Connect with us

ព័ត៌មានជាតិ

បាញ់ថ្នាំសម្លាប់មេរោគ នៅវត្តចំនួន ១៤ក្នុងខណ្ឌពោធិ៍សែន​ជ័យ

បានផុស

នៅ

សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង ជាអភិបាល ណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងទាហានង៧០ ធ្វើការ​បាញ់សម្លាប់​​មេរោគ នៅតាមទីវត្តអារាមនានាទូទាំងរាជធានីភ្នំពេញ ក្រោយពីអាជ្ញាធរ និងក្រុមគ្រូពេទ្យ បានយកសំណាកព្រះសង្ឃ តាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានា នៅទូទាំងរាជធានីភ្នំពេញរួចរាល់។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធ ជាអភិ​​បាលខណ្ឌ បានសហការជាមួយទាហានង៧០ បានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាវត្តទាំង១៤ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយជាជំហានដំបូង បានចាប់ផ្ដើមបាញ់នៅវត្តពោធិ៍ចិនតុង បន្ទាប់មកក្រុមការងារ បានបែង ចែកកម្លាំង នៅតាមបណ្ដាវត្តផ្សេងទៀត នៅក្នុងមូលដ្ឋាននៃខណ្ឌនេះ។

លោក ហែម ដារិទ្ធ បានលើកឡើងថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកន្លងមកនេះ យើងមានតំបន់ក្រហមមួយ​ចំនួន។ ដោយសារតែមានតំបន់ក្រហមនេះហើយ ទើបធ្វើឲ្យអាជ្ញាធរខណ្ឌ របស់យើងមានការប្រុងប្រយ័ត្នខ្ពស់ ។ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដូចជាក្រសួងសុខាភិបាល និងសម្ដេច តេជោ ហ៊ុន សែន យើងបានអនុវត្តវិធានការពារជំងឺកូវីដ-១៩ យ៉ាងតឹងរឹងបំផុត ហើយមកដល់ពេលនេះ ឃើញថា នៅខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ យើងទប់ស្កាត់បានយ៉ាងល្អប្រសើរ ទាំងការព្យាបាលនៅតាមផ្ទះ និងការបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលផ្សេងៗ។

ពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំបិណ្ឌវិញនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពីមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តល្អយ៉ាងល្អប្រសើរ ដោយប្រជាពលរដ្ឋ បានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមទីវត្តអារាម។

លោកបញ្ជាក់ថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ មានវត្តចំនួន ១៤ មានព្រះសង្ឃជិត ៨០០អង្គ ហើយព្រះសង្ឃទាំងអស់ បានយកសំណាករួចរាល់ ហើយជាលទ្ធផល មានវិជ្ជមានកូវីដ-១៩ចំនួន ៤អង្គ។ លោកបញ្ជាក់ថា បើយើងមិនមានវិធានការ ទប់ស្កាត់ទាន់ពេលវេលាទេ នឹងធ្វើការចម្លងទៅ ព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទច្រើនជាងនេះថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ព្រះសង្ឃ ៤អង្គ យើងបានបញ្ជូនទៅការព្យាបាលហើយដែរ។

ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេរោគ នៅតាមទីវត្តអារាមនៅ ព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ អាជ្ញាធរខណ្ឌ​ពោធិ៍​សែ​ន​ជ័​យបានអនុវត្តយ៉ាងល្អប្រសើរ ក្រោមការសហការយ៉ាងល្អជាមួយកងទ័ពង៧០ ដោយយើងធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាវត្តចំនួន ១៤។

លោក ហែម ដារិទ្ធ ក្នុងឱកាសនោះ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមសហការឲ្យបានល្អ ជាមួយនឹងអាជ្ញា ធរ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាន នូវការរីករាលដាលជំងឺ-១៩ ក្នុងនាឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្យនេះ ។ លោកបញ្ជាក់ថា បុណ្យទានយើងនៅតែធ្វើ ប៉ុន្តែក្នុងពេលនេះយើងផ្អាកសិន។ បុណ្យទានពេលណា ក៏យើងអាចធ្វើបានដែរ បើបងប្អូនមិនបានជួយអ្វីទេ សូមកុំបង្កការលំបាកទៅឲ្យអ្នកដទៃ៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម