទិស​រៀបចំ​ការរៀន​និង​បង្រៀន​តាម​បណ្តុំអោយបាន​កាន់តែ​ប្រសើរ​។​

ក្រសួង​អប់រំ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ផ្តល់​អាទិភាព​លើ​ការលើកកម្ពស់​សុខភាពនិង​សុវត្ថិភាព សិស្សានុសិស្ស និង​បុគ្គលិក​អប់រំស្រប​នឹង​ការបន្ត​ពង្រឹង​ការអនុវត្ត​វិធានការណ៍​ចាំបាច់អោយ​រឹត​តែ​មាន​ប្រសិទ្ធភាព​»​។​

លោក​បាន​បន្តថា ​ក្នុងនោះ​ក្រសួង​នៅតែ​បន្ត​អនុវត្ត​ដោយ​យោងតាម​ស្មារតី​លិខិត​លេខ៥០ ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០២១ សេចក្តីណែនាំ​ស្តីពី​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​ការលើកកម្ពស់​សុខភាព និង​សុវត្ថិភាព​សិក្សា​ក្នុងការ​បង្រៀន និង​រៀន​តាម​បណ្ដុំ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​។​

លោកបាន​បន្តទៀតថា ​យោងតាម​លិខិត​ដដែល​នោះ​ ក្រសួង​អប់រំ យុវជននិង​កីឡា​ បាន​ណែនាំ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នូវ​វិធានការ​៧​ចំណុច ដែល​ចំណុច​ទី១ស្ដីពី​ការបង្កើត​គណៈកម្មការ​សុខភាព​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ផ្អាក​ផ្នែក​ណាមួយ​នៃ​ការរៀន​តាម​បណ្ដុំ​ជា​បណ្ដោះអាសន្ន ករណី​មានការ​រាតត្បាត​ជំងឺឆ្លង ឬ​ករណី​មាន​ប្រធាន​ស័ក្ក និង​ត្រូវ​ជូនដំណឹង​ដល់​អ្នកពាក់ព័ន្ធ​ដើម្បី​លើក​វិធានការ​អន្តរាគមន៍​ប​ន្ទា​ន់​។​

ជាមួយគ្នានេះដែរ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ត្រូវ​រៀបចំ​ផែនការ​ធ្វើតេស្ត​រហ័ស​តាមបែប​ជម្រើស​ដោយ​ចៃដន្យដែលមាន​លក្ខណៈ​ជាវ​ដ្ត និងសមស្រប​នឹង​ហានិភ័យ​ស្ថាប័ន ឬអង្គភាព និង​ប្រព្រឹត្តទៅ​ជាប្រចាំ​លើ​អ្នកសិក្សា និង​បុគ្គលិក​អប់រំ ចំនួន​យ៉ាងតិច៥% ទៅ១០%នៃ​បុគ្គលិក​អប់រំ​ក្នុង​ស្ថាប័ន ឬអង្គភាព​(​ដោយ​ក្នុង​សំណាក​នីមួយៗត្រូវមាន​បុគ្គលិក​ដែលមាន​ទីតាំង​លំនៅដ្ឋាន​ក្នុង​តំបន់​ខុសៗ​គ្នា​)​។​

ផែនការ​នេះ ​គួរ​ធានាថា​បុគ្គលិកអប់រំ​ទាំងអស់​ដែលមាន​វត្ត​មាននៅ​បរិវេណ​ស្ថាប័ន ឬ​អង្គភាព​ទទួល​បាន​ការ​ធ្វើតេស្ត​ហ័ស​ជាប្រចាំ​(​យ៉ាងតិច​១​ដង​ក្នុង​ចន្លោះ១ទៅ​២​សប្ដាហ៍ កំណត់​បុគ្គលិក​ដែលមាន​ហានិភ័យ​ខ្ពស់​ដូចជា​បុគ្គលិក​ដែលមាន​ការប្រាស្រ័យ​ទាក់ទងជាមួយ​បុគ្គលិក​ផ្សេងទៀត​ ឬ​មនុស្ស​ក្រៅ​ស្ថាប័ន​ឬ​អង្គភាព​ច្រើនរួច​ធ្វើតេស្ត​រហ័ស​ឱ្យ​ញឹកញាប់​លើ​បុគ្គលទាំងនោះ​។​ ប្រសិនបើ​មាន​ករណី​វិជ្ជមាន ឬ​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ត្រូវ​អនុវត្តតាម​គោលការណ៍​ណែនាំ​ប្រតិបត្តិ​ស្តីពី​ការប្រើប្រាស់​តេស្ដ​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វី​ង​-១៩​។​

ក្នុងករណី​មាន​លទ្ធផល​ត​ស្ដ​រហ័ស​វិជ្ជមាន​លើ​បុគ្គលដែល​ត្រូវបាន​ចាត់ទុកថា​ជា​បុគ្គល​មាន​ហា​និភ័យ សា្ថ​ប័ន​នោះ​ត្រូវដាក់​បុគ្គល​នោះ​នៅ​ដោយឡែក​និង​ស្នើ​ឱ្យមាន​ការធ្វើតេស្ត​PCR​បញ្ជាក់​មុននឹង​បញ្ជូន​បុគ្គល​នោះ​ទៅ​ព្យាបាល​ហើយ អាជ្ញា​ធរមាន​សមត្ថកិច្ចអាច​ផ្ដល់​ការសម្របសម្រួលកិច្ច​សហការ​និង​គាំទ្រទាំង​ធនធាន ឧបករណ៍​សម្ភារ​និង​បច្ចេកទេស ។​

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ចុះ​ថ្ងៃទី​១៧​កញ្ញា​នេះ​បាន​ឱ្យដឹងថា​ថ្នាក់រៀន​ដែល​ត្រូវ​ផ្អាក​បណ្តោះអាសន្ន​នោះ​រួមមាន​ទី​១វិទ្យាល័យ​ពញា​ពន់​ផ្អាក​ថ្នាក់​ទី​៩B ។ ​២ វិទ្យាល័យ​បឹង​ប្រិយ៍ ថ្នាក់រៀន​ផ្អាកថ្នាក់​ទី​១២A1, ៩C1,​និង​៩ D១ ។​ទី​៣. វិទ្យាល័យ​បឹង​ធំ ផ្អាក​ថ្នាក់​ទី​៧A2​។ ៤.វិទ្យាល័យ​វត្តភ្នំ ផ្អាក​ថ្នាក់​ទី ៩H2 ៩D2 ៩B2 ៩ B1 ៩H2 ១២C2 ១២C1១២B2​និង​១២ H2​។​៥ វិទ្យាល័យ​វត្ត​កោះ ថ្នាក់​ទី​៧P​។​

ក្រសួង​បាន​ណែនាំ​បន្តថា​ ចំពោះ​ថ្នាក់​ដទៃទៀត​ត្រូវ​បន្ត​ដំណើរការ​ជាធម្មតាប៉ុន្តែ​ត្រូវ​បន្ត​រិត​ត្បឹ​ត​ការ​ចេញ​លេង និង​បន្ត​ពាក់​ម៉ាស​និង​លាង ដៃ​ជាប្រចាំ​។ មិន​អនុញ្ញាត​ឲ្យ​មានការ​ទាក់ទង ពី​សិស្ស​ម្នាក់​១​ទៅ​ថ្នាក់​១ ទៀតនិង​មិន​អនុញ្ញាត​ឱ្យមាន​ការជួប​ជុំ ឬ​ប្រជុំក្រៅពី​ការសិក្សា​ក្នុង​សាលារៀន​ឡើយ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម