Connect with us

ព័ត៌មានជាតិ

កងកម្លំាងអន្តរាគមន៍ ខេត្តកំពង់ធំ ត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ខណៈទឹកស្ទឹងសែនឡើងខ្លាំង

បានផុស

នៅ

ដោយអនុវត្តន៍តាមបទបញ្ជា ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព រចនាសម្ព័ន្ធរបស់កងកម្លំាងអន្តរាគមន៍ ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ បានអានសេចក្តីសម្រេចចាត់តាំង កងកម្លំាងអន្តរាគមន៍ មានសមាជិក១៥០នាក់ ដើម្បីត្រៀមអនុវត្តតាមបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានប្រគល់។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តតាមបទបញ្ជា ក្នុងការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ដែលអាចកើតមានឡើង ខណៈបច្ចុប្បន្ននេះអាកាសធាតុមានការប្រែប្រួល មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលឱ្យទឹកនៅតាម ដងស្ទឹងសែន បានដង្ហក់ឡើងមានកម្ពស់ ១៣,៣៧ ម៉ែត្រ ជិតដល់កម្រិតប្រកាសអាសន្ន គឺកម្ពស់ ១៣,៥០ម៉ែត្រ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ចដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនគ្រប់រូបក្នុងកងកម្លាំង អន្តរាគមន៍ ត្រូវត្រួតពិនិត្យឡើងវិញ នូវសម្ភារៈមធ្យោបាយមាន អាវពោងសុវត្ថិភាព ខ្សែពួរ ប៊ីដុងទឹក ពោងសង្រ្គោះ ឱ្យបានត្រឹមត្រូវ ដើម្បីធានាចល័តអន្តរាគមន៍ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានសុវត្ថិភាព  និងត្រូវតែបន្តការពារខ្លួនទប់ស្កាត់ឱ្យផុតពីការឆ្លងមេរោគកូវីដ-១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការ ៣ការពារនិង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន មិនត្រូវធ្វេសប្រហែស និងអនុវត្តន៍តាមភារកិច្ចដែលមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ជូន ឱ្យទទួលបានជោគជ័យ៕

អត្ថបទ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម