Connect with us

ព័ត៌មានជាតិ

រូបសំណាក​លោក​តា ដំបង គ្រញូង មានប្រវត្តិ​បែបណា ជា​និមិត្ត​រូប​ខេត្តបាត់ដំបង?

បានផុស

នៅ

ខេត្តបាត់ដំបង÷​ប្រជាជនខ្មែរនៅ​ខេត្ត​បាត់ដំបង និង​មកពី​គ្រប់ទិសទី​មានជំនឿ​លើ​រូបសំណាកលោកតា ដំបងគ្រញួង​នៅ​ខេត្ត​បាត់ដំបង ដែលតែងតែ​គោរពនិងបន់ស្រន់​សុំសេចក្តីសុខ និង​ការ​បួងសួង​សុំពរជ័យ​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមឯកសារបានបង្ហាញប្រវត្តិលោកតាដំបងក្រញួងខុសៗគ្នា ខ្លះប្រហាក់ប្រហែលគ្នា។ ដោយឡែកឯកសារ​មួយ​អាច​ជឿ​ទុកចិត្តបាន​បង្ហាញ​ពីប្រវត្តិ​ និងការ​សាងសង់​រូបសំណាកលោកតាដំបងក្រញ៉ូង ជានិមិត្ដរូបរបស់ខេត្ដបាត់ដំបងនេះ។

បើ​យោង​តាម​ឯកសារ​មន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង​បាន​បញ្ជាក់​ថា រូបសំណាកលោក​តា​ដំបង​ក្រញូង​មានកំពស់ ៦,៥ម៉ែត្រសាងសង់ដំបូងក្នុងសម័យសង្គមរាស្ដ្រនិយមដែលមានទំហំតូចជាងសព្វថ្ងៃ។ ក្នុងឆ្នាំ១៩៩៩ ក៏​បាន​សាងសង់​ថ្មី​ឡើងវិញសម្រាប់ជាទីគោរពសក្ការ:តាមជំនឿរបស់អ្នកស្រុក។

ពាក់ព័ន្ធប្រវត្តិលោកតាដំបងក្រញួងបានបង្ហាញពី​​ប្រវត្តិ​ថា លោកតាដំបងក្រញួង មានដើមកំណើតនៅស្រុកសួនមង្ឃុតមានឪពុកឈ្មោះសួន ម្តាយឈ្មោះសែន ប្រសូត្រនៅថ្ងៃទី៦កើតខែពិសាខឆ្នាំថោះ ព.ស១១៥៤គ.ស៦១២ ខណះពេលដែលបានប្រសូត្រមកហើយមានសម្បុរពណ៌ខ្មៅស្រអែមស្វាយ ទើបម្តាយឪពុកក៏ដាក់ឈ្មោះឱ្យហៅថា (ញូង) តែម្តង។

ក្រោយពីនាយញួងពេញវ័យបានចូលបំរើ ជាសមាជិកកំណែន​កាលពីសម័យនោះ គាប់ជូនដល់វេន​នាយញួងនៅដាំបាយ ខណះបាយឆ្អិនរកអីជ្រូយបាយមិនបាន នាយញូងក៏ងាកឆ្វេងស្តាំ ស្រាប់តែក្រឡេកឃើញមែកដើមរកាខ្មៅ នាយញូងក៏​ឈោងចាប់កាច់យកមែកដើមរកាខ្មៅនេះ មកជ្រួយបាយ។ រំពេចភ្លាមនោះ បាយដែលមានពណ៌សស្គុះ ក៏ប្រែក្លាយជាខ្មៅវិញដោយក្តីហេវហត់និងឃ្លានផង នាយញូងក៏បរិភោគបាយពណ៌ខ្មៅនោះទាល់តែអស់ពីខ្ទះ។ បន្ទាប់មកនាយញូង ក៏ចាប់ផ្តើមដាំបាយថ្មីសំរាប់សមាជិកកំណែនឯទៀតបរិភោគម្តងទៀត។ ហើយការដាំបាយលើកទី២នេះ នាយញូងរកមែកដើមរកាខ្មៅនោះដដែលមកជ្រួយបាយម្តងទៀត ក៏ស្រាប់តែមែកឈើនោះបាត់ស្រមោលរកមិនឃើញទាល់តែសោះ។

ក្នុងចំណុចនាយញួងបរិភោកបាយពណ៌ខ្មៅនេះហើយ ទើបធ្វើឱ្យនាយញួងមានរឹទ្ធបារមីពីទេវតាហើយមានកម្លាំងដូចដំរីសារ ទើបប្រជារាស្ត្រសម័យនោះហៅនាយញួង ជាអ្នកមានបុណ្យបារមី ហើយប្រជារាស្ត្រសម័យនោះក៏បានសាងសង់ជារូបសំណាកសម្រាប់គោរពបូជាបន់ស្រន់សុំសេចក្តីសុខ ហើយបានហៅតៗគ្នាថាលោកតាដំបងក្រញួងរហូតដល់សព្វថ្ងៃ។ រូបសំណាកនេះត្រូវបានគេជឿថាមានបារមីបំផុតលើជំនឿសាសនាពិសេសការបន់ស្រន់នានារបស់ប្រជាជនខ្មែរ។

ជុំវិញបារមីនេះដែរ លោកគឹម សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តបាត់ដំបង បានលើកឡើងថា រឿងនេះលោកពិបាកធ្វើការវិន្និច្ឆ័យណាស់ អាស្រ័យទៅលើបុគ្គលម្នាក់ៗ។ ទំនៀមទម្លាប់ក្នុងការជឿទៅលើការបន់ស្រន់ក្តី ពេលខ្លះក៏បានផលនៃការបន់ដោយចៃដន្យ ដូច្នេះលោកមិនដឹងថា រូបលោកតាដំបងក្រញួងមានបារមីពិតឬយ៉ាងណា​ គឺអាស្រ័យលើលទ្ធផលអ្នកដែលធ្លាប់បន់ស្រន់សម្រេច​តាម​បំណង​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋនិងមហាជនតែងតែ​បន់ស្រន់​រូបសំណាក លោកតាដំបងក្រញួងថា​មាន​បារមីស័ក្កសិទ្ធ ខណះដែលប្រជាជនមួយចំនួនធំដែលបានមកបន់ស្រន់ តែងទទួលបានដូចបំណងហើយបាននិយាយតៗគ្នាថាលោកតាដំបងក្រញួងពិតជាស័ក្ក​សិទ្ធណាស់។ ការបន់ស្រន់នេះគេសង្កេតឃើញមានកើតឡើងជារៀងរាល់ថ្ងៃជាពិសេសថ្ងៃ ឧបោសថសីលនិងថ្ងៃបុណ្យទានធំៗម្តងៗគេសង្កេតឃើញ មានមនុស្សច្រើនកុះករមកធ្វើការបន់ស្រន់ និងមានប្រារព្ធពិធីសាសនាផ្សេងៗផងដែរ ដែលតែងទទួលមកវិញនូវសេចក្តីសុខចាកផុតគ្រោះចង្រៃឬបានបំពេញបំណងដល់បុគ្គលដែលបានបន់ស្រន់ជាដើម៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម