Connect with us

ព័ត៌មានជាតិ

អាជីវករផ្សារដងទង់ផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរមានដំណោះស្រាយ រឿងអ្នកលក់ខាងក្នុង និងអ្នកលក់​ខាងក្រៅ​​

បានផុស

នៅ

មាន​អា​ជីវករ​ជិត​១០០​នាក់​នៅក្នុង​ផ្សារ​ដងទង់ ក្រុង​ខេមរភូមិន្ទ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ទាមទារ​ជាថ្មី​ស្នើ​សុំឱ្យ​លោកស្រី​អភិបាលខេត្ត​កោះកុង​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ចំពោះ​សកម្មភាព​លក់ដូរ​បែប​អនាធិបតេយ្យ​តាម​ចិញ្ចើម​ផ្លូវ​គ្មាន​សណ្តាប់ធ្នាប់​ស្ទើរតែ​រៀងរាល់ថ្ងៃ​គ្មាន​ពេល​លួស​។​

ការទាមទារ​របស់​អា​ជីវករ​ផ្សារ​ដងទង់​នេះ ធ្វើឡើង​ក្រោយពី​ពួកគាត់​ស្នើសុំ​រក​ដំណោះស្រាយ​ជាមួយ​ប្រធាន​ផ្សារ និង​អាជ្ញាធរ​សមត្ថកិច្ច​ក្រុង​ខេមរភូមិន្ទ​ជាច្រើនលើក​ច្រើនសារ​តែ​គ្មាន​ប្រសិទ្ធភាព​ឡើយ​ដែល​ធ្វើឱ្យ​កាន់តែ​អស់ជំនឿ​ទៅៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាង​ក្រុម​អាជីវករ​អ្នកស្រី មិន ឡៅ លក់ដូរ​គ្រឿង​សមុទ្រ អ្នកស្រី នួន បញ្ញា លក់​ត្រី​សមុទ្រ និង​អ្នកស្រី សេង ស្រី​រ៉ស់ លក់​សាច់គោ អះអាង​ព្រម​គ្នា​នៅ​ថ្ងៃទី​២២ ខែកញ្ញា​ ថា ការដែល​ពួកគាត់​សុំ​ដោះស្រាយ​ពី​លោកស្រី​អភិបាលខេត្ត​កោះកុង​នៅពេលនេះ ក៏​ព្រោះតែ​រង់ចាំ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ក្រុង និង​ប្រធាន​ផ្សារ​ដងទង់​ជា​យូរ​ខែ​ថ្ងៃ​មកហើយ តែ​គ្មាន​ដំណោះស្រាយ​ឡើយ​ចំពោះ​ការលុបបំបាត់​សកម្មភាព​អ្នកលក់ដូរ​តាម​ចិញ្ចើមថ្នល់​សាធារណៈ​។​

អាជីវករ​៣​នាក់បន្ថែមថា ពួកគាត់​ជា​អ្នកលក់ដូរ​នៅ​ខាងក្នុង​ផ្សារ ​គឺ​លក់​មិន​ដាច់​ទេ ដោយសារតែ​អ្នក​ខាងក្រៅ​ផ្សារ​ប្រកប​អាជីវកម្ម​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​មួយ​មុខ ក្រោមរូបភាព​ធ្វើជា​លក់​តា​ម​កញ្ច្រែង ល្អី និង​ចានដែក​ដោយ​ឱ្យ​ថ្លៃ​ភាស៊ី​ត្រឹមតែ​៣០០០​រៀល​ទៅ​៥០០០​រៀល​លក់​ម៉ា​សេរី​។ ចំណែក​ពួកគាត់​នៅ​ខាងក្នុង​ផ្សារ​វិញ ក្ស័យធន​លក់​មិន​ដាច់ គ្មាន​លុយ​បង់​សង​ធនាគារ ថ្លៃ​ជួល​តូប និង​ភាស៊ី​អនាម័យ​ផ្សេងៗ​ជា​ខ្ទង់ចំណាយ​ច្រើន​លើសលុប​។​

អាជីវករ​មួយចំនួន​តូច​ដែល​រឹងទទឹង​មិន​ព្រមស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​សមត្ថកិច្ច​ចូល​លក់​ដូរ​ខាងក្នុង​ផ្សារ​ដោយ​គិតតែ​ប្រយោជន៍​ខ្លួនឯង ហើយ​ថែមទាំង​បង្ក​ភាពអនាធិបតេយ្យ ស្ទើរតែ​រាល់​ថ្ងៃ​។ ដូច្នេះ​មានតែ​ក្តី​រំពឹង​លើ​ដំណោះស្រាយ​របស់លោក​ស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ករណី​មិនមាន​ការអនុវត្ត​ច្បាប់​បាតុភាព​អនាធិបតេយ្យ​នៅតែ​បន្ត​កើតមាន​ទៅ​អនាគត​។​

ចំណែកឯ​ក្រុមអាជីវករ​លក់ដូរ​ក្រៅ​ផ្សារ ឬ​តាម​ចិញ្ចើម​ផ្លូវថ្នល់ថ្លែងថា ពួកគាត់​មិនអាច​ចូលទៅ​លក់​ដូរ​ខាងក្នុង​ផ្សារ​នោះទេ ព្រោះ​លក់​មិន​ដាច់​ដូច​នៅ​ខាងក្រៅ​។ ម្យ៉ាងទៀត ពួកគាត់​លក់​ត្រី​សាច់​តិចតួច​ប៉ុណ្ណោះ​គ្មាន​លទ្ធភាព​ជួល​តូប និង​មួយចំនួនទៀត​ព្រលយ​ពាក្យសម្តី​ថា ​ពួកគាត់​លក់ដូរ​តែ​ខាងក្រៅ​ផ្សារ​យូរ​ឆ្នាំ​មកហើយ ចុះ​ហេតុ​មិន​តវ៉ា​ពីមុនមក​ម្តេច​មក​ទើបតែ​តវ៉ា​។

ការបកស្រាយ​បែបនេះ ត្រូវបាន​ក្រុមអាជីវករ​ក្នុង​ផ្សារបកស្រាយ​តប​វិញ​ថា តូប​មាននៅ​ក្នុង​ផ្សារ​ទំនេរ​ជាច្រើន​ណាស់​រហូតដល់​ប្រធាន​ផ្សារ​មិន​យក​ថ្លែបង់​ជួល​៦​ខែ​ទៀតផង​។ ហេតុ​អី​អ្នក​ខាងក្រៅ​មិន​ចូល​លក់ នេះ​ជា​និយាយ​យក​ល្អ​គិតតែ​ប្រយោជន៍​ខ្លួន​ក្នុងនាម​ជា​អ្នកលក់ដូរ​ដូចគ្នា​។​

គួរ​កត់សម្គាល់ថា បរិវេណធ្វើ​អាជីវកម្ម​នៅក្នុង​ផ្សារ​ដងទង់​គ្រប់គ្រង​ដោយ​លោក ម៉ក់ ណុ​ច ប្រធាន​ផ្សារ ចំណែក​បរិវេណ​ខាងក្រៅ​ផ្សារ​គ្រប់គ្រង​ដោយ​រដ្ឋបាល​ក្រុង​ខេ​រម​ភូមិន្ទ​។ ចាប់តាំងពី​អនុញ្ញាតឱ្យ​បើក​ផ្សារ​ដំណើរការ​ឡើងវិញ​ក្រោយ​ស្ថានភាព​កូ​វីដ​ធូរស្រាល គេ​សង្កេតឃើញថា ​អាជ្ញាធរ​សមត្ថកិច្ច​ក៏​ដុតដៃដុតជើង​ណាស់​លើ​ការរៀបចំ​សណ្តាប់ធ្នាប់ សោ​ភណ្ឌ​ភាព​អនាម័យ​ក្នុង​និង​ក្រៅ​ផ្សារ​មួយ​នេះ តែមាន​អា​ជីករ​លក់ដូរ​មួយចំនួន​តូច​ប៉ុ​ណ្នោះ​ដែល​ព្រមស្តាប់​តាម​ការណែនាំ​ដោយ​បន្ត​រឹងទទឹង​យក​ចិញ្ចើមថ្នល់​ធ្វើ​អាជីវកម្ម​។​

ទាក់ទិន​ភាពស្មុគស្មាញ​ផ្សារ​ដងទង់ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង កាលពី​រសៀល​ថ្ងៃទី​២២​ខែកញ្ញា ក៏​កោះហៅ​អ្នកពាក់ព័ន្ធ​មក​ប្រជុំ​បន្ទាន់​មួយ ដើម្បី​ស្តាប់​ការលើកឡើង​ពី​គោល​បំណង​របស់​អាជីវ​ករពី​ការកើត​ទុក​មិន​សុខចិត្ត​។

ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​បញ្ច​ប់លោក សំឃិត វៀន អភិបាលរង​ខេត្ត​ទទួលបន្ទុក បញ្ជាក់​ថា ដំណើរការ​រៀបចំ​សណ្តាប់ធ្នាប់​បរិស្ថាន​អនាម័យ​ក្នុង​និង​ក្រៅ​ផ្សារ​ដងទង់ គឺ​អាជ្ញាធរ​សមត្ថកិច្ច​ក្រុង​ខេមរភូមិន្ទ​កែលម្អ​ស្អាត​ល្អ​បាន​ជំ​ហ៊ាន​ធំ​ហើយ​។ ចំណា​ទ​បញ្ហា ព្រោះតែ​អាជីវករ​មួយចំនួន​តូច​ប៉ុណ្ណោះ​មិន​ស្តាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ទាល់តែសោះ​ចំពោះ​ការស្ម័គ្រចិត្ត​ចូល​លក់ដូរ​ក្នុង​ផ្សារ​វិញ​។​

ជា​ចំណាត់ការ លោក​អភិបាលរង​ខេត្ត សន្យាថា ចាប់ពី​ថ្ងៃទី​២៣ ខែកញ្ញា​នេ​តទៅ នឹង​ព្យាយាម​ពន្យល់​អប់រំ​ផ្នែក​ច្បាប់​ដល់​អាជីវករ​ដែល​រឹត​ទទឹង​អោយចូល​លក់ដូរ​ក្នុង​ផ្សារ ករណី​ខ្វះ​តូប​ទទួល​នឹង​សម្របសម្រួល​ទៅ​លក់​នៅ​ផ្សារ​កោះកុង​ថ្មី​។

គ្រា​អ្នកសារព័ត៌មាន​ចោទ​សួរថា ថា​តើ​អាចមាន​ប្រសិទ្ធិភាព​ទេ លោក សំ​ឃិត វៀន តប​ថា មាន​ឬ​មិនមាន​ប្រសិទ្ធិភាព​អាស្រ័យ​លើ​ការចូលរួម​ទាំងអស់ ប្រសិន​ណែនាំ​អស់​លទ្ធភាព​ហើយនឹង​អនុវត្ត​តាមច្បាប់​ជា​ធរមាន​៕

អត្តបទ៖ សិរី​វឌ្ឍនៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម