Connect with us

ព័ត៌មានជាតិ

សារព័ត៌មាន The Guardian សម្ដែងការសោកស្ដាយ ចំពោះកំហុសនៃការផ្សព្វផ្សាយរបស់ខ្លួន មកលើ​សម្ដេចតេជោ

បានផុស

នៅ

សារព័ត៌មាន The Guardian បានសម្តែងការសោកស្តាយចំពោះកំហុសឆ្គង ដែលបានផ្សាយខុសការពិតថា សម្តេច តេជោ ទិញសញ្ជាតិពីប្រទេសស៊ីព្រ។ នេះបើយោងតាមលិខិត ការិយាល័យកម្មវិធីមិត្តអ្នកអាន របស់សារព័ត៌មាន The Guardian ដែលផ្ញើជូនលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិកម្ពុជា ដែលអ្នកសារព័ត៌មានទទួលបាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។

សារលិខិតមានខ្លឹមសារទាំងស្រុងថា

“ខ្ញុំសរសេរសារអេឡិចត្រូនិក (email) នេះ ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ ឯកឧត្តម ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ (បានទទួលនៅវេលាម៉ោង ១៣.១៩ GMT នៅថ្ងៃនេះ) ដែលបានអានរួចហើយដោយលោកស្រីនិពន្ធនាយក ខេតធឺរីន វីននឺរ (Katherine Viner) និងបានបញ្ជូនមកខ្ញុំ ដែលមានតួនាទីជាអ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន (ត្រួតពិនិត្យផ្ទៃក្នុង-internal Ombudsman)។ ខ្ញុំអាចធានាចំពោះ ឯកឧត្តម បានថា កំហុសឆ្គងត្រូវបានរកឃើញ និងជម្រាបមកខ្ញុំ ដោយបុគ្គលិក ដែលជាអ្នកសរសេរអត្ថបទផ្ទាល់ របស់សារព័ត៌មានដឺហ្គាឌីយែន (the Guardian) កាលពីម្សិលម៉ិញ ហើយអត្ថបទនោះត្រូវបានកែសម្រួល និងបានបញ្ជាក់ការកត់ចំណាំនៅចុងអត្ថបទរួច (footnoted)។ ឯកឧត្តម អាចឃើញអត្ថបទដែលបានកែសម្រួលថ្មី ដែលមានការពាក់ព័ន្ធដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចមានក្នុងតំណភ្ជាប់នៅទីនេះ”។ 

លិខិតសរសេរដោយឈ្មោះ អេលីសាបែត រីបប៊ែន (Elisabeth Ribbans) កម្មវិធីមិត្តអ្នកអាន ការិយាល័យកម្មវិធីមិត្តអ្នកអាន របស់សារព័ត៌មាន The Guardian បានបញ្ជាក់ថា “អត្ថបទ នឹងត្រូវបានគ្រោងដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីផ្នែកការកែតម្រូវ និងការបកស្រាយបញ្ជាក់ (Correction and Clarification Column) តាមប្រព័ន្ធអនឡាញ នាពេលក្រោយ នៅក្នុងថ្ងៃនេះ (ម៉ោងផ្សព្វផ្សាយ ២០:០០ GMT)។

ស្មេរអត្ថបទមានការសោកស្តាយ ដោយបង្កឲ្យមានការបារម្ភ ដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែមានសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័ស ក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវដំណោះស្រាយគួរជាទីពេញចិត្ត។

សូមបញ្ជាក់ថា សារព័ត៌មាន The Guardian ថ្មីៗនេះ បានសរសេរថា “មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីព្រ” ហើយក្រោយមក ក៏បានកែអត្ថបទចេញផ្សាយរបស់ខ្លួនឡើងវិញ ក្រោយមានប្រតិកម្មខ្លាំង ៗពីរាជរដ្ឋាភិបាលកម្ពុជា។

ក្រោយពីមានប្រតិកម្មសារព័ត៌មាន The Guardian បានកែសម្រួលឡើងវិញថា “មន្រ្តីនៅក្បែរមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិត​ឆ្លងដែនប្រទេសស៊ីព្រ”។

នៅក្នុងអត្ថបទដដែលនោះ ក៏បានបញ្ជាក់នៅខាងក្រោមថា “អត្ថបទនេះត្រូវបានធ្វើកែសម្រួលនៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២១។ អត្ថបទមុនបាននិយាយដោយមិនត្រឹមត្រូវថា មេដឹកនាំកម្ពុជាលោក ហ៊ុន សែន ស្ថិតក្នុងចំណោមអ្នកដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីព្រ”។

កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ មេធាវីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសបដិ​សេធ និងទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian ដោយផ្សាយបំភ្លៃការពិតថា សម្តេចតេជោ ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)​។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា “សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានសញ្ជាតិខ្មែរតែមួយគត់ គ្មានសញ្ជាតិបរទេសណាមួយ គ្មានលំនៅដ្ឋានណាមួយនៅឯបរទេស ហើយក៏មិនដែលរត់ចោលប្រជាជន និងប្រទេសកម្ពុជានោះទេ។ ការចុះផ្សាយថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus) ជាការចុះផ្សាយដែលបំផ្លើស និងប្រាសចាកពីការពិតសុទ្ធសាធ”។

ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចុះផ្សាយដែលមានចេតនាបំភ្លៃការពិតនេះ។ ក្រុមមេធាវីរាជរដ្ឋាភិបាល មានការខកចិត្តយ៉ាងខ្លាំង ដែលសារព័ត៌មាន The Guardian ក្នុងនាមជាសារព័ត៌​មានដែលមានកិត្តិនាមមួយនៅទ្វីបអឺរ៉ុប បែរជាមិនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ហើយចុះផ្សាយខ្លឹមសារដែលគ្មានមូល ដ្ឋាន និងផ្ទុយពីការពិតទាំងស្រុងបែបនេះ។

ចំណែកលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៦ ខែតុលាដដែល​នោះ ក៏បានផ្ញើលិខិតមួយច្បាប់ជូនផ្ញើជូនលោក លោកស្រី ខេតធឺរីន វីននឺរ (Katherine Viner) និពន្ធនាយកសារព័ត៌មាន The Guardian ដើម្បីសុំបំភ្លឺទាក់ទងទៅនឹងការចុះផ្សាយបំភ្លៃការពិតថា សម្តេចតេជោ ហ៊ុន សែន ទទួលលិខិតឆ្លងដែនពីប្រទេសស៊ីព្រ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់នៅក្នុងលិខិតផ្លូវការថា “ខ្ញុំសរសេរលិខិតនេះដើម្បីសុំការបំភ្លឺពីលោកស្រី ទាក់ទងទៅនឹងអត្ថបទដែលបានចុះផ្សាយ តាមប្រព័ន្ធអនឡាញ ក្រោមចំណងជើង «ក្រុមហ៊ុនច្បាប់បង្កើតឡើងដោយប្រធានាធិបតីស៊ីព្រ ត្រូវបានចោទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិ របស់និរទេសជនរុស្ស៊ី” ដែលបានចុះផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ និងសរសេរដោយ លូក ហាដឌីង (Luke Harding) និង ហេលេណា ស្មីត (Helena Smith)។

កថាខណ្ឌមួយនៃអត្ថបទនេះ បានសរសេរថា “…មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីព្រ”។ នេះគឺជាការអះអាងមិនពិតទាំងស្រុង និងមិនអាចទទួលយកបាន៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម