Connect with us

ព័ត៌មានជាតិ

ក្រោយ​ភ្ជុំរួច តេស្ត​ឃើញ​គ្រូ​និង​សិស្ស​ជា​ច្រើននាក់​ឆ្លង​​កូវីដ​នៅ​ខេត្តព្រះសីហនុ​

បានផុស

នៅ

ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានឱ្យដឹងនៅរសៀលថ្ងៃទី១១តុលានេះថា នៅថ្ងៃចូលរៀនដំបូងនេះក្រុមការងារបានរកឃើញសិស្សនិងគ្រូចំនួន២៦នាក់បានឆ្លងជំងឺកូវីដ១៩ ក្រោយពីឈប់សម្រាករយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ។

លោក ស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបាន​ឲ្យ​ដឹង​ថា មន្ទីរអប់រំបានធ្វើតេស្តរក​កូវីដ​១៩ ដល់លោកគ្រូអ្នកគ្រូនិងសិស្សចំនួន៣៦៧១នាក់ស្រី១៤៩២នាក់ នៅតាមសាលាចំនួន២៥សាលាកម្រិតថ្នាក់ទី៩ និងថ្នាក់ទី១២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣តុលា មុនអនុញ្ញាតឱ្យចូលបង្រៀននិងរៀនវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាលទ្ធផលការធ្វើតេស្តនៅព្រឹកមិញនេះ រកឃើញគ្រូចំនួន៤នាក់និងសិស្ស២២នាក់នៅតាមសាលាចំនួន៥ បានឆ្លងជំងឺកូវីដ១៩ ហើយបានបញ្ជួនទៅព្យាបាលរួចរាល់ហើយ។

បើតាម​មន្រ្តី​អប់រំ​រូប​នេះ មន្ទីរ​អនុវត្ត​ការ​ធ្វើតេស្ត៣ថ្ងៃហ្នឹង គឺ​ធ្វើតេស្តបណ្តើរឱ្យគ្រូនិងសិស្សចូលបង្រៀននិងរៀនបណ្តើរ បើរកឃើញគ្រូឬសិស្សណាម្នាក់មានឆ្លង នឹង​បញ្ជួនទៅព្យាបាលភ្លាមៗតែម្តង។ ចំណែកគ្រូនិងសិស្សណាមិនមានឆ្លងអនុញ្ញាតឱ្យបង្រៀននិងរៀនជាធម្មតា។

លោកស្រីបានបន្ថែមថា ក្រុមការងារសាលានីមួយៗនឹងបន្តធ្វើតេស្តដល់លោកគ្រូអ្នកគ្រូនិងសិស្សរហូតដល់៣ថ្ងៃហើយលទ្ធផលនឹងដឹងជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថាខេត្តព្រះសីហនុ បានបើកដំណើរការសាកល្បងសិស្សថ្នាក់ទី៩និងថ្នាក់ទី១២ចំនួន៥សាលា នៅថ្ងៃទី១៣ខែកញ្ញាឆ្នា២០២១។ បន្ទាប់មកទៀតរដ្ឋបាលខេត្ត បានបន្តបើកថ្នាក់ទី៩និងថ្នាក់ទី១២ចំនួន២០សាលាបន្ថែមទៀត ដែលមាន​សិស្សចំនួន ២១២៥នាក់ស្រី១១៥០នាក់ ស្មើនឹង១០៥ថ្នាក់ ខណៈបច្ចុប្បន្នខេត្តព្រះសីហនុមានសាលាចំនួន​ ១០០​កន្លែង​ក្នុងនោះមានកម្រិតមធ្យមសិក្សាចំនួន២៧កន្លែង កម្រិតមឋមសិក្សាចំនួន៧២កន្លែង និងកម្រិតមតេយ្យសិក្សាចំនួន១កន្លែង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម