Connect with us

ព័ត៌មានជាតិ

កុមារនៅភ្នំពេញ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី២ ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា

បានផុស

នៅ

កុមារ ដែលមានអាយុ​ចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ដែលបានបញ្ចប់ការចាក់ដូសទី១ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងសម្រាប់ដូសទី២ ពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់​ម៉ោង ០៨:០០​នាទី​ព្រឹក ដល់​ម៉ោង ១៧:០០​នាទី រសៀល នៅ​ទីតាំង​ចំនួន ៤២​ទីតាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​០៨ តុលា​នេះ ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ មានន័យថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែលជា​មាតាបិតា​-​អាណាព្យាបាល អ្នកគ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ ព្រមទាំង​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា ដោយ​ទទួលបាន​ការប្រគល់​ភារកិច្ច ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) ក្នុងនាម​អនុគណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដំណើរការ យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ជូន​កុមារ ដែលមាន​អាយុ​ចាប់ពី ០៦ ឆ្នាំ ដល់​ក្រោម ១២ ឆ្នាំ ហើយ​បាន បញ្ចប់​ការចាក់​ដូ​ស​ទី​១ នៅ​ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ​២០២១ កន្លងទៅនេះ​។ សម្រាប់​ដូ​ស​ទី​២ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ រៀងរាល់​ម៉ោង ០៨:០០​នាទី​ព្រឹក ដល់​ម៉ោង ១៧:០០​នាទី រសៀល នៅ​ទីតាំង​ចំនួន ៤២​ទីតាំង ដែល​បានកំណត់​នៅក្នុង​ឧបសម្ពន្ធ​នៃ​សេចក្ដីជូនដំណឹង​លេខ​: ០៧៧ សជណ ចុះ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១​។

ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កេតឃើញថា​កុមារ​ភាគច្រើន​បានមក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ កូ​វីដ​-១៩ ប៉ុន្តែ​ក៏​នៅមាន​មួយចំនួន​ខកខាន​មិនទាន់បាន​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅឡើយ​ដោយ មូលហេតុ​ផ្សេងៗ រួមមាន ជាប់​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​, មាន​បញ្ហា​សុខភាព​, មានធុរៈ​ចាំបាច់ ឬ​ទើប​គ្រប់​អាយុ​ទទួល វ៉ាក់សាំង​។ ក្នុងន័យនេះ អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ សម្រេច បន្ត​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​១ ជូន​កុមារ​ដែល​ខកខាន​មិនបាន​មក​ទទួល​វ៉ាក់សាំង​ដោយ​មូលហេតុខាងលើ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី នៅតាម​ទីតាំង​មន្ទីរពេទ្យបង្អែក ចំនួន ០៨​ទីតាំង រៀងរាល់​ម៉ោង ០៨.០០​នាទី​ព្រឹក ដល់​ម៉ោង ១៧.០០ នាទី​រសៀល​។​

ថ្មី​ម្តងទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ក្រើនរំលឹក​និង​អំពាវនាវ ចំពោះ​មាតាបិតា អាណាព្យាបាល​ដែល ត្រូវ​នាំ​បុត្រ​ធីតា​ឬ​សាច់ញាតិ មក​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ប្រកាន់ខ្ជាប់​ឱ្យបាន​ជាដាច់ខាត​នូវ​ការរក្សា គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស តម្រង់​ជួរ ចៀសវាង​ការ​ឈរ​ប្រជ្រៀត​គ្នា ណែនណាន់តាន់តាប់ ហើយ​ត្រូវ​ប្រកាន់ ខ្ជាប់​ការចូលរួម​អនុវត្ត​នូវ​វិធានការ​សុខាភិបាល និង​វិធានការ “៣ ការពារ និង ៣ កុំ​” របស់ សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា ឈរលើ​ស្មារតី​ស្រឡាញ់​ជាតិ សហគមន៍ គ្រួសារ និង​អាយុជីវិត​ផ្ទាល់ខ្លួន​ក្នុង​ឆន្ទៈ​រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​ឈានទៅ​កាត់ផ្ដាច់ និង​លុបបំបាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង “​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១- ឱ្យបាន​ឆាប់​នាពេល​ខាងមុខនេះ​។​

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​មាតាបិតា និង​អាណាព្យាបាល ព្រមទាំង​សាធារណជន​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​សហការ​អនុវត្ត ការងារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម