ខេត្តសៀមរាប ចាប់ផ្ដើមណែនាំ និងអប់រំពលរដ្ឋ អំពីការរស់នៅតាមបែបគន្លងថ្មី ក្នុងបរិបទនៃជំងឺកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តសៀមរាប ចាប់ផ្ដើមណែនាំ និងអប់រំពលរដ្ឋ អំពីការរស់នៅតាមបែបគន្លងថ្មី ក្នុងបរិបទនៃជំងឺកូវីដ

បានផុស

នៅ

អាជ្ញាធរខេត្តសៀមរាប ដឹកនាំ​ដោយ​លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប និង ជា​ប្រធាន​ក្រុមទី​៣ នៃ​យុទ្ធនាការ​នេះ បាន​ដឹកនាំ​ក្រុមការងារ​ខេត្ត ចាប់​ផ្ដើមធ្វើ​យុទ្ធនាការ​ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​០២​និង​ថ្ងៃទី​០៣ ខែតុលា​នេះ បាន​ចុះ​ពន្យល់ និង ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និងអាជីវករ​នៅក្នុង​សង្កាត់​ទឹក​វិល​និង​សង្កាត់​ស្រ​ង៉ែ ក្នុងក្រុងសៀមរាប ឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ អំពីរបៀបនៃការរស់នៅក្នុងជីវភាពធម្មតា តាមបែបគន្លងថ្មី ក្នុងសម័យកូវីដ-១៩។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បី​អនុវត្ត តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ស្ដីពី​ការរៀន​រស់ក្នុង​ជីវភាព​ធម្មតា តាមបែប​គន្លង​ថ្មី​ក្នុងសម័យ​កូ​វីដ​-១៩​នោះ រដ្ឋបាល​ខេត្តសៀមរាប បានចេញ​នូវ​សេចក្ដីណែនាំ​ចំនួន ១០​ចំណុច ស្ដីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​នានា និង​ការធានា​ប្រក្រតីភាព​ក្នុងការ​រស់នៅ តាមបែប​គន្លង​ថ្មី នៃ​បរិបទ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ជាពិសេស​បាន​បែងចែក​ក្រុមការងារ ដែល​ដឹកនាំ​ដោយ​លោក លោកស្រី ជា​អភិបាលរង​ខេត្ត ចុះ​ពន្យល់ និងណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និងអាជីវករ នៅតាម​បណ្តា​សង្កាត់​ទាំង​១២ នៃ​ក្រុង​សៀមរាប ឲ្យ​បាន​យល់ដឹង​កាន់តែច្បាស់​អំពី​របៀប​នៃ​ការរស់នៅ​ក្នុង​ជីវភាព​ធម្មតា តាមបែប​គន្លង​ថ្មី​ក្នុងសម័យ​កូ​វីដ​-១៩ ។​

​លោកស្រី យូ សុភា មានប្រសាសន៍​បន្ថែមថា ការអនុញ្ញាត​ឲ្យ​ដក​បម្រាម​ចេញ ពិសេស​ការលប់ចោល​តំបន់​ក្រហម និង តំបន់​លឿងទុំ​វិញ រួម​ជាមួយនឹង​ការអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​និង​ប្រកប​អាជីវកម្ម​ឡើងវិញ​នោះ មិនមែន​មានន័យថា​ ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​បាន​ធូរស្បើយ​នោះទេ តែ​តាមពិត​ជំងឺ​នេះ​នៅតែ​មាននៅ​គ្រប់ទិសទី ហើយ​អាច​នឹង​ឆ្លង​ចូលដល់​ខ្លួន​មនុស្ស​គ្រប់ពេលវេលា​ទៀតផង ប្រសិនបើ​មិនមាន​វិធានការ​បង្ការ និងទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​ទេនោះ ជាពិសេស​មិនបាន​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល​៣​ការពារ​៣​កុំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទេនោះ ដូច្នេះ​ការរស់នៅ​ក្នុង​ជីវភាព​ធម្មតា តាមបែប​គន្លង​ថ្មី​ក្នុងសម័យ​កូ​វីដ​-១៩ គឺជា​រឿង​ចាំបាច់​បំផុត ព្រោះថា ​ពិភពលោក​យើង​នេះ ​ប្រហែលជា​យើង​ត្រូវ​រស់នៅ​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩​យូរអង្វែង​បន្តទៀត ដោយសារតែ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ មិនទាន់​ទៅណា​ឲ្យ​ឆ្ងាយ​ពី​ពិភពលោក​យើង​នេះ​ទេ ពីព្រោះ​វា​នៅតែ​បន្ត​ការឆ្លង​រាតត្បាត​ជា​សកល​នៅឡើយ ។​

​លោកស្រី​អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍​បន្ថែមទៀត​ថា អំណឹះតទៅ មនុស្ស​ត្រូវតែ​រស់នៅក្នុង​វិន័យ ត្រូវ​រៀន​ផ្លាស់ប្ដូរ​ទម្លាប់ ហើយក៏​ត្រូវធ្វើ​ការកម្រិត​សេរីភាព​របស់ខ្លួន​ឲ្យ​បាន​ខ្លាំង​ជាង​មុន ដើម្បី​រក្សា​អាយុជីវិត រក្សា​ការងារ​និង​មុខរបរ​អាជីវកម្ម​រប​ស់​ខ្លួន ព្រោះ​រហូតមកដល់​បច្ចុប្បន្ន​នេះ អ្នកវិទ្យាសាស្ត្រ​ក្នុង​ពិភពលោក នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ នូវ​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ ដ៏​កាច​សាហាវ​នេះ ដូច្នេះ ការពាក់​ម៉ាស​ជាប្រចាំ ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម ការ​លាងដៃ​ជាមួយ​សាប៊ូ ឬ អាល់កុល​ជា​ញឹកញាប់ ជាពិសេស ការ​កាត់ផ្ដាច់​ទំនង​រវាង​មិត្តភក្ដិ បងប្អូន គឺជា​បែបផែន​រស់នៅ​ដ៏​លំបាក ប៉ុន្ដែ​យើងទាំងអស់គ្នា​ពិតជា​គ្មាន​ជម្រើស​ឡើយ ក្រៅពី​រៀន​រស់នៅក្នុង​ស្ថានភាព​ថ្មី​នេះ​ឲ្យ​បាន ដើម្បី​រក្សា​លំនឹង​ជីវភាព​ក្នុង​គ្រួសារ​ផង និង​ជៀស​ផុតពី​ការឆ្លង​ជំងឺ​ផង នេះហើយ​ដែល​គេ​ហៅថា ការរស់នៅ​ក្នុង​ជីវភាព​ធម្មតា តាមបែប​គន្លង​ថ្មី​ក្នុងសម័យ​ជំងឺ​កូ​វីដ-១៩ ហេតុនេះ វា​ពិតជា​ពិបាក​បន្ដិច​មែន ប៉ុន្ដែការ​បណ្ដោយ​ខ្លួន​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ វា​ក៏​ពិតជា​ពិបាក​ជាង​នេះ​ឆ្ងាយ​ណាស់ ហើយក៏​អាច​ប្រឈម​នឹង​សេចក្ដីស្លាប់ គ្រប់ពេលវេលា​ផងដែរ៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services