រាជធានីខេត្តចំនួន៩ បានបើកដំណើរការសាលារៀនឡើងវិញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រាជធានីខេត្តចំនួន៩ បានបើកដំណើរការសាលារៀនឡើងវិញ

បានផុស

នៅ

រហូតមកដល់ពេលនេះមានរាជធានីខេត្តចំនួន៩ហើយ បានបើកដំណើរការសាកល្បងសាលារៀនឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារការរារត្បាតនៃជំងឺកូវីដ-១៩។ រាជធានីខេត្តទាំង៩ដែលបានបើកដំណើរការសាលាឡើងវិញនោះរួមមានខេត្តព្រះសីហនុ បើកនៅថ្ងៃទី១៣ ខែកញ្ញា រាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិសាត់ ប៉ៃលិន និងបន្ទាយមានជ័យ បើកនៅថ្ងៃទី១៥ ខែកញ្ញា តាកែវ កោះកុង និងកំពង់ចាម បើកនៅថ្ងៃទី២០ ខែកញ្ញានេះ និងខេត្តស្វាយរៀងគ្រោងបើកនៅថ្ងៃទី២៧ ខែកញ្ញា ដើមសប្តាហ៍ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកខេត្តផ្សេងៗទៀតនៅមិនទាន់កំណត់ថ្ងៃបើកនៅឡើយទេ ដោយសារមានសាលាខ្លះជាប់ធ្វើជាមណ្ឌលចត្តាឡីស័កនិងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬកំពុងធ្វើការបោសំអាតបាញ់ថ្នាំសម្លាប់មេរោគជាមុនអនុញ្ញាតឱ្យសិស្សចូលរៀន។

ក្នុងចំណោមសាលាបើកទាំងនោះ មានតែរាជធានីភ្នំពេញទេដែលមានករណីសិស្សឆ្លងជំងឺកូវីដ-១៩ ទៅថ្នាក់រៀនចំនួន១៥ នៅ​វិទ្យាល័យចំនួន៥ ដោយសិស្សទាំងនោះបានឆ្លងជំងឺនេះតាំងពីមុនពេលសាលាបើកទៅទៀត។ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យបិទថ្នាក់រៀនទាំងនោះរយៈពេល១៤ថ្ងៃ ចំណែកថ្នាក់ផ្សេងៗទៀតនៅដំណើរការសិក្សាជាធម្មតា។

លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា ក្រោយពីរដ្ឋបាលខេត្ត បានវាយតម្លៃ អំពីការបើកគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនឡើងវិញ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាមរួចមក មាន ១២៤សាលា បានបើកឲ្យសិស្សានុសិស្ស ចូលរៀនវិញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។ ក្នុងនោះកម្រិតអនុវិទ្យាល័យ ចំនួន៨១កន្លែង វិទ្យាល័យ ចំនួន៤៣កន្លែង និងគ្រឹះស្ថានសិក្សាឯកជន ចំនួន៣១កន្លែង។

ថ្លែងក្នុងឱកាសបើកសាលារៀនជាលើកដំបូងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា នៅវិទ្យាល័យ សុខ អាន ១ឧសភា លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឱ្យដឹងថា មានគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលមានហានិភ័យទាប ត្រូវបានអនុញ្ញាតឱ្យដំណើរសិក្សាមានចំនួន ១១២សាលា ក្នុងនោះមានវិទ្យាល័យ៤១សាលា អនុវិទ្យាល័យ ៦៣សាលា និងសាលាឯកជន ០៨សាលា។

លោកប្រធានមន្ទីរអប់រំខេត្ត បានបន្តថា ចំណែកសាលាចំនួន ៨៣៧សាលាទៀតត្រូវសិក្សាពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូចនិច ឬការចែកសន្លឹកកិច្ចការដល់សិស្ស ឬការសិក្សាតាមបែបចម្រុះ។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍ថា សម្រាប់ខេត្តកោះកុងក៏បានបើកសាកល្បងដំណើរការសាលារៀនឡើងវិញនៅថ្ងៃនេះដែរ។ ប៉ុន្តែបើកដំណើរការនៅស្រុកខ្លះប៉ុណ្ណោះ ដោយសារសាលាខ្លះត្រូវធ្វើតេស្តគ្រូនិងសិស្សជាមុនសិន មុននឹងចូលរៀន។

លោកអភិបាលេងខេត្តបានបន្តថា តាមសំណើររបស់ប្រធានមន្ទីរអប់រំខេត្ត បានស្នើសុំតេស្តទៅលើសិស្សចំនួន ៥.៥៦២នាក់ និងគ្រូ ៣៦៦នាក់។

តាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង បានឱ្យថា ក្នុងផែនការសាលាដែលត្រូវបើកឡើងវិញមានប្រមាណ ១១០សាលា ក្នុងនោះមានសាលាថ្នាក់មតេយ្យសិក្សាចំនួន ២០សាលា ថ្នាក់បឋម ៥៦សាលា អនុវិទ្យាល័យ ១៩សាលា វិទ្យាល័យ ១២សាលា សាលាឯកជន ១សាលា និងសាលាឥស្លាមសាសនា ២សាលា។

ក្រសួងអបរំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសាលារៀននៅជនបទដែលគ្មានហានិភ័យ ឬមានហានិភ័យទាបអាចបើកដណើរការគ្រប់កម្រិតបាន ដោយអនុវត្តការរៀនតាមបណ្តុំមិនលើសពី១៥នាក់ និងគោរពតាមស្ដង់ដារប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍របស់ក្រសួងសុខាភិបាល។

ចំពោះនៅតាមតំបន់ដែលមានហានិភ័យមធ្យម ត្រូវផ្តល់អាទិភាពដល់សិស្សថ្នាក់ទី៩ និងទី១២ និងនៅតាមតំបន់មានហានិភ័យខ្ពស់ គួរបន្តបង្រៀនអនឡាញពីចម្ងាយ។

ទន្ទឹមនឹងនោះ ក្រសួងបានណែនាំឱ្យបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាសា តំណាងមាតាបិតា និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយគាំទ្រដល់សាលារៀន និងសម្រេចក្នុងការផ្អាកដំណើរការសាលារៀន ប្រសិនបើមានករណីសង្ស័យ ហើយត្រូវបន្តត្រួតពិនិត្យតាមដានអ្នកជំងឺថ្មី និងប្រភព ដើម្បីចៀសវាងការឆ្លងចូលក្នុងសាលារៀន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services