Connect with us

ព័ត៌មានជាតិ

ខេត្តឧត្ដរមានជ័យបើកដំណើរការ ជាង១០០សាលារៀនឡើងវិញ នៅជំហានទី១

បានផុស

នៅ

ខេត្តឧត្ដរមានជ័យបើកដំណើរការសាលារៀនឡើងវិញជាង ១០០ សាលាជាជំហានទី១ ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ 

ថ្លែងនៅក្នុងការចុះពិនិត្យមើលដំណើរការបង្រៀន និងរៀនជាបណ្ដុំនៅថ្ងៃទី២០ ខែកញ្ញានេះ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យបានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានចាប់ផ្តើមបើកឱ្យដំណើរការ ការបង្រៀន និងរៀនជាបណ្ដុំឡើងវិញនៅតាមគ្រឹះស្ថានសិក្សាសាធារណៈរដ្ឋមួយចំនួន ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសាលារៀន បន្ទាប់ពីផ្អាកការសិក្សាមួយរយៈដោយស្ថានភាពចម្លងរាតត្បាតពីសំណាក់ជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាល​ខេត្តបានបន្តថា សម្រាប់ជំហានទី១នេះ មានសាលារៀនសរុបចំនួន ១០៩ សាលា ក្នុងចំណោមសាលារដ្ឋសរុបចំនួន ២៥៧ សាលាដែលមានហានិភ័យទាប ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោកអភិបាលខេត្តបានមានប្រសាសន៍ផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងស្តាប់តាមដំបូន្មានលោកគ្រូអ្នកគ្រូ ជាពិសេសត្រូវថែរក្សាអនាម័យជាប្រចាំ ដោយពាក់ម៉ាស់ លាងដៃជាមួយអាល់កុល ឬ ជែល ការរក្សាគម្លាតសុវត្ថិភាពពីគ្នា និងហាមជួបជុំគ្នាជាក្រុម ដែលនាំឱ្យមានការឆ្លងមេរោគកូវីដ-១៩ ដោយប្រការណាមួយ។​

លោក ប៉ិច រតនា ប្រធានមន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត បានឱ្យដឹង​ថា ​ការបើកឱ្យដំណើរការសាលានេះដែរ ត្រូវបានអនុវត្តន៍តាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) រួមមាន ការរក្សាគម្លាត លាងសម្អាតបន្ទប់រៀន បន្ទប់ទឹក ការរៀបចំកន្លែងលាងដៃ មានសាប៊ូ អាល់កុល ឬជែល ការត្រៀមម៉ាស៊ីនវាស់កំដៅ ម៉ាស់ ការរៀបចំបន្ទប់សម្រាប់សង្គ្រោះបឋម និងអ្នកប្រចាំការ។

ទន្ទឹមគ្នានេះ សាលារៀនត្រូវរៀបចំគណៈកម្មការសុខភាព រៀបចំក្រុមប្រឹក្សាកុមារ និងយុវជន ដើម្បីជួយសម្រួលក្នុងការវាស់កំដៅ និងបាញ់អាល់កុល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សា របស់សិស្សានុសិស្សលោកគ្រូអ្នកគ្រូ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមានរាជធានីខេត្តចំនួន១៣ហើយបានបើកដំណើរការសាកល្បងសាលារៀនឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារការរារត្បាតនៃជំងឺកូវីដ-១៩។ រាជធានីខេត្តទាំង១៣ដែលបានបើកដំណើរការសាលាឡើងវិញក្នុងខែកញ្ញានេះរួមមាន ខេត្តព្រះសីហនុបើកនៅថ្ងៃទី១៣ រាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិសាត់ ប៉ៃលិន និងបន្ទាយមានជ័យ បើកនៅថ្ងៃទី១៥ តាកែវ កោះកុង កំពង់ធំ ឧត្តរមានជ័យ រតនគីរី ឧត្តរមានជ័យ និងកំពង់ចាម បើកនៅថ្ងៃទី២០ និងខេត្តស្វាយរៀង គ្រោងបើកនៅថ្ងៃទី២៧ ដើមសប្តាហ៍ក្រោយ។ ចំណែកខេត្តផ្សេងៗទៀតនៅមិនទាន់កំណត់ថ្ងៃបើកនៅឡើយទេ ដោយសារសាលាជាប់ធ្វើជាមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម