រាជធានី​ភ្នំពេញ លែង​សេសសល់​​ប្រាសាទ​បុរាណ សល់តែស្លាកស្នាម​ប៉ុណ្ណោះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រាជធានី​ភ្នំពេញ លែង​សេសសល់​​ប្រាសាទ​បុរាណ សល់តែស្លាកស្នាម​ប៉ុណ្ណោះ

បានផុស

នៅ

លោក​ជុំ វុឌ្ឍី ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​រាជធានី​ភ្នំពេញ​បាន​ឲ្យកម្ពុជា​ថ្មី​​ដឹង​ថា នៅ​រាជធានី​ភ្នំពេញមិនមាន​សេសសល់​សំណង់ប្រាសាទ​បុរាណទៀត​នោះទេ បន្សល់​តែ​​​​ស្លាកស្នាម​ខ្លះៗបញ្ជាក់​ពី​ទីតាំង​​សំណង់ប្រាសាទ​ពីមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​មន្រ្តី​រូប​នេះ​ កន្លងទៅ​មានការ​ស្រាវជ្រាវ​រកឃើញ​ស្លាកស្នាម​ប្រាសាទ​មួយ​ចំនួន តែ​​រូបរាង​បាត់​បង់​អស់​ទៅ​ហើយ។

លោក​ជុំ វុឌ្ឍី​ បាន​បញ្ជាក់ថា ករណី​ប្រាសាទ​បុរាណ​មួយ​នៅ​វត្ត​ឧណ្ណាលោម មិន​អា​ចហៅ​ជា​ប្រាសាទទៀត​​នោះទេ ដោយសារ​វា​មិនមាន​រូបរាង​អាច​ចាត់ទុកថាជា​ប្រាសាទ​ ណាមួយ​បច្ចុប្បន្ន​នេះក៏​មានកា​រសង់ចេតិយ​ថ្មី​ ​សឹងតែមើល​លែង​ស្គាល់​ទៅ​ទៀត។

ចេតីយ​នៅ​ប្រាសាទពោធិ៍លោម

លោកប្រធាន​មន្ទីរបាន​បញ្ជាក់​បន្ថែម​ថា នៅរាជធានី​ភ្នំពេញ​​ក៏​មានសំណង់​​​ព្រះវិហារ កុដ្ឋិ​ និង​ចេតិយ​​បុរាណ​ដែលមានអាយុកាល​រាប់​សតវត្ស​។ ជាមួយ​គ្នា​នេះ ក្រុម​អ្នក​បុរាណវិទ្យា ក៏​បាន​រក​ឃើញ​​ឡ​កុលាលភាជន៍​​តាម​រយៈការ​ធ្វើ​កំណាយនៅ​ជើង​ឯកបាន​មួយ​ចំនួន​ផង​ដែរ។

បើ​យោងតាមសាលបត្រនៃបញ្ជីសារពើភណ្ឌស្ថានីយបុរាណវិទ្យារបស់នាយកដ្ឋានបុរាណវិទ្យា​នៃ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅ​​រាជធានី​ភ្នំពេញ ក្រុម​ស្រាវជ្រាវ​បាន​រកឃើញ​ស្លាកស្នាម​ប្រាសាទ​ចំនួន ៨។

-​ស្ថានីយ​​បុរាណវត្តប្រាសាទ ដែល​មានទីតាំងនៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ មាន​ភស្តុតាងបញ្ជាក់ថា​​មាន​សំណង់​ប្រាសាទសាងសង់មុនសម័យ​អង្គរក្នុងរចនាបថកំពង់ព្រះ (សតវត្សរ៍ទី៨)។

-​នៅ​វត្តឧណ្ណាលោម មាន​សំណង់​ប្រាសាទបុរាណមួយ​សង់​អំពីថ្មភក់ និងឥដ្ឋ។ បើ​យោងតាមការសិក្សាប្រាសាទនេះកសាង​ឡើង​ក្នុងរវាងសតវត្សទី១១ ពោលគឺមុនការបង្កើតទីក្រុងភ្នំពេញ។ ប្រាសាទនេះបានប្រែក្លាយជាចេតិយ សម្រាប់គោរពបូជាក្នុងព្រះពុទ្ធសាសនា។

-​វត្ត​ព្រះធាតុស្ថិត​នៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ មាន​សាងសង់ទីសក្ការៈដើម្បីតម្កល់វត្ថុបុរាណ ដែលយកចេញពីប្រាសាទបុរាណក្នុងនោះរួមមាន តោថ្ម២គូ បល្ល័ង្គ ថ្មសីមា និងបំណែក​ថ្មភក់​ជាច្រើនផ្សេងទៀត។

ស្ថានីយប្រាសាទបុរាណនៅវត្តសិរីមង្គលវ័ន

-​វត្តសិរីមង្គលវ័ន ហៅវត្តឃ្មួញ មានទីតាំងនៅភូមិ ឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មាន​បន្សល់ទុក​ស្រះមួយនៅខាងជើង នៅជុំវិញព្រះវិហារមានចេតីតចាស់មួយចំនួន។ ក្នុងបរិវេណវត្តមានជើងទម្រ គោលសីមារាងបួនជ្រុងដែលចុះកាលបរិចេ្ឆទ ព.ស ២៤៨៦។

-វត្តជុំ មានទីតាំងនៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែព្នៅ មានចម្ងាយពីវត្តក្រាំងធ្នង់ជាង​១គីឡូម៉ែត្រ ក៏​មាន​សេសសល់​បំណែកឥដ្ឋ, បំណែកថ្មភក់, បល្ល័ង្គថ្មភក់, ជើងទម្របដិមាថ្មភក់, ព្រះពុទ្ធរូបមួយចំនួន និងផ្តែរ២បំណែកក្នុងរចនាបថព្រៃក្មេង (ពាក់កណ្ដាល ស.វ ទី២ នៃគ.សទី ៧) ។

-វត្តព្រៃវែង មានទីតាំងនៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ ចម្ងាយ២គីឡូម៉ែត្រ ខាងជើងវត្តស្លែង មានខ្ទមអ្នកតាមួយ ដែលពីមុនមានតម្កល់សិលាចារិក, ព្រះកេសសហរិហរ ១, ថ្មថ្លើមអណ្តើកមានព្រះបាតព្រះ, បំណែកថ្មភក់, សិលាចារិក ៣ផ្ទាំង, ជើងទម្របដិមា, ជើងទម្រលិង្គប្រាំ, កុលាលភាជន៍ប្រភេទភាជន៍រឹង, ផ្តែរចនាបថ​កំពង់ព្រះ (សតវត្សរ៍ទី៨) ២បំណែក, សន្លឹកជណ្តើរ និងបំណែកថ្មថ្លើមអណ្តើក ដែលបច្ចុប្បន្នវត្ថុបុរាណទាំងនេះត្រូវបានតម្កល់ក្នុងបណ្ណាល័យវត្ត។

-វត្តជើងឯក មានទីតាំងនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោមានចម្ងាយ១៥០០ម៉ែត្រពីមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នៅមានសំណល់វត្ថុបុរាណជាច្រើនរួមមាន៖ បំណែកថ្មភក់, សន្លឹកសីមា, ផ្តែរទ្វាររចនាបថកំពង់ព្រះ(សតវត្សរ៍ទី៨), សន្លឹកជណ្តើរ, ថ្មថ្លើមអណ្តើក និងជើងទម្របដិមា។

-ទួលប្រាសាទបាក់ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ខាងលិចផ្លូវហាណូយ គេ​ប្រទះ​ឃើញបំណែកឥដ្ឋជាច្រើន និងនៅសល់ជារូបរាងរចនាសម្ព័ន្ធប្រាសាទ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ឯកអគ្គរាជទូត​អង់គ្លេស កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្តរ​តន​គិរី

ព័ត៌មានជាតិ៩ ម៉ោង មុន

គណៈកម្មការ​ចម្រុះ​ រកឃើញ​ផ្ទៃដី​សរុប​ចំនួន ៤៧០០ ហិតា​ ដែល​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ទៀ សីហា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​៤​ភូមិ​ក្នុងស្រុក​សូទ្រនិគម

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្អែក​នេះ សាលាដំបូង​រាជធានី នឹង​បើកសវនាការ​កាត់ទោស​សំណុំរឿង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ថា ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ OHCHR មាន​លក្ខណៈ​ន​យោ​​យូ​ប​នី​កម្ម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services