Connect with us

ព័ត៌មានជាតិ

ដោយសារកូវីដ ក្រុមហ៊ុនដឹកអ្នកដំណើរខ្លះផ្អាកដំណើរការ និងខ្លះទៀតជួបបញ្ហាប្រឈមដោយខ្វះភ្ញៀវ

បានផុស

នៅ

ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរខ្លះ បានផ្អាកដំណើរការ និងខ្លះទៀតបានជួបបញ្ហាប្រឈម ដោយសារ​វិបត្តិនៃ​ជំងឺ​កូវី​ដ​-១៩។ ចាប់តាំង​ពីកើតមានព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ឆ្នាំ២០២១មក គេកត់សម្គាល់ឃើញថា មាន​ការ​អាជីវកម្ម និងក្រុម​ហ៊ុនមួយចំនួន បានផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន និងខ្លះទៀត ឈានទៅបិទដំណើរ​ការ​ជារៀងរហូត ក៏មាន​ដែរ។

ដោយឡែនៅក្នុងអំឡុងពេល មានពិធីបុណ្យជាតិធំម្ដងៗ គេតែងសង្កេតឃើញក្រុមហ៊ុនជញ្ជូនអ្នកដំណើរ តែងតែ​ម​មារញឹកដឹកប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា ដូចជាក្នុងពេលភ្ជុំបិណ្ឌជាដើម។ ប៉ុន្តែនា​ឆ្នាំ​នេះ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ មានក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរមួយចំនួន បានផ្អាកដឹក។

ជាក់ស្ដែងក្រុមហ៊ុនរថយន្តក្រុង វីរៈប៊ុនថាំ បានផ្អាកដំណើរការដឹកអ្នកដំណើរ តាំងពីមានការរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មកម្លេះ ហើយក្នុងពេលឈប់សម្រាក នាឱកាសពិធីបុណ្យភ្ជុំឆ្នាំនេះ ក៏មិន​មានការដំណើរនោះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស មានប្រសាសន៍ថា ដោយសារមានការរាលដាលជំ​ងឺ​​កូវីដ-១៩មក គឺក្រុមហ៊ុនបានផ្អាកដំណើរការដឹកភ្ញៀវជាច្រើនខែមកហើយ។ លោកថា ទោះបីជារដូវភ្ជុំបិណ្ឌក៏​ដោយ ក៏មិនទាន់បើកដំណើរការដឹកភ្ញៀវវិញដែរ ដោយសារបញ្ហាកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយ។

លោកឧកញ៉ា សួរ វីរៈ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោក មានសេវាកម្មដឹកជញ្ជូនទំនិញតែ​ប៉ុ​ណ្ណោះ។ ចំពោះសេវាកម្មដឹកជញ្ជូនទំនិញនេះ គឺមាននៅទូទាំង២៥ រាជធានី-ខេត្ត។

ចំណែកឯលោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនដឹកអ្នកដំណើរឡារីតា បានឲ្យដឹងដែរថា ចាប់តាំង​​ពី​ព្រឹត្តិ​​​ការណ៍ «សហគមន៍២០កុម្ភៈ» មក​ ក្រុមហ៊ុនរបស់លោកមិនបានផ្អាកដំណើរការនោះទេ។ ប៉ុន្តែនៅពេល​អាជ្ញា​ធររាជធានី-ខេត្តណាមួយ ដាក់ជាតំបន់ក្រហម ឬហាមធ្វើដំណើរចេញ-ចូលនោះ ទើបក្រុមហ៊ុនផ្អាកដំណើរមួយ​រយៈ តែនៅពេលអាជ្ញាធរបើកវិញ គឺដំណើរការជាធម្មតាវិញ។

លោក បានឲ្យដឹងបន្តថា ការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺកូវីដ-១៩ ពិតជាបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើ​រ​រប​​ស់​ប្រជាពលរដ្ឋ ហើយក៏បានធ្វើឲ្យប៉ះពាល់ដល់ដំណើរក្រុមហ៊ុន ដែលពាក់ព័ន្ធវិស័យដឹកជញ្ជូនអ្នកដំណើរនេះដែរ។

លោកមានប្រសាសន៍ថា «ចាប់តាំងពីព្រឹត្តិការណ៍ ២០កុម្ភៈ យើងឃើញថា ការឆ្លងរីករាលដាល នៅក្នុងសហគមន៍​វាមានការកើនឡើងរហូត ដែលធ្វើឲ្យប៉ះពាល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ការប្រកបអាជីវកម្មផ្សេងៗ ហើយ​និង​ការរឹតត្បិតនូវវិធានការរដ្ឋបាលផ្សេងៗ របស់អាជ្ញាធរផងដែរ នេះវាជាការប៉ះពាល់មួយដល់វិស័យដឹកជញ្ជូន ទីពីរពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ក៏ត្រូវបានកាត់ផ្ដាច់ស្ទើរតែទាំងស្រុង ដោយសារតែមានបម្រាមគោចរ ឬការ​បិទផ្សេងៗ ពីការចូលពីខាងក្រៅមកវិញ នេះក៏ជាការប៉ះពាល់ដែរ ប៉ុន្តែក្នុងនាមក្រុមហ៊ុនដែលបម្រើលើវិស័យ​ដឹកជញ្ជូនក្នុងស្រុកហ្នឹង​ គឺយើងនៅតែព្យាយាមប្រឹងប្រែង ធ្វើម៉េចដើម្បីរក្សានិរន្តភាពការងារ ហើយនិងការដឹក​ជញ្ជូនដល់ប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព និងការធ្វើដំណើរដោយសុខសុវត្ថិភាពផងដែរ»។

លោក មឿន សម្បត្តិ បានបញ្ជាក់បន្ថែមថា នៅក្នុងឱកាសពិធីបុណ្យបិណ្ឌឆ្នាំនេះ ក្រុមហ៊ុនរបស់លោក មិនមាន​ការ​ដំឡើងថ្លៃសំបុត្រធ្វើដំណើរនោះទេ។ ម្យ៉ាងទៀត ក៏មានវិធានការបង្ការទប់ស្កាត់កូវីដ-១៩ផងដែរ។ លោកថា«បុគ្គ​លិកទាំងអស់ បានចាក់វ៉ាក់សាំងការពាររួចរាល់ និងបានធ្វើការត្រួតពិនិត្យសុខភាពជាប្រចាំ មុនចូលបំពេញការងារ។ ជាមួយគ្នានេះ ការធ្វើតេស្តរហ័ស ចំពោះបុគ្គលិក ក៏បានអនុវត្តន៍ជាប្រចាំផងដែរ។ ម្យ៉ាងទៀតនៅតាមសាខាទាំងអស់របស់ ឡារីតា យើងមានដាក់ឧបករណ៍តេស្តរហ័ស សម្រាប់ប្រើប្រាស់ក្នុងករណីចាំបាច់ទាំងភ្ញៀវ និងបុគ្គលិក»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម