Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ បើ ១០ ទៅ ១៥ថ្ងៃក្រោយ កូវីដនៅតែថយចុះ នឹងដល់ពេលបើកសេដ្ឋកិច្ចសង្គម​ឡើងវិញ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ចំនួនតួលេខកាលពីថ្ងៃម្សិលមិញ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មាន​ចំនួន​តិចជាងអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជារឿងគួរឲ្យសោកស្ដាយ។ ម្យ៉ាងទៀតប្រជាពលរដ្ឋ ក៏ធ្វើ​ដំណើរកម្សាន្ដនៅតាមរមណីដ្ឋាននានា ហើយសម្ដេចតេជោ ក៏បានចេញសាររំលឹកឲ្យពួកគាត់​ មានការប្រុងប្រយ័ត្ន អំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍​ថា ការធ្វើដំណើរកម្សាន្ដរបស់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ គឺជាការសាកល្បង ដើម្បី​ឈាន​ទៅដល់ការបើកប្រទេសឡើងវិញ លើគ្រប់វិស័យ។ «ប្រសិនបើក្នុងរង្វង់ ១០ ទៅ ១៥ថ្ងៃ ស្ថានភាពរបស់យើង នៅនឹងនរ អត្រាឆ្លងត្រឹមប៉ុណ្ណេះដូចរាល់ថ្ងៃ និងការស្លាប់ត្រឹមកម្រិតប៉ុណ្ណេះ ខ្ញុំគិតថាដល់ពេលវេលា ដែលយើង​ត្រូវ​បើកសេដ្ឋកិច្ច និងសង្គមឡើងវិញលើគ្រប់វិស័យ តែទៅតាមគន្លងថ្មី ជាមួយនឹងវិធានការ ៣កុំ ៣ការពារ របស់យើង​ដែលនាំទៅដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់យើង»។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា ទាំងIMF ទាំងធនាគារពិភពលោក និងស្ថាប័នហិរញ្ញវត្ថុដទៃ​ទៀត បានព្យាករដំឡើងអត្រានៃកំណើនសេដ្ឋកិច្ច របស់កម្ពុជាពី ១,៨ភាគរយ ទៅ ២,២ភាគរយ នៅឆ្នាំ២០២១ ដែលកាលពីពេល​មុនយើងបានព្យាករកំណើនសេដ្ឋកិច្ចថា អាចមានកំណើន ៤,៣ភាគរយ។ ក៏ប៉ុន្តែដោយ​សារការ​វាយលុក នៃជំងឺ​កូវីដ-១៩ គឺមានការព្យាករសារជាថ្មីថា កំណើនសេដ្ឋកិច្ច របស់កម្ពុជាធ្លាក់នៅ ១,៨ភាគរយ តែក្រោ​យមក​ស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិនានា បានវាយតម្លៃថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងឡើងដល់ ២,២ភាគរយ នៅក្នុង​ឆ្នាំនេះ។

យ៉ាងណាក៏ដោយ បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រសិនបើ ២ខែចុងក្រោយ នៃចុងឆ្នាំ២០២១នេះ យើងអាច​បើកសេដ្ឋកិច្ចសង្គម ជាពិសេសវិស័យទេសចរណ៍ផ្ទៃក្នុង និងសេវាដទៃទៀត គឺកំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាច​នឹងមានការឡើងបន្តិចទៀត ហើយចំណូលថវិកាជាតិ នឹងអាចវិលត្រឡប់មកកាន់ស្ថានភាពល្អប្រសើរ។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអរគុណចំពោះប្រជាពលរដ្ឋ ដែលបានខិតខំការពារខ្លួនឯង និងក្រុមគ្រួសារ ដើម្បីចៀសផុតពីការឆ្លងនៃ​ជំងឺកូវីដ-១៩៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម