Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ៖ ការកំណត់សញ្ជាតិខ្មែរតែមួយ មិនបានសំដៅលើបុគ្គលណាម្នាក់ ឬក្រុមណាមួយនោះទេ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា សម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិនោះ មិនបានសំដៅលើបុគ្គលណាម្នាក់ ក្រុមណាមួយ ឬក៏អ្នក​នយោ​​បាយ​​ណា​មួយនោះទេ ពោលគឺកំណត់តែទៅលើមុខតំណែងកំពូលៗ របស់ជាតិចំនួន ៤រូបតែប៉ុណ្ណោះ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍នៅព្រឹកថ្ងៃទី១២ ខែតុលាថា ការធ្វើវិសោធនកម្មរដ្ឋធម្ម​នុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ មិនបាន​សំដៅដល់បុគ្គលណាមួយ ក្រុម​ណាមួយ ឬអ្នកនយោបាយណាម្នាក់នោះទេ តែចង់កំណត់ទៅលើមុខតំណែង​ប៉ុណ្ណោះ។ មុខតំណែងនោះ គឺជា​ប្រធានស្ថាប័នកំពូលៗ របស់ជាតិទាំង ៤រូប ដែលរួមមាន៖ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី, និ​ង​ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន មានប្រសាសន៍បន្តថា «អញ្ចឹងគេអត់កំណត់ ឬក៏សំដៅលើបុគ្គលណាមួយ ពលរដ្ឋណាមួយ ក្រុ​ម​​​​ណាមួយ ឬក៏អ្នកនយោបាយណាមួយនោះទេ គឺគេកំណត់ទៅលើមុខតំណែង អញ្ចឹងជនទាំងឡាយណា ដែល​មាន​សញ្ជាតិលើសពីមួយហ្នឹង សញ្ជាតិផ្សេងលើសពីមួយហ្នឹង គឺថា ប្រសិនបើចង់ក្លាយជាថ្នាក់ដឹកនាំកំពូលទាំង​នោះ គឺត្រូវតែលាលែង ហើយទុកតែសញ្ជាតិខ្មែរពីកំណើតមួយតែប៉ុណ្ណោះ»។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ មានប្រសាសន៍បន្តទៀតថា សម្រាប់អ្នកដទៃទៀត ដែលមិនចង់ក្លាយជា​ថ្នាក់​​ដឹ​ក​​នាំកំពូលនៃស្ថាប័នទាំង ៤ខាងលើនេះ មិនចាំបាច់លាលែងពីសញ្ជាតិផ្សេង ដែលខ្លួនមាននោះទេ ហើយកា​រកំ​ណ​ត់​​យ៉ាងដូច្នេះ មិនមានការរំលោភទៅលើសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋនោះទេ ពីព្រោះតែគេមិនបានកំណត់ទៅ​លើបុគ្គល ទៅលើក្រុម ឬក៏គោលដៅណាមួយនោះទេ គឺគេកំណត់តែទៅលើមុខតំណែងប៉ុណ្ណោះ។

លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងដែរថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិនោះ គឺជាកិច្ចការសំខាន់របស់ជាតិ ក្នុងចំណោមកិច្ចការសំខាន់ៗ ផ្សេង​ទៀត ដែលរាជរដ្ឋាភិបាល បាននឹងកំពុងតែធ្វើ និងយកចិត្តទុកដាក់។ ការធ្វើវិសោធនកម្ម គឺពិតជាមានសារៈសំខាន់ ដើម្បីធានានូវប្រក្រតីភាព នៃស្ថាប័នកំពូលរបស់​ជាតិ​ ដែលតម្រូវឲ្យថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ​ ប្រកាន់ខ្ជាប់នូវ​ឧត្ដមគតិជាតិ ផលប្រយោជន៍ជាតិ និងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកពីបរទេស ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែ​លអាចនាំមកនូវមហន្តរាយ ឬក៏វិនាសកម្ម ដូចពីអតីតកាលដ៏ជូរចត់របស់យើង នាពេលកន្លងមក។

ជាមួយគ្នានេះលោក ជិន ម៉ាលីន ក៏បានបញ្ជាក់ដែរថា ការយកព្រះករុណា ព្រះមហាក្សត្រ ទៅភ្ជាប់នឹងរឿងកំណត់​សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិនោះ គឺជារឿងមិនត្រឹមត្រូវ និងមិនសមហេតុផល ហើយ​ក៏មិនស្របទៅនឹងរដ្ឋធម្មនុញ្ញនោះដែរ ពីព្រោះព្រះមហាក្សត្រ ព្រះអង្គ ទ្រង់គ្រងរាជ្យ តែមិនកាន់អំណាចនោះទេ។

លោកបានពន្យល់បន្តថា «បានន័យថា ព្រះមហាក្សត្រ ព្រះអង្គមិនពាក់ព័ន្ធ ទៅនឹងកិច្ចការនយោបាយ ឬក៏ការដឹក​នាំ​​ស្ថាប័នកំពូលជាតិណាមួយដែរ ហើយរដ្ឋធម្មនុញ្ញ បានប្បញ្ញត្តិថា ព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យ តែមិនកាន់​អំណាច អញ្ចឹងការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់ឲ្យថ្នាក់ដឹកនាំកំពូល​ ដែលមានសញ្ជាតិតែមួយនេះ គឺ​សំដៅ​ទៅលើថ្នាក់ដឹកនាំកំពូល ដែលកាន់អំណាច ដែលដឹកនាំស្ថាប័នកំពូលជាតិធំៗ ដើម្បីធានានូវប្រក្រតីភាព នៃស្ថាប័នកំពូល របស់ជាតិទាំងអស់នោះ។

សូមជម្រាបថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយល់ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់ធម្មនុញ្ញ ដើម្បីកំណត់ឲ្យថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ «សញ្ជាតិខ្មែរតែមួយគត់»។  

យោង​តាមព្រះរាជសារ របស់ព្រះមហាក្សត្រ ដែលត្រូវបានផ្សព្វផ្សាយនៅយប់ថ្ងៃទី១១ ខែតុលា បានបញ្ជាក់ថា «ខ្ញុំសូមប្រគល់ជូន សម្ដេចអគ្គមហាសេនាបតីតេជោ នូវលិខិតរបស់ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុម​ប្រឹក្សាធម្មនុញ្ញខាងលើនេះ ដើម្បីចាត់ការតាមនីតិវិធី»។

ចំណែកឯគណៈរដ្ឋមន្ត្រី ក៏បានបញ្ជូនសំណើធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ទៅកាន់រដ្ឋសភារួចរាល់ហើយដែរ កាលពីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម