Connect with us

ព័ត៌មានជាតិ

បើកការស៊ើបអង្កេត គណនីហ្វេសប៊ុកមួយ បង្ហោះចោទ​​អង្គភាពចំណុះក្រសួងមហាផ្ទៃ ជួបជុំផឹកស៊ី

បានផុស

នៅ

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្រសួងនឹងបន្តការស៊ើបអង្កេតគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ San Bora  ឱ្យបានហ្មត់ចត់បំផុត ដើម្បីស្វែងរកអត្តសញ្ញាណពិតប្រាកដរបស់អ្នកប្រើប្រាស់ និងបក្ខពួកមកសាកសួរ និងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន។

ការប្រកាសការសើបអង្កេតនេះ បានធ្វើឡើងបន្ទាប់ពីគណនីហ្វេប៊ុកនេះ បានបង្កោះដែលមានខ្លឹមសារធ្វើឱ្យប៉ះពាល់ដល់​កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីប្រកាសព័ត៌មានចុះកាលពីថ្ងៃទី៤តុលា អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបន្តថា កាលពីពេលថ្មីៗកន្លងទៅនេះ មានគណនីហ្វេសប៊ុកអនាមិកមួយ បានបង្ហោះខ្លឹមសារចោទប្រកាន់ មកលើអង្គភាពចំណុះក្រសួងមហាផ្ទៃថាបានប្រព្រឹត្តអំពើប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។

ផ្អែកតាមការស្រាវជ្រាវ អ្នកនាំពាក្យក្រសួងមហាផ្ទៃសូមធ្វើការបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មានឱ្យបានជ្រាបថា គណនីហ្វេកហ៊ុក San Bora គឺជាគណនីក្លែងក្លាយ (Fake Accourt) បង្កើតឡើងប្រើប្រាស់ក្នុងគោល​បំណង​បង្ហោះផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ និងវាយប្រហារមកលើអង្គភាពក្រសួងមហាផ្ទៃតែប៉ុណ្ណោះ។ បន្ទាប់ពីបង្ហោះ និងផ្សព្វផ្សាយខ្លឹមសារវាយប្រហាររបស់ខ្លួនរួចមក ម្ចាស់គណនីនេះបានបិទនិងឈប់ប្រើប្រាស់គណនីភ្លាមៗតែម្ដង។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបន្តទៀតថា អង្គភាពចំណុះក្រសួងមហាផ្ទៃ ដែលត្រូវបានគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ San Bora (Fake Account) បង្ហោះ និងផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ថាបានជួបជុំផឹកស៊ី ផ្ទុយនឹងវិធានការរបស់រាជរដ្ឋាភិបាល គឺជាអង្គភាពដែលទទួលបន្ទុកការពារ និងដឹកជញ្ជូនសម្ភារបរិក្ខា ស្បៀងអាហារ និងបរិក្ខាសុខាភិបាល ផ្គត់ផ្គង់ជូនទៅអង្គភាពនានានៅតាមបណ្តា រាជធានី-ខេត្ត និងជាកម្លាំងត្រៀមសម្រាប់ជួយបម្រើដល់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ-១៩ ផងដែរ ហើយកម្លាំងនគរបាលទាំងអស់នៃអង្គភាពនេះ តម្រូវឱ្យផ្លាស់ប្ដូរវេនប្រចាំការ និងរង់ចាំបញ្ជា ២៤/២៤ម៉ោង ក្នុងមួយសប្ដាហ៍ នៅក្នុងអង្គភាព សម្រាប់ត្រៀមបំពេញបេសកម្មតាមការចាំបាច់​។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ស្នើបណ្តាញសារព័ត៌មាន បណ្តាញសង្គម និងសាធារណជនទាំងអស់ សូមកុំធ្វើការវិភាគ និងវិនិច្ឆ័យលើព័ត៌មានដែលពុំមានប្រភពច្បាស់លាស់ គ្មានមូលដ្ឋាន មានចរិតលក្ខណៈលំអៀង និងមាននិន្នាការវាយប្រហារមកលើស្ថាប័នអង្គភាពរបស់រាជរដ្ឋាភិបាល។ ការផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ព័ត៌មានមិនពិត គឺជាភាពអយុត្តិធម៌បំផុតចំពោះតួអង្គ ដែលជាកម្មវត្ថុត្រូវបានគេវាយប្រហារ នឹងអាចនាំឱ្យមានទោសទណ្ឌដល់ខ្លួនផងដែរ។

ក្រសួងមហាផ្ទៃ សូមស្វាគមន៍ចំពោះការចុះផ្សាយ និងចែកចាយព័ត៌មានដែលមានប្រភព និងមូលដ្ឋាន ច្បាស់លាស់ មានចរិតលក្ខណៈជាការរិះគន់ក្នុងន័យស្ថាបនា និងសូមថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត តាមបណ្តាញសង្គម និងបណ្តាញសារព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាព និងយុត្តិធម៌នៅក្នុងសង្គម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម