Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្មបង្ហាញពីបច្ចេកទេសធ្វើស្រែបែបថ្មីទទួលបានទិន្នផលខ្ពស់​

បានផុស

នៅ

ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ​បានបង្ហាញ​ពី​បច្ចេកទេស​ធ្វើស្រែ​ថ្មី​ដែលហៅថា​« ការអនុវត្ត​បច្ចេកទេស​ពន្លិច​ឆ្លាស់​ និង​ប​ង្គោ​ក» ​ដែលជា​បច្ចេកទេស​កសិក​ម្ម​វៃឆ្លាត​នឹង​អាកាសធាតុ លើ​ការគ្រប់​គ្រង​ទឹក និង​ដី​ដែល​ធ្វើឱ្យ​ប្រជាកសិករ​ទទួលបានទិន្នផល​ខ្ពស់​គិត​ជា​មធ្យម​៣,៥៩​តោន​ក្នុង​១​ហិកតា​។​

តាមរយៈ​ទំព័រ​ហ្វេ​ប៊ុ​កនៅ​ព្រឹក​នេះ លោក វេ​ង​ សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានឱ្យដឹងថា​ គោលបំណង​នៃ​ការ​ធ្វើស្រែបង្ហាញ​ គឺ​ដើម្បីឱ្យ​កសិករ​ចូលរួម​ធ្វើការ​ផ្ទៀងផ្ទាត់​អំពី​ប្រសិទិ្ធ​ភាព​នៃ​បច្ចេកទេស(AWD) និង​ធ្វើការ​ប្រៀបធៀប​ទិន្នផល​លើ​ស្រែ​ដែល​បាន​អនុវត្ត​បច្ចេក​ទេស​ពន្លិច​ឆ្លាស់​និង​ប​ង្គោក​ជាមួយនឹង​ស្រែ​ដាំ​ដុះ​តាម​ទម្លាប់​ធម្មតា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ​បង្ហាញ​លើ​ការរៀបចំ​ដី ការ​កៀរ​ពង្រាបដី​ឱ្យ​ស្មើ​ល្អជម្រើស​បច្ចេកទេស​ដាំ​ដុះ ការគ្រប់គ្រង​ទឹក ការប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ និង​ការ​វាស់កម្ពស់​ទឹក​ក្នុង​ស្រែ​ទាក់ទង​នឹង​កត្តា​អាកាសធាតុ​ប្រែប្រួល​លើ​ដំណាំ​។​

លើសពីនេះ ស្រែ​នៅតាម​ទីតាំង​នីមួយៗ ក៏បាន​បង្ហាញ​អំពី​ការប្រើប្រាស់​ជីធម្មជាតិ និង​ជី​កំ​ប៉ុ​ស្ដ​ក្នុង​ការបង្កើន​គុណភាព​ដី​កសិកម្ម និង​រក្សា​សំណើម​ដី​ដើម្បី​ទប់​ទល់នឹង​ភាពរាំងស្ងួត​។​

ការជ្រើសរើស​ទីតាំង​អនុវត្ត​ជម្រើស​បច្ចេកទេស​វៃឆ្លាត​នឹង​អាកាសធាតុ គឺជា​ភាពចាំបាច់​ស្របទៅ​តាម​ទីតាំង​ភូមិសាស្ត្រ​នីមួយៗ​ដែល​ស្ថិតនៅក្នុង​តំបន់​ងាយ​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាស​ធាតុហើយ​តំបន់​នោះបាន​រង​ផលប៉ះពាល់​មានដូចជា រាំងស្ងួត ទឹកជំនន់ និង​សត្វល្អិត​បំផ្លាញ​ជាដើម​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ស្រែ​បង្ហាញ​ស្តីពី​ជម្រើស​បច្ចេកទេស​កសិក​ម្ម​វៃឆ្លាត​នឹង​អាកាសធាតុ​លើ​ការ​គ្រប់គ្រង​ទឹក​និង​ដី តាមរយៈ​ការអនុវត្ត​បច្ចេកទេស​ពន្លិច​ឆ្លាស់​និង​ប​ង្គោ​ក (AWD)លើ​ដំណាំ​ស្រូវ មានដូចជា​៖ (​ក​). ការប្រើប្រាស់​ព័ត៌មាន​ព្យាករណ៍​អាកាសធាតុ​៖ ការប្រើប្រាស់​ព័ត៌មាន​ព្យាករណ៍​អាកាសធាតុ​សម្រាប់ វិស័យ កសិកម្ម (​ក​សិ​-ឧតុនិយម​) ជា​ជំនួយ​ក្នុងការ​រៀបចំ​ផែនការ និង​ប្រតិទិន​ដាំ​ដុះ ការត្រៀម​បង្ការ​ជាមុន​នៅពេល​មាន​ហានិភ័យ​អាកាសធាតុ​។ ព័ត៌មាន​ក​សិ​-ឧតុនិយម បាន​អនុវត្ត​ក្នុងពេល​ដំណើរការ​រៀបចំ​ដី ការគ្រប់គ្រង​ទឹក​តាម​ដំណាក់កាល​លូតលាស់​នីមួយៗ​របស់​ដំណាំ ពេលវេលា​ដាក់​ជីបាញ់ថ្នាំ​កសិកម្ម ការថែទាំ ពេលវេលា​ប្រមូល​ផល​និង​ទុកដាក់​។​

(​ខ​). ការប្រើប្រាស់​ជីធម្មជាតិ និង​ជី​កំ​ប៉ុ​ស្ដ​៖ ការ​ភ្ជួរ​លប់​គល់​ជញ្ជ្រាំង​ក្រោយពី​ពេល​ប្រមូល​ផល​រួច និង​លើកទឹកចិត្ត​កសិករ​លើ​ការប្រើប្រាស់​ជីធម្មជាតិ និង​ជី​កំ​ប៉ុ​ស្ដ​ឱ្យបាន​ទូលំទូលាយ ដើម្បី​ចូលរួម​កែលម្អ​ការប្រើប្រាស់​ដី ការបង្កើន​គុណភាព​ដី​កសិកម្ម និង​រក្សា​សំណើម​ដី​ទប់​ទល់នឹង​ភាពរាំងស្ងួត​។​

(​គ​). ការ​កៀរ​ពង្រាប​ដីស្រែ​៖ ការអនុវត្ត​អាស្រ័យ​ទៅតាម​ទីតាំង​ភូមិសាស្ដ្រ​ជាក់ស្ដែងវិធីសាស្ត្រ​នៃ​ការ​កៀរ​ពង្រាបដី​ដែលមាន​ផ្ទៃដី​តូច គឺ​អនុវត្ត​លើ​ស្រែ​ដែល​ភ្ជួរ​រួចដោយ​ប្រើគោ ក្របី គោយន្ត ត្រាក់ទ័រ ដោយ​បំពាក់​ជាមួយ​រនាស់​ធ្មេញ​ធម្មតា​។​ចំពោះ​ផ្ទៃដី​ដាំ​ដុះ​ដែលមាន​ទំហំ​ធំគេ​ប្រើប្រាស់​ត្រាក់ទ័រ​ដើម្បី​កៀរ​ពង្រាបដី​ដែល​បញ្ជា​ដោយ​ប្រព័ន្ធ​ឡា​ហ្ស៊ែ​រ​ទំនើប​អាច​អនុវត្តបាន​នៅក្នុង​ស្រែ​គោក ឬ​មិន​ប្រើប្រាស់​ទឹក​ដែល​អាចជួយ​សន្សំសំចៃ​ទឹក​ទុក​ស្រោចស្រព​ដំណាំ​។​

វិធីសាស្ត្រ​នេះ​អាចអនុវត្ត​បាន​នៅក្នុង​រដូវប្រាំង ឬ​នៅលើ​ដីស្រែ​ទំនេរមិនទាន់មាន​ការដាំដុះ​ដំណាំ​នៅឡើយ​។​ ការ​កៀរ​ពង្រាប​ដីស្រែ​មាន​សារៈប្រយោជន៍​មួយចំនួន​ដូចជា ផ្តល់​ភាពងាយស្រួល​ដល់​ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម ផ្តល់​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ទឹក រក្សារ​បាយទឹក​ឱ្យ​ស្មើ​ល្អ​នៅក្នុង​ស្រែការ​សន្សំសំចៃ​ទឹក​ស្រោចស្រពការប្រើប្រាស់​ជី​និង​ការគ្រប់គ្រង​ស្មៅ​ចង្រៃ​មានប្រសិទ្ធ​ភាព និង​ដំណាំ​ដុះ​លូតលាស់​ស្មើ​ល្អ​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ច្រូតកាត់​ដោយ​ដៃឬ​ម៉ាស៊ីន​ច្រូត (​កុំ​បៃ​) និង​ការដឹកជញ្ជូនព្រមទាំង​ជួយ​កាត់បន្ថយ​ការចំណាយ​ថវិកា​និង​ពលកម្ម​ច្រើន​។​

(​ឃ​). ការអនុវត្ត​បច្ចេកទេស​ពន្លិច​ឆ្លាស់​និង​ប​ង្គោ​ក​៖គឺជា​បច្ចេកវិទ្យា​សន្សំសំចៃ​ទឹក​ដែល​កសិករ​អាច​អនុវត្ត​ដើម្បី​កាត់បន្ថយ​តម្រូវការប្រើប្រាស់​ទឹក​ប្រមាណ​ពី ១៦% – ៣៥% ដោយ​ពុំមាន​ការថយចុះ​ទិន្នផល​។ ការ​សន្សំសំចៃ​ទឹក​ជាមួយនឹង​ការបញ្ចេញ​បញ្ចូល​ទឹក​ក្នុង​ស្រែ (AWD)មាន​ផល​វិជ្ជមាន​ទៅ​លើ​ការប្រើប្រាស់​ទឹកជាពិសេស​នៅតាម​តំបន់​ដែល​ងាយ​រងគ្រោះ​រាំងស្ងួត​។ ក្នុងការ​អនុវត្ត​ជាក់ស្តែង​ស្រែ​ត្រូវ​ពន្លិចទឹក​និង​ប​ង្គោ​ក អាចមាន​គម្លាត​រហូត​ដល់​ជាង​១០​ថ្ងៃអាស្រ័យ​លើ​ប្រភេទ​ដី អាកាស​ធាតុ​នៅ​តំបន់​ដាំ​ដុះ ប្រភេទ​ពូជ​ដំណាំ និង​ដំណាក់កាល​លូតលាស់​នីមួយៗ​។​

ការបញ្ចេញ​បញ្ចូល​ទឹក​ក្នុង​ស្រែ​អាច​ចាប់ផ្ដើម​ក្នុងពេល ១ – ២សប្តាហ៍​ក្រោយពេល​ស្ទូង​រួច​។ ក្រោយ​ពេល​បញ្ចូល​ទឹក​រួចជម្រៅ​ទឹក​ក្នុង​ដីស្រែ​នឹង​កើនឡើង​បន្តិច​ម្ដងៗ (​មើល​បំពង់​វាស់​ទឹក​)​។​ នៅពេល​កម្រិត​ទឹកធ្លាក់​ចុះ​ដល់​១៥​សង់ទីម៉ែត្រ ក្រោម​ស្រទាប់ដី​ផ្នែក​ខាងលើ​(​មើល​កម្រិត​ទឹក​ក្នុង​បំពង់​) គួរ​ធ្វើការ​បញ្ចូល​ទឹក​ដើម្បី​ពន្លិច​នៅក្នុង​ស្រែ​ម្ដងទៀត​ដោយ​រក្សា​កម្ពស់​ទឹក​ក្នុង​ស្រែ​ចន្លោះពី ៥ – ១០​សង់ទីម៉ែត្រ ទៅតាម​តម្រូវការ​ទឹក​នៃ​វគ្គ​នីមួយៗ​របស់​ដំណាំ​។ នៅពេល​មាន​ស្មៅ​ចង្រៃ​ច្រើន គួរ​ផ្អាក​ការបញ្ចេញ​ទឹក​ពី​ស្រែ​ក្នុង​រយៈពេល ២ -៣ សប្ដាហ៍​សិន ហើយ​ត្រូវ​បំផ្លាញ​ស្មៅ​ចង្រៃ​ឱ្យ​អស់ពី​ក្នុង​ស្រែ​។​

ការប្រើប្រាស់​ជី​ត្រូវ​អនុវត្តតាម​ការណែនាំ​អំពី​ប្រភេទ​ជីនិង​ប្រភេទ​ពូជ​ដំណាំ​ស្រូវ​ដែល​បាន​ពន្លិចទឹក​ និង​ជី​ដែល​ត្រូវ​ប្រើ​សម្រាប់​ដី​ស្ងួត​មុនពេល​បញ្ចូល​ទឹក​។ក្រោយពេល​ស្រូវ​ចេញ​ផ្កា​ត្រូវធ្វើ​ការរក្សា​កម្ពស់​ទឹក​ក្នុង​ស្រែ​ជា​មធ្យម​ពី ១០ -១៥​សង់ទីម៉ែត្រ​។ ប៉ុន្តែ​បើ​ក្នុងករណី​ប​ង្គោ​ក​ទឹក​ចេញ​វិញ មិនត្រូវ​ឱ្យលើស​រយៈពេល ៣ ឬ៥​ថ្ងៃ​ឡើយ​។ ក្នុងអំឡុងពេល​ស្រូវ​ដាក់​គ្រាប់ និង​ពេល​ស្រូវ​ទុំយើង​អា​ច​បង្គោក​ទឹក​ចេញ​ឱ្យ​ធ្លាក់ចុះ​ដល់​កម្រិត​១៥​សង់ទីម៉ែត្រក្រោម​ស្រទាប់ដី​ផ្នែក​ខាងលើ (​មើល​កម្រិត​ទឹក​ក្នុង​បំពង់​) បាន​ម្ដងទៀត​។​

(​ង​). ការប្រើប្រាស់ និង​ការដាក់​បំពង់​វាស់​ទឹក​៖បំពង់​វាស់​ទឹក​គឺជា​ឧបករណ៍​សម្រាប់​តាមដាន​កម្ពស់​ទឹក​ក្នុង​ស្រែដោយ​វាស់​មើល​កម្រិត​ទឹក​នៅក្នុង​បំពង់​។​

បំពង់​ត្រូវ​បានដាក់​នៅ​ទីតាំង​ជ្រើសរើស​សមស្រប​ណាមួយដូចជា​នៅតាម​កែង​ស្រែ​ដោយ​រក្សា​ក្នុង​ទម្រង់​រូបភាព​ជា​អង្កត់ទ្រូង ឬ​ទម្រង់​ជា​អក្សរ​ហ្សិត(Z)​។ ការដាក់​បំពង់​វាស់​ទឹក​ក្នុង​ស្រែ​គឺ​អាស្រ័យ​តាម​ស្ថានភាព​ស្រែនិង​ទឹក​នៅក្នុង​ស្រែ​នោះ​។ ចំនួន​បំពង់​ចាប់ពី ៤ – ៦​បំពង់ ឬ​ច្រើនជាង​នេះ​អាស្រ័យ​តាម​ទំហំ​ស្រែ​។​

(​ច​). ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​៖ លើកកម្ពស់​ការផ្តល់​ចំណេះដឹង និង​ចែករំលែក​បទពិសោធន៍ដល់​អ្នកពាក់ព័ន្ធ​ឱ្យ​ចូលរួម​អនុវត្ត​បច្ចេកទេស​លើ​ការគ្រប់គ្រង​ទឹក និង​ដីតាមរយៈ​ការប្រើប្រាស់​បច្ចេកទេស​ព​ន្លិ​ច​ឆ្លាស់ និង​ប​ង្គោ​ក (AWD) នៅ​សហគមន៍​កសិករ​មូល​ដ្ឋា​ន​ក្នុងការ​គ្រប់គ្រង​ទឹកសន្សំសំចៃ​ទឹក និង​បង្កើន​ទិន្នផល​ស្រូវ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​តាមរយៈ​ការអនុវត្ត​ផ្ទាល់​លើ​ស្រែ​កសិករ ជាទូទៅការប្រមូល​ផល​គឺ​ទទួលបាន​ទិន្នផល​ចាប់ពី ២,៧៥ – ៤,៧០ តោន​ក្នុង​មួយ​ហិកតាទៅតាម​ប្រភេទ​ដី​ខុសៗ​គ្នា (​ទិន្នផល​មធ្យម ៣,៥៩​តោន​/​ហិកតា​)​។ការកត់សម្គាល់​ជារួម​ដោយ ធ្វើការ​ប្រៀបធៀប​ទិន្នផល​ស្រូវ​បាន​បង្ហាញថា ការអនុវត្ត​បច្ចេកទេស AWD បាន​ជួយ​បង្កើន​ទិន្នផល​ស្រូវ​ក្នុង​បរិមាណ​ពី ១៥០ -៣៥០ គ​.​ក្រ​/​ហ​.​តបើ​ប្រៀបធៀប​ជាមួយនឹង​ស្រែ​កសិករ​ដែល​មិនបាន​អនុវត្ត​បច្ចេកទេស​នេះ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម