Connect with us

ព័ត៌មានជាតិ

ម្ចាស់​សំណង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​TOTAL បាន​លើក​ឡើង​ថា សំណង់​របស់​លោក​មានច្បាប់​និង​មិន​រំលោភ​យក​ដី​រដ្ឋ​នោះ​ទេ

បានផុស

នៅ

ស្វាយរៀង ៖ សំណង់​ស្ថានីយ​ប្រេងឥន្ធនៈ​រួម និង​ម៉ា​ត​លក់ទំនិញ​យ៉ាង​ទំនើប​មួយកន្លែង​ស្ថិតនៅ​ផ្លូវ​ច្រមុះជ្រូក​សួន​រូប​សត្វ​រមាស តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​កៀន​សាំង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​លើក​ជា​ចម្ងល់ និង​បាន​ចោទ​ថា កំពុង​សាងសង់​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ​យ៉ាង​រំភើយ ដោយ​គ្មាន​អាជ្ញាធរ​ណា​ចុះ​ហាមឃាត់ ឥលូវ​នេះ​ម្ចាស់​សំណង់​ខាងលើ​បាន​ចេញមក​បកស្រាយ​ហើយ ដើម្បី​ឲ្យ​មហាជន​បានដឹង​ច្បាស់​កុំ​ឲ្យ​មានការ​មន្ទិលសង្ស័យ​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាវ ទី ដែល​ជា​ម្ចាស់​សំណង់​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​TOTAL រួម​នឹង​ម៉ា​ត​យ៉ាង​ទំនើប​ខាងលើ​នោះបាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២១​ថា សំណង់​របស់​លោក​ដែល​បាន​នឹង​កំពុង​សាងសង់​នេះ​គឺ​មាន​ប្លង់ ច្បាប់​សាងសង់​ស្ថានីយ​ប្រេង​រួម​នឹង​ម៉ា​ត​លក់ទំនិញ​ផ្សេងៗ​ទៀត​ខាង​ផ្នែក​ដែលមាន​ការ​ពាក់ព័ន្ធ​ទាំងអស់​បានរៀបចំ​សំណុំ​ឯកសារ​ហើយ​បានធ្វើការ​បញ្ជូន​ទៅដល់​ក្រសួង​រួចរាល់​អស់ហើយ​។

លោក​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ចំពោះ​ការ​លើកឡើងថា ផ្លូវ​បេតុង​នៅ​ខាងមុខ​សំណង់​ស្ថានីយ​ប្រេង​របស់លោក​នោះ​ គឺ​លោក​បាន​ធ្វើ​សាជាថ្មី ដោយ​ឲ្យ​ត្រូវ​នឹង​នីវ៉ូទឹក​ដើម្បី​កុំ​ឲ្យ​លិច​ទឹក​ព្រោះ​ទើប​និង​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ហើយ​ផ្លូវ​បេតុង​របស់​រដ្ឋ​នោះ គឺមាន​ទំហំ​តែ​៤​ម៉ែត្រ​ប៉ុណ្ណោះ ចេញពី​ខឿន​សួនច្បារ​រូប​រមាស ដូច្នេះ​ផ្លូវ​នៅតែ​ជា​ផ្លូវ​ដដែល​ទេ ហើយ​លោក​ក៏​ពុំបាន​រំលោភ​យក​ដី​ផ្លូវ​របស់​រដ្ឋ​នោះដែរ​។

ជាក់ស្តែង​ផ្លូវ​ដែល​ត្រូវ​ស្ថាបនា​ថ្មី​នោះ​មាន​ទំហំ រហូតដល់​ទៅ​១១​ម៉ែត្រ បូករួម​នឹង​ដី​ឯកជន​របស់លោក ដោយ​ក្នុង​នោះ​ដី​ផ្លូវ​របស់​រដ្ឋ​មាន​ទំហំ​ត្រឹមតែ​៤​ម៉ែត្រ​ប៉ុណ្ណោះ​។ រីឯ​ដំបូល​សំណង់​វិញ​គឺ​លោក​ធ្វើ​ត្រឹមតែ​ដី​របស់​លោក​ដែល​មាន​ប្លង់​នោះ​ទេ គឺ​លោក​មិនបាន​បំពាន​រំលោភ​យក​ដី​សាធារណៈ​នោះដែរ ហើយ​ក្រោយពី​ធ្វើ​រួចរាល់​ខាង​លោក​ក៏​នឹង​រៀបចំ​បំពាក់​ភ្លើង​បំភ្លឺ រួម​និង​ចំណាំងផ្លាត​សញ្ញា​ចរាចរណ៍ ដើម្បី​កែលំអ សោ​ភណ្ឌ​ភាព​សួនច្បារ​រូប​រមាស​នេះ​ថែម​ទៀត​ផង​។

លោក ហាវ ទី បាន​បញ្ជាក់​ទៀត​ថា ខាង​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​TOTAL​គេ​បាន​ចុះ​មក​សិក្សា​ផ្លូវច្បាប់​រួចរាល់​អស់ហើយ គឺ​មិន​ឲ្យ​ប៉ះ​ពាល់​ដី​របស់​រដ្ឋ​ ឬ ​ដី​ឯកជន​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ បើ​មានការ​ប៉ះ​ពាល់​មែន​នោះ​ក៏​ខាង​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​សាងសង់​នោះ​ដែរ​។ អាស្រ័យ​ហេតុ​នេះ​ហើយ​លោក​សុំ​ការយោគយល់​ចំពោះ​មហាជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​ឲ្យ​មានការ​ភាន់ច្រឡំ​។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក ណុប ចំរើន អភិបាលក្រុង​ស្វាយរៀង បាន​ឲ្យ​ដឹងថា សំណង់​ស្ថានីយ​ប្រេងឥន្ធនៈ TOTAL នេះ គឺ​គេ​បាន​សាងសង់​ត្រឹមត្រូវ​ទៅតាម​ប្លង់ និង​បាន​សុំច្បាប់​អនុញ្ញាត​ទៅដល់​ក្រសួង​ពាក់ព័ន្ធ​រួចហើយ។

ចំពោះ​រឿងរ៉ាវ​នេះ លោក ចាន់ មុន្នី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត បាន​ប្រាប់​តាម​ទូរ​សព្ទ​ថា នា​ពេល​កន្លងមក​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រុង​ស្វាយរៀង​បាន​ចុះ​សិក្សា​ទីតាំង​កន្លែង​ស្ថានីយ​ប្រេង​ឥន្ធនៈ​នេះ​រួច​អស់ហើយ ពុំ​មាន​ផលប៉ះពាល់​នោះទេ​ដោយ​បាន​រៀបចំ​កែលំអ​សួនច្បារ​រូប​រមាស ឲ្យ​មាន​សភាព​ស្រស់​ស្អាត​ជាង​មុន ហើយ​ដោយឡែក​សំណង់​នោះ​ក៏​គេ​បាន​សុំ​ទៅ​ក្រសួង​រួចរាល់​អស់ហើយ​។

ពាក់ព័ន្ធ​នឹង​រឿងនេះ លោក ប៉ុក តក ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងផង​ដែរ​ថាៈ ឯកសារ​ផ្សេងៗ​ពាក់ព័ន្ធ​ទៅ​និង​ស្ថានីយ៍​ប្រេង​ខាងលើ​នោះ គឺ​បាន​បញ្ជូន​ទៅដល់​ក្រសួង​រួចរាល់​អស់ហើយ​នាពេល​កន្លងមក ដោយ​យើង​និយាយ​ជា​រួម​ស្រួល​ស្ដាប់ គេ​មានច្បាប់​ត្រឹមត្រូវ​៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម