Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ ៖ ២៨ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តរដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្ជួន និងស្មារតីទទួលខុសត្រូវខ្ពស់

បានផុស

នៅ

អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានលើកឡើងថា ក្នុងរយៈពេល ២៨ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តរដ្ឋធម្មនុញ្ញយ៉ាងខ្ជាប់ខ្ជួន និងស្មារតីទទួលខុសត្រូវខ្ពស់។ ការលើកឡើងនេះ គ្រាដែលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០​២១នេះ គឺជាខួបទី ២៨ឆ្នាំ ដែលប្រទេសកម្ពុជា បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញ ដោយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គ បានឡាយព្រះហត្ថលេខា លើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាសមិទ្ធិផល ដែលកើត​ចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយក៏ជាការសំយោគពីស្មារតីរដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ឆ្នាំ​​១៩​៤៧ និងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៨៩។ ដូច្នេះរដ្ឋធម្មនុញ្ញ ដែលដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៩៣ ត្រូវបានរៀប​ចំឡើង ដោយឈរលើមូលដ្ឋានលទ្ធិប្រជាធិបតេយ្យ សេរី សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ហើយជា​ពិសេស​គឺការអនុវត្តនូវការបែងចែកអំណាច និងការនាំត្រឡប់មកវិញរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវ​បាន​ខក​ខាន​មួយរយៈ ដោយសារបញ្ហាសង្គ្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត គិន ភា បានលើកឡើងនូវគោលការណ៍គ្រឹះសំខាន់ៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ហើយ​ដែលត្រូវបានរាជ​រដ្ឋាភិ​​បាល​កម្ពុជា គោរព និងអនុវត្ត យ៉ាងខ្ជាប់ខ្ជួននោះ រួមមាន៖

ទី១. ការអនុវត្តនូវ របបប្រជាធិបតេយ្យសេរីពហុបក្ស

ចំណុចនេះត្រូវបានកំណត់ ក្នុងមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការគ្រប់គ្រង ដែលយើងឃើញថា តាមរយៈការកំណត់​ជា​គោលការណ៍ នូវរបបប្រជាធិបតេយ្យសេរីពហុបក្សនេះ ត្រូវបានអនុវត្តដោយស្ដែងចេញ តាមរយៈការរៀបចំការ​បោះឆ្នោតទៀងទាត់​ ចាប់ពីឆ្នាំ១៩៩៣មក។ ចាប់ពីខែកក្កដា ឆ្នាំ១៩៩៨ រហូតមកដល់ឆ្នាំ២០១៨ គឺការបោះឆ្នោត​ថ្នាក់​ជាតិសំខាន់ៗ ត្រូវបានរៀបចំឡើងដោយទៀងទាត់ មិនមានការអាក់ខាននោះទេ។ ការបោះឆ្នោតនេះ គឺជា​គុ​ណ​​តម្លៃដ៏សំខាន់ សម្រាប់របបប្រជាធិបតេយ្យសេរីពហុបក្ស ពីព្រោះជាយន្តការតែមួយគត់ ដែលផ្ដល់អំណាចឲ្យ​ប្រជា​ពលរដ្ឋ ក្នុងការសម្រេចនូវជោគវាសនារបស់ប្រទេសជាតិ តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន ក្នុងការជ្រើសរើស​មេដឹក​នាំ។

ទី២. ការអនុវត្តក្របខណ្ឌ គោលនយោបាយការបរទេស

សម្រាប់ក្រខណ្ឌគោលនយោបាយការបរទេស ក៏បានសរសេរនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ដែរ គឺគោលនយោបាយ​ការ​​បរទេសអព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិ ទៅមួយ​អាណត្តិ ​ខិតខំប្រកាន់ខ្ជាប់នូវគោលការណ៍នេះ។ ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា ប្រាថ្នាចង់រួមរស់ដោយសន្តិ​ស​ហ​វិជ្ជមាន ជាមួយបណ្ដាប្រទេសទាំងអស់ ទាំងក្របខណ្ឌតំបន់ និងពិភពលោក។

ទី៣. ការអនុវត្តសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ

ចំពោះការអនុវត្តសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ ដែលរាប់បញ្ចូលសិទ្ធិសេរីភាពក្នុងការជួបប្រជុំ សិទ្ធិនយោបាយ សិទ្ធិខាងផ្នែកសេដ្ឋកិច្ច សិទ្ធិរស់រានមានជីវិត និងសិទ្ធិខាងជំនឿសាសនា ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះ ត្រូវ​​បា​ន​រា​ជ​រ​​ដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រឹងក្នុងការធ្វើឲ្យប្រសើរឡើងជាលំដាប់។ អ្វីដែលជាការកត់សម្គាល់​ទៀតនោះ គឺការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់មិនឲ្យប្រទេសជាតិ ធ្លាក់ក្នុងសង្គ្រាម​ ក្នុងវិបត្តិ​នយោបាយ ហើយធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ដែលនេះជាការគិតគូ និងយកចិត្តទុកដាក់ នូវសិទ្ធិជាមូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ។

ទី៤. ការគោរពអធិបតេយ្យ និងការរក្សាបាននូវឯករាជ្យបូរណភាពទឹកដី

ចំពោះការគោរពអធិបតេយ្យភាព និងការរក្សាបាននូវឯករាជ្យបូរណភាពទឹកដី គឺរាជរដ្ឋាភិបាល ដែលដឹកនាំដោយ​គណ​បក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការរក្សាឲ្យបាននូវព្រំដែនកម្ពុជា និងទឹកដីកម្ពុជា ហើយព្យាយាម​ដោះស្រាយ បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយផ្អែកទៅលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ។ ដំណើរ​ការបោះបង្គោលព្រំដែន ជាមួយប្រទេសវៀតណាម និងឡាវ គឺសម្រេចបានជាង ៨០ភាគរយ ហើយចំណុច​ដែល​នៅសេសសល់ នឹងត្រូវដោះស្រាយដោយសន្តិវិធី ដែលឈរលើមូលដ្ឋានច្បាប់ជាធរមាន។ រីឯការបោះបង្គោល​ព្រំដែ​ន ជាមួយប្រទេសថៃ ក៏រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងស្វែងរកបង្គោល ដែលមាននាពេលកន្លងមក​កាល​ពីសម័យបារាំង។

លោកបណ្ឌិត គិន ភា ដែលជាអ្នកស្រាវជ្រាវ និងជាបញ្ញវន្តខ្មែរមួយរូបដែរនោះ បានឲ្យដឹងបន្តថា អ្វីដែលលោក​លើ​កឡើងខាងលើនេះ គឺស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានកំណត់ ហើយត្រូវបានរាជរដ្ឋាភិបាល យកមកអនុវត្ត​ជាក់​ស្ដែង​។ លោកថា «អញ្ចឹងយើងអាចនិយាយថា រយៈពេល ២៨ឆ្នាំនេះ រដ្ឋធម្មនុញ្ញរបស់យើង ត្រូវបានអនុវត្ត ថ្វីបើវា​មិនបានល្អឥតខ្ចោះ ១០០ភាគរយ ក៏ប៉ុន្តែស្មារតី និងគោលការណ៍ធំៗ សំខាន់ៗ នៃរដ្ឋធម្មនុញ្ញ គឺត្រូវបានអនុវត្ត​ដោយខ្ជាប់ខ្ជួន ហើយដោយស្មារតីទទួលខុសត្រូវខ្ពស់»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម