Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល និយាយពីការរុះរើអភិបាលខេត្តចំនួន ៧រូប

បានផុស

នៅ

លោក ផៃ​ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅ​ព្រឹក​ថ្ងៃទី១ ខែតុលានេះថា ការផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ៧រូបកាលពីថ្ងៃម្សិលមិញនោះ គឺ​ជា​រឿងធម្មតា មិនមានអ្វីប្លែកនោះទេ។ លោកថា តាមអ្វីដែលលោកដឹង គឺអាណត្តិរបស់អភិបាលរាជធានី-ខេត្ត មាន​រយៈពេល ៣ឆ្នាំ ក្នុងមួយអាណត្តិ។

លោក ផៃ​ ស៊ីផាន មានប្រសាសន៍បន្តថា «បន្ទាប់ពី ៣ឆ្នាំអាចបន្តទៅទៀត ឬក៏អាចប្ដូរបង្វិល អាហ្នឹងជានីតិវិធី ឬ​ក៏គោលការណ៍ របស់ការងារនៃអភិបាលខេត្ត ឯកឧត្ដមអភិបាលខេត្តនោះឯង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ មានជំនឿថា នៅពេលមានការផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ៧នេះ នឹងធ្វើឲ្យ​ខេត្តទាំងនោះ មានការអភិវឌ្ឍន៍ និងរីកចំរើនបន្ថែមទៀត។ លោកថា «ច្បាស់ជាមានការផ្លាស់ប្ដូរហើយ ត្បិតពីការ​ពិសោ​ធន៍ពីខេត្តមួយ ទៅខេត្តមួយ គឺមានការពិសោធន៍ប្លែកៗគ្នា»។

លោក ផៃ ស៊ីផាន បានលើកឧទាហរណ៍លោក ម៉ៅ ធនិន ដែលជាអភិបាលខេត្តពោធិ៍សាត់ជាច្រើនឆ្នាំ បានដឹកនាំ និងអភិវឌ្ឍន៍ខេត្តនេះយ៉ាងច្រើន។ ម្យ៉ាងទៀតលោក ក៏មានជំនាញនៅក្នុងដោះស្រាយបញ្ហាវិវាទ ជាពិសេសបញ្ហា​ជម្លោះដីធ្លី ដែលធ្វើឲ្យមានការកោតសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ នៅពេលលោក ម៉ៅ ធនិន ក្លាយជាអភិបាលខេត្តកំពត លោក ផៃ ស៊ីផាន ជឿថា នឹងអាចធ្វើឲ្យខេត្តនេះអភិវឌ្ឍន៍រីកចំរើនបន្ថែមទៀត ជាពិសេសដោះស្រាយបញ្ហាប្រឈមនានា ដែលអភិបាលខេត្តចាស់មិនទាន់បានដោះស្រាយ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា ត្រាស់បង្គាប់តែងតាំង និងផ្ទេរភារកិច្ចអភិ​បាលខេត្តចំនួន ៨រូប។ ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យនេះ គឺបន្ទាប់ពី​មានសេចក្ដី​ក្រាបបង្គំទូលថ្វាយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អភិបាលខេត្ត ដែលត្រូវបានតែងតាំង និងផ្ទេរភារកិច្ចទាំង ៨រូប រួមមាន៖

ទី១៖ លោក ម៉ុម សារឿន ពីអភិបាលខេត្តស្ទឹងត្រែង ត្រូវបានតែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ទី២៖ លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង

ទី៣៖ លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី។

ទី៤៖ លោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី

ទី៥៖ លោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត

ទី៦៖ លោក ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់

ទី៧៖ លោក សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង

ទី៨៖ លោក ងួន រតនៈ ពីអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលខេត្តកំពង់ធំ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម