Connect with us

ព័ត៌មានជាតិ

​តប​ទៅ​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា​ អ្នក​ជំងឺ​កូវីដ​១៩ ត្រូវ​ព្យាបាល​​យ៉ាង​ចិត្ត​ទុក​ដាក់​​ពី​ក្រុម​គ្រូ​ពេទ្យ​​​

បានផុស

នៅ

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​នៅ​យប់​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​នេះ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ឆ្លើយ​តប​និង​ការ​លើកឡើង​របស់​អាខោនហ្វេសប៊ុក ឈ្មោះ Doung Chan Sreypov​ ដែល​បាន​ធ្វើ​ការ​ឡាយ​ផ្ទាល់​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ ដោយ​មាន​គ្នី​គ្នា​ចំនួន៥នាក់ ហើយ​ក្នុង​ខ្លឹម​សារ​ឡាយ​ផ្ទាល់​នោះ​ ម្ចាស់​អាខោនហ្វេសប៊ុក បាន​ចោទ​ប្រកាន់​មក​លើ​អាជ្ញាធរ​ខេត្ត​ថា​ ពួក​ខ្លួន​បាន​ធ្វើ​តេស្ត​មាន​វិជ្ជមាន​កូវីដ-១៩ តែ​មិន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាង​នេះ​ទៅ​ទៀត​ម្ចាស់​អាខោន​ហ្វេសប៊ុក​ ដដែល​បាន​ផ្សាយ​ចោទ​ប្រកាន់​ទៀត​ថា​​មាន​ការ​បង្ខាំង និង​បង្ខំ​បុគ្គលិក​ឱ្យ​ធ្វើ​ការ​នៅ​ក្នុង​កាស៊ីណូខាងលើ ដោយ​គ្មាន​ការ​ព្រម​ព្រាង​។នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅថ្ងៃទី២៥ ខែ​កញ្ញា ឆ្នាំ២០២១កន្លង មក ក្រុម​ឆ្លើយ​តបបន្ទាន់​ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​វត្ថុ​សំណាក​ពី​បុគ្គលិក​បម្រើការ​នៅ​កាស៊ីណូ ដឺ​សេន​ជូរី ​និង​ អគារ​ស្នាក់​នៅ​បុគ្គលិកកាស៊ីណូ ដឺសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជា​លទ្ធផល ​គឺ​បាន​រក​ឃើញ​អ្នក​វិជ្ជមានកូវីដ-១៩ ​ជា​ច្រើន​នាក់​។ ​ដោយ​ពិនិត្យ​ឃើញ​ថា​ ទីតាំង​នោះ​ អាគារ​ធំទូលាយ និង​មាន​កន្លែង​ស្នាក់​នៅ​សមរម្យ រដ្ឋបាលខេត្ត​បានចេញសេចក្តីសម្រេចលេខ២០៨ សសរ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ សម្រេច​ដាក់​កាស៊ីណូ ​ដឹសេនជូរី និង​អគារ​ស្នាក់​នៅ​បុគ្គលិក​កាស៊ីណូ ​ដឺសេនជូរី ជា​កន្លែង​ធ្វើ​ចត្តាឡីស័ក​ជា​កន្លែង ​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​ និង​ជា​កន្លែង​ធ្វើ​ចត្តាឡីស័ក​បន្ត​ចំពោះ​អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ ​ទទួល​បាន​​ លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុសកូវីដ-១៩ចំនួន ២លើក។ ​

ជាមួយ​គ្នា​នោះ ​រដ្ឋបាល​ខេត្ត​ក៏​បាន​ផ្តល់​ជម្រើស​សម្រាប់​អ្នក​ជំងឺ​ថា​ តើ​ចង់​ទៅ​ព្យាបាលនៅមន្ទីរពេទ្យ ឬស្នាក់​នៅ​ព្យាបាល​ក្នុង​ទីតាំង​ខាង​លើ​ផង​ដែរ​។​​ ចំពោះ​អ្នក​ជំងឺ​កូវីដ-១៩ ដែល​ស្នាក់​នៅ​ព្យាបាល​នៅ​ទីតាំង​ខាង​លើ ​គឺ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរសុខាភិបាល​ ខេត្ត​ចុះ​ត្រួត​ពិនិត្យ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​តាម​ដាន​សុខភាព​អ្នក​ជំងឺ​ជា​ប្រចាំ ព្រម​ទាំង​បាន​បង្កើត​គ្រុប​តេឡក្រាម (ទប់ស្កាត់ COVID19) ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​រវាង​អ្នក​ជំងឺ ​និង​ក្រុមគ្រូពេទ្យ។ ចំពោះ​ អាហារ​ហូប​ចុក​គឺ​បាន​ផ្តល់​ជូន​០៤​ពេល​ក្នុង​មួយ​ថ្ងៃ​ពី​ម្ចាស់​កាស៊ីណូ​របស់​ខ្លួន​ផង​ដែរ​។​

ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​កញ្ញា ឆ្នាំ២០២១ ក្រុម​គ្រូពេទ្យ​របស់​យើង​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​សុខភាព​អ្នក​ជំងឺ​ទាំង​អស់ ​ឃើញ​ថា​មិន​មាន​បញ្ហា​អ្វី​គួរ​កត់​សម្គាល់​នោះ​ទេ​ និង​បាន​ផ្ដល់​ថ្នាំ​សម្រាប់​រយៈ​ពេល​០៣​ថ្ងៃ ​ដោយ​បាន​ ណែ​នាំ​បន្ថែម​ករណី​មាន​អាការៈ​មិន​ស្រួល​ខ្លួន​សូម​ទំនាក់​ទំនង​មក​ក្រុម​គ្រូ​ពេទ្យ​ភ្លាម​។ ​ដោយ​ឡែក​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កញ្ញា ឆ្នាំ២០២១ ម៉ោង​ប្រមាណ​០៩ និ​ង២១នាទី មាន​អ្នក​ផ្ញើ​សារ​ចូល​​ក្នុង​គ្រុប​តេឡេក្រាម (ទប់ស្កាត់ COVID19) ​ដោយ​បាន​ប្រាប់​ថា​ មាន​អ្នក​ជំងឺ​ម្នាក់​ឈ្មោះ ​ហៀន ស្រីនិច ភេទស្រី អាយុ២៨ឆ្នាំ មាន​អាការៈ​ក្អួត ពេល​នោះ​ក្រុម​គ្រូពេទ្យ​យើង​ក៏​បាន​មក​ពិនិត្យ​ និង​ផ្តល់​ថ្នាំ​ជូន ព្រម​ទាំង​ទំនាក់​ទំនង​សួរនាំ​ ដើម្បីតាម​ដានអាការៈ​ជំងឺ​របស់​​គាត់។​ លុះ​ដល់​ម៉ោង​០៦ព្រឹក​ថ្ងៃ​ទី៣០​ ខែ​កញ្ញា ឆ្នាំ២០២១ អ្នក​ជំងឺ​ដដែលមានអាការៈ​មិន​ធូរស្រាល និង​បាត់​បង់​ជាតិ​ទឹក​ជា​ច្រើន​ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ​បាន​ជាង​កន្លះ​ម៉ោង​ក៏​ បាន​ស្លាប់​បាត់​បង់​ជីវិត​តែ​ម្តង ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ​ គឺ​ដោយ​សារ​គាត់​ពុល​អាហារ (កួត) និង បាត់​បង់​ជាតិ​ទឹក​ច្រើន​ពេក រហូត​មក​ដល់​ម៉ោង​ប្រមាណ១២ថ្ងៃត្រង់ថ្ងៃ​ដដែល​ មាន​អាខោន​ហ្វេស​បុក​ឈ្មោះ Doung Chan Sreypov បានធ្វើការ Live ផ្ទាល់​ដោយ​មាន​គ្នា​ចំនួន​០៥នាក់​ បាន​ចោទ​ប្រកាន់​មក​លើ​អាជ្ញាធរខេត្តថា ពួក​ខ្លួន​បាន​ធ្វើ​តេស្តមានវិជ្ជមានកូវីដ-១៩​ តែ​មិន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​ឡើយ ​ដែល​ផ្ទុយ​​ស្រឡះ​ពី​ការ​ពិត​ជាក់​ស្ដែង​ គឺ​ពួក​គាត់​ទាំង​អស់​គ្នា​ត្រូវ​បាន​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​​ដាក់​ពី​សំណាក​ក្រុម​គ្រូ​ពេទ្យ​របស់​យើង​នៅ​ទី​តាំង​អាគារ​ធ្វើ​ការ​របស់​គាត់​ ដែល​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កំណត់​ជា​ទីតាំង​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩ ​រហូត​មក​ដល់​ម៉ោង​០៤រសៀល​ថ្ងៃ​ដដែល​ អាជ្ញាធរ​ខេត្ត ​និង​ក្រុម​គ្រូ​ពេទ្យ​របស់​យើង ​បាន​ទៅ​អញ្ជើញ​ពួក​គាត់​ដើម្បី​យក​ទៅ​ ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ​តែ​ពួក​គាត់​មិន​ចុះ​ពី​លើ​អាគារ​នោះ​ទេ ​រហូត​ដល់​ម៉ោង​០៧ និង២៧នាទី​យប់​ទើប​គាត់​ចុះ​មក​ ជួប​ក្រុម​ការងារ ហើយ​បាន​បដិសេធ​មិន​ព្រម​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ​ទេ​ ​គឺ​សុំ​ស្នាក់​នៅ ​និង​ព្យាបាល​នៅ​ទីតាំង​កន្លែង​ធ្វើ​ការ​របស់​គាត់​ដដែល ហើយ​បាន​សន្យា​ថា​ នឹង​ធ្វើ​ការ​ Live ផ្ទាល់​ ដើម្បី​បក​ស្រាយ​អំពី​ការ​យល់​ច្រឡំ​របស់ពួក គាត់​មក​លើ​ក្រុមគ្រូពេទ្យ និង​អាជ្ញាធរ​របស់​យើង​វិញ​។​

រដ្ឋបាល​ខេត្ត​សូម​បញ្ជាក់​ថា ​ក្នុង​ករណី​ដែល​បង​ប្អូន​​កំពុង​ស្នាក់​នៅ​ព្យាបាល​ នៅ​ក្នុង​ទីតាំង​ខាង​លើ​មាន ​​បំណង​ចង់​ប្ដូរ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ផ្សេង​​ ដែល​រដ្ឋបាល​ខេត្ត​បាន​រៀប​ចំ​ សូម​ទំនាក់​ទំនង់​ក្រុម​ការងារ​ប្រចាំ​ការ​តាម​រយៈ​លេខ​ទូរស័ព្ទ ០៩៣៩៩៩១៦៨ ដើម្បី​ធ្វើ​ការ​សម្រប​សម្រួល​ជូន​។​

ចំពោះ​ការ​លើក​ឡើង​ថា ​មាន​ការ​បង្ខាំង និង​បង្ខំ​បុគ្គលិក​ឱ្យ​ធ្វើ​ការ​នៅ​ក្នុង​កាស៊ីណូ​ខាង​លើ ​ដោយ​គ្មាន​ការ​ព្រម​ព្រាង​ ​រដ្ឋបាល​ខេត្ត​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​លម្អិត​បំផុត​ ករណី​រក​ឃើញ​មាន​ប្រព្រឹត្ត​បទល្មើស នោះ​រដ្ឋបាល​ខេត្ត​​នឹង​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ ដោយ​គ្មាន​ការ​លើក​លែង​ឡើយ​៕​

អត្ថបទ៖ ស៊ុយ ចាន់ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម