ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ចៅ​ហ្វាយ​ស្រុក​បន្ទាយ​ស្រី​បញ្ជាក់​ពី​កា​រភាន់​ច្រឡំថា​ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រាទិញ​ដី​មិន​ស្រប​ច្បាប់​

បានផុស

នៅ

លោក ឃឹម​ ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី​ ក្នុង​ខេត្ត​សៀមរាប​​បាន​ឱ្យ​ដឹង​ថា​ ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ការ​លើក​យក​ប្រធាន​បទ​ស្តី​ពី​ការ​ធ្វើ​អនុបយោគ​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​ក្នុង​ស្រុក​បន្ទាយ​ស្រី​ពី​សំណាក់​បណ្តារ​សារព័ត៌មាន​​មួយ​ចំនួន​ភាគ​ច្រើន​ក្រោម​ចំណង​ជើង​ថា​ រាជរដ្ឋាភិបាល​កាត់​ដី​គម្រប​ព្រៃ​ឈើ​ជិត​២០០ហិកតា នៅ​ស្រុក​បន្ទាយ​ស្រី​ឱ្យ​ទៅ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​​ ហ្វីណង់ ​ការ​ប្រើ​ប្រាស់​ចំណង​ជើង​បែប​នេះ​អាច​បណ្ដាល​ឱ្យ​សាធារណៈ​ជន​មាន​ការ​ភ័ន្ត​ច្រឡំ​និង​បក​ស្រាយ​ខុស ​ដូច្នេះ​ហើយ​ទើប​លោក​​សុំ​យក​ឱកាស​នេះ​ស្រាយ​បំភ្លឺ​ឱ្យ​បាន​ច្បាស់​បន្តិច​ចំពោះ​ការ​លើក​ឡើង​នេះ​។​ ការ​ធ្វើ​អនុប​យោគ​ដី​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​ជា​ដី​ឯកជនរបស់រដ្ឋ ហើយ​ធ្វើ​ប្រទាន​កម្ម​ផ្តល់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ប្រជាពលរដ្ឋណា​មួយ​ មិន​មែន​ជា​ការ​យក​ដី​ដែល​នៅ​មាន​ព្រៃ​ឈើ​ ឬ​យក​ដី​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋ​នៅ​ឡើយ​ទៅ​កាត់​ឆ្វៀល​ជូន​អ្នក​ស្នើ​សុំ​នោះ​​ទេ​។​

លោក​ថា​ គោល​នយោបាយ​លើ​បញ្ហា​ដី​ធ្លី​របស់​រាជរដ្ឋាភិបាល​តែង​ធ្វើ​ការ​កាត់​ឆ្វៀល​ដី​រដ្ឋ​ដែល​លែង​មាន​ព្រៃ​ឈើ និង​ត្រូវ​បាន​ប្រជាពលរដ្ឋរស់​នៅ​កា​ន់​កាប់​អាស្រ័យ​ជាក់​ស្តែង​ផល​យូរ​មក​ហើយ​ ដើម្បី​ផ្តល់​កម្ម​សិទ្ធិ​រឹង​មាំ​ជូន​ពួក​គាត់​អាចយកទៅចាត់ចែងបានពេញលេញ​ ដូច​ដែល​ធ្លាប់​បាន​ឃើញ​កាល​ពី​បទ​បញ្ជាលេខ០១ និង​ការ​លើក​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​របស់​សម្តេចនាយករដ្ឋមន្ត្រី នៅ​ក្នុង​សម័យ​ប្រជុំ​គណៈរដ្ឋមន្រ្តីពេញអង្គ កាល​ពី​ថ្ងៃទី ៣ ​ខែ​កក្កដា ​ឆ្នាំ​២០២០ផងដែរ។ ដី​ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​ដី​ដែល​ត្រូវ​បាន​បង​ប្អូន​ប្រជាពលរដ្ឋ​កាន់​កាប់​អាស្រ័យ​ផល​ជាក់​ស្តែង​អស់​រយៈ​កាល​ដប់​ម្ភៃ​ឆ្នាំ​រួច​មក​ហើយ ​ដោយ​មាន​អាជ្ញាធរមូលដ្ឋាន​បាន​ដឹង​លឺ ​ហើយ​ក៏​មិន​មែន​ជា​ដី​ព្រៃ​ ដែល​ត្រូវ​ការពារ​អភិរក្ស​ ដី​ទំនេរ​ដែល​រដ្ឋ​អាច​ដាំ​ដើម​ឈើ​ឡើង​វិញ ​ឬ​ដី​ដែល​រដ្ឋ​អាច​យក​មក​គ្រប់​គ្រង​ឡើង​វិញ​នោះ​ដែរ​។​

ការ​ធ្វើ​អនុបយោគ​​លើ​ដី​រដ្ឋ​ទាំង​នេះ​គ្រាន់​តែ​បន្ថែម​ភាព​ស្រប​ច្បាប់​ទៅ​លើ​អ្វី​ដែល​ពួក​គាត់​បាន​កាន់​កាប់​ច្រើន​ឆ្នាំ​រួច​ហើយ​តែ​ប៉ុណ្ណោះ​ ដោយ​ហេតុ​ថា​ផែន​ទី​គម្រប​ព្រៃ​ឈើ​ដែល​នៅ​មាន​សុពលភាព​នៅ​ឡើយ​នោះ ​ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ​ ជៀស​មិន​ផុត​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​បាន​សម​ស្រប​ទៅ​នឹង​ស្ថានភាព​ជាក់​ស្តែង​នោះ​ទេ​។​

ការ​កាត់​ឆ្វៀល​ដី​រដ្ឋ​នេះ​ទៀត​សោត​ក៏​មិន​មែន​ធ្វើ​ឡើង​សម្រាប់​តែ​បុគ្គល​ណា​ម្នាក់​នោះ​ដែរ​ កន្លង​មក​ក៏​មាន​ដី​សាធារណៈ​របស់​រដ្ឋ​ ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ត្រូវ​បាន​កាត់​ឆ្វៀល​ និង​ផ្តល់​កម្ម​សិទ្ធិ​ជូន​ជា​បន្ត​បន្ទាប់​រួច​មក​ហើយ​ដែរ​។​

រហូត​មក​ដល់​ពេល​នេះ ​នៅ​សល់​ដី​រដ្ឋ​ជាង​៥០០០ក្បាល​ដី​ទៀត​នៅ​ក្នុង​ស្រុក​បន្ទាយ​ស្រី​ ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណស្រង់​ទិន្នន័យ និង​គ្រោង​ដាក់​ស្នើ​សុំ​ទៅ​រាជ​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​សម្រេច​ និង​ធ្វើ​ការ​កាត់​ឆ្វៀល​ចេញ​ពី​គម្រប​ព្រៃ​ឈើ​ឆ្នាំ២០០២ផងដែរ ប្រសិន​បើ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​។ ​

សូមបញ្ជាក់ថា ដី​ដែល​ជា​គោល​ដៅ​កាត់​ឆ្វៀល​ដាច់​ខាត​ត្រូវ​តែ​ជា​ដី​ដែល​បាន​កាន់​កាប់​អាស្រ័យ​ផល​យូរ​ហើយ ​មាន​ឯកសារ​បញ្ជាក់​ច្បាស់​លាស់ ​មិន​មាន​ព្រៃ​ឈើ ​និង​មិន​ត្រូវ​ជា​ដី​ដែល​មាន​កំពុង​មាន​វិវាទ​នោះ​ទេ។ ​ដី​រដ្ឋ​ដែល​ត្រូវ​បាន​ទន្ទ្រាន​យក​ថ្មី​ៗ​ ឬ​រំលោភ​យក​មក​ដោយ​ខុស​ច្បាប់​មិន​អាច​ដាក់​ស្នើ​​សុំ​កាត់​ឆ្វៀល​ឡើយ​។​

ការ​ផ្តល់​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ទៅ​លើ​ដី​ ដែល​ប្រជាពលរដ្ឋ​បាន​កាន់​កាប់​អាស្រ័យ​ផល​យូរ​រួច​មក​ហើយ​ មាន​សារៈ​សំខាន់​បំផុត​សម្រាប់​ការ​អភិវឌ្ឍ​មូល​ដ្ឋាន​ដូច​ជា​ស្រុក​បន្ទាយ​ស្រី​ ព្រោះ​វា​នឹង​ធានា​សុវត្ថិភាព​នៃ​ការ​កាន់​កាប់​ដី​ធ្លី ​ផ្តល់​ភាព​ច្បាស់​លាស់​ និង​មូលដ្ឋាន​ច្បាប់​រឹង​មាំ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រើ​ប្រាស់​ដី​ធ្លី​របស់​ខ្លួន​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​ឱ្យ​អស់​សក្តានុពល​ និង​បើក​ផ្លូវ​ឱ្យ​មាន​ការ​វិនិយោគ​ពី​សំណាក់​វិស័យ​ឯកជន​ ដើម្បី​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services