Connect with us

ព័ត៌មានជាតិ

លោក កឹម សុខា អំពាវនាវ​ឲ្យ​រួមគ្នា​គោរព និង​ការពារ​រដ្ឋធម្មនុញ្ញ ក្នុង​ទិវា​ខួប​២៨​ឆ្នាំ

បានផុស

នៅ

លោក កឹម សុខា អតីត​មេដឹកនាំ នៃ​អតីត​គណបក្ស CNRP ដែល​កំពុង​រង​ការចោទប្រកាន់​ពីបទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស​នោះ នៅក្នុង​ឱកាស​អបអរសាទរ​ទិវា​ខួប​២៨​ឆ្នាំ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១) នៃ​ការប្រកាស​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ បានចេញ​សារ​មួយ​អំពាវនាវ​ឲ្យ​រួមគ្នា​ការពារ គោរព និង​អនុវត្ត​រដ្ឋធម្មនុញ្ញ ដែលមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជា​មូលដ្ឋាន​។

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នា​ថ្ងៃ​សុក្រ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​លើក​ឡើង​៣​ចំណុច គឺ​៖ ​ទី​១, រួមគ្នា ការពារ គោរព និង​អនុវត្តន៍ រដ្ឋធម្មនុញ្ញ​យើង តាម​ស្មារតី​ដើម ដែលមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១​ជា​មូលដ្ឋាន​។

​ទី​២, រួមគ្នា​បញ្ឈប់​ការរំលោភ​រដ្ឋធម្មនុញ្ញ​យើង ដោយ​កុំ​បំពាន​លើ​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ កុំ​ងាក​ចេញពីរ​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​ធានា​ដោយ​ច្បាប់​កំពូល​របស់​យើង​។

​ទី​៣, រួមគ្នា​ពង្រឹងស្មារតី​ឯកភាព​ជាតិ គោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក លើកកម្ពស់​គុណធម៌ និង​សីលធម៌ ជម្រុះ​ចេញ​នូវ​អំពើ​ហិង្សា បង្ក​ការឈឺចាប់ និង​ការ​ជេរប្រមាថ​គ្នា ដែល​នាំមក​នូវ​ការបែកបាក់ និង មហន្តរាយ​ដល់​សង្គមជាតិ​។

រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩៣ ហើយ​រដ្ឋធម្មនុញ្ញ​នេះ បាន​ក្លាយជា​រដ្ឋធម្មនុញ្ញ ទី​៦ ចាប់តាំងពី​ប្រទេស​កម្ពុជា ទទួលយក​ធម្មនុញ្ញ​និយម​ទំនើប​។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ គឺជា​ជំហាន​ឆ្ពោះ​ទៅ​កាន់​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ឆ្នាំ​១៩៩៨ ដែល​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សន្តិភាព​ពិតប្រាកដ ក្រោម​ម្លប់​បារមី​នៃ​អង្គ​ព្រះមហាក្សត្រ​។ នយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​កេតនភណ្ឌ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា​សម្រាប់​ប្រទេស​កម្ពុជា ដែល​បាន​នាំមក​នូវ​ការផ្សះផ្សា​ជាតិ ការ​បង្រួបបង្រួម​ជាតិ សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ ដែល​ជា​កត្តា​កំណត់​ពិតប្រាកដ សម្រាប់​ការថែរក្សា​សន្តិភាព នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គង់វង្ស​ប្រកបដោយ​ចីរភាព​។

នៅពេល​រំលឹក​ទៅដល់​ប្រវត្តិ​នៃ​ការបង្កើត​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ គឺ​យើង​នឹក​ទៅដល់ តួអង្គ​ប្រវត្តិសាស្ត្រ ដែលជា​ស្ថាបនិក​ដំបូង នៃ​ដំណើរ​ការបង្កើត​ឲ្យ​មាន​រដ្ឋធម្មនុញ្ញ​នេះ​ឡើង គឺ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ (​ព្រះ​បរម​រតន​កោដ្ឋ​) និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជំនួប​ដំបូង​រវាង​តួអង្គ​ប្រវត្តិសាស្ត្រ​ទាំងពីរ នៅ​ហ្វអង់​តា​ដឺ​ហ័​រ ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩៨៧ គឺជា​ចំណុច​ចាប់ផ្ដើម នៃ​ការចរចា ស្វែងរក​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា រហូត​ឈានដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​ដំណោះស្រាយ​នយោបាយ​រួមមួយ នៃ​ជំលោះ​កម្ពុជា (​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​)​។ ខ្លឹមសារ​ជា​សារវន្ត​នៃ​ឧបសម្ពន្ធ​ទី​៥ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះហើយ ដែលជា​មូលដ្ឋាន នៃ​ការ​តាក់តែង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣”៕

ដោយ ៖ កោះ​កែវ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម