Connect with us

ព័ត៌មានជាតិ

ទំហំនៃការឆ្លងកូវីដ១៩​ ​​ត្រូវ​​រង់ចាំ​ចន្លោះពីមួយ​សប្តាហ៍ ទៅ​ពីរ​សប្ដាហ៍​ ក្រោយភ្ជុំបិណ្ឌ ទើប​អាច​វាយ​តម្លៃ​​បាន​

បានផុស

នៅ

លោក​ជំទាវ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​​សុខាភិបាល​បាន​ថ្លែង​ថា​ ​​ទំហំនៃ​ការ​រីក​រាល​ដាល​​នៃ​កូវីដ១៩​ ក្នុង​ឱកាស​បុណ្យ​​ភ្ជុំ​បិណ្ឌ​ត្រូវ​​រង់ចាំ​រយៈចន្លោះ​ពេលពីមួយសប្តាហ៍ទៅ​​ពីរ​​​​សប្ដាហ៍​ ក្រោយ​ភ្ជុំបិណ្ឌទើប​អាច​វាយ​តម្លៃ​បាន​។ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​​ដែល​​​កន្លង​ផុត​កាល​ពី​សប្ដាហ៍​មុន​​​បង្ក​ឱ្យ​មាន​​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​ពី​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩​ ​ដល់​គ្រួសារ​ និង​អ្នក​ដទៃ​ នៅ​ក្នុង​សហគមន៍ ​ព្រម​ទាំង​​អាច​ឈាន​ទៅ​ដល់​មាន​ការ​ស្លាប់​បាត់​បង់​ជីវិត​នូវ​មនុស្ស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ឱកាស​អញ្ជើញ​បិទ​យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំ​ទី​១ ​ជូន​ប្រជាពលរដ្ឋអាយុ១៨ឆ្នាំ​ឡើង នៅ​ខេត្ដ​កំពង់​ឆ្នាំង ​នា​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ២០២១​នេះលោក​ជំទាវ​បាន​​ឱ្យ​ដឹង​​​ថា​ ការ​​វាយ​​តម្លៃ​សភាព​ការណ៍​នៃ​ការ​ឆ្លង​​​​ជំងឺ​កូវីដ​១៩​ ត្រូវ​​​មាន​ការ​ចូល​រួម​ពី​ផ្នែក​ពាក់​ព័ន្ធ​ជាច្រើន​​ដូច​ជា ​គណៈ​ប្រចាំ​ការ​ គណៈ​ប្រតិបត្តិ និង​គណៈកម្មការ​អន្តរ​ក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​​កូវីដ១៩។​ក្រោយ​មាន​ការ​វាយ​តម្លៃ​ និង​ពិភាក្សា​គ្នា​ពី​ផ្នែក​​ពាក់​ព័ន្ធ​​រួច​ហើយ​ត្រូវ​មាន​​ការ​ជម្រាប​ជូន​ដ៏​ខ្ពង់​ខ្ពស់​​ជូន​សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ ដើម្បី​ធ្វើ​សេចក្តី​សម្រេច​។

“​ដូច្នេះ​​​យ៉ាង​ហោច​​ណាស់​ក៏​​ចន្លោះ​​ពី​ ៧ ថ្ងៃ​ ១៤ ថ្ងៃ​ ​បាន​​​យើង​អាច​វាយ​តម្លៃ​បាន ពី​ព្រោះ​បើ​មាន​ការ​ឆ្លង​នៃ​វីរុស​កូវីដ១៩​ ក៏​វា​ត្រូវ​តែ​ទៅ​តាម​ស្ថាន​ភាព​​វា​ចាប់​ពី​ថ្ងៃ​ឆ្លង​ ក្នុង​ថ្ងៃ​ពិធី​បុណ្យ​ រហូត​ដល់​ថ្ងៃ​ដែល​យើង​ដឹង​ ដូច​ខ្ញុំ​និយាយ​មិញ​ហ្នឹង ទម្រាំ​តែ​យើង​ដឹង​វា​ ៧​ថ្ងៃ​បាត់​ទៅ​ហើយ អញ្ចឹង​យើង​ត្រូវ​​មើល​នៅ​ពេល​​នោះ​ថា​ តើ​ករណី​ដែល​​គាត់​ឆ្លង​ហ្នឹង​​វា​កើន​ឡើង​ ឬ​ថយ​ចុះ​?​​​”។ លោក​ជំទាវ​បន្ថែម​។

ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​​ ពលរដ្ឋ​មួយ​ចំនួន​បាន​​​ជួប​ជុំ​គ្នា​ហាក់​​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ដោយ​​នាំ​គ្នា​ផ្តុំ​ច្រើន​កុះ​ករ​ពេក​ហើយ​ មិន​មាន​អនុវត្តន៍​វិធានការ​ ៣ការពារ​ និង​ ៣កុំ​ ដែល​ឱ្យ​ឆ្លង​វីរុស​កូវីដ-១៩​ ជា​ពិសេស​ពពួក​ដែល​តា​ កំពុង​តែ​ចរាចរ​យ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស។​

នៅ​ថ្ងៃ​ទី​១២ ខែ​​តុលា​នេះ​​ក្រសួង​សុខាភិបាល​​បាន​ប្រកាស​រក​​ឃើញ​ករណី​ករណី​ឆ្លង​ថ្មី ២៦៧នាក់ (PCR Test) ជា​សះស្បើយ ៣៩៩នាក់ និង​ស្លាប់ ​១៧នាក់ ខណៈ​​​អ្នក​ឆ្លង​សរុប ១១៥ ៣៣៥នាក់ អ្នក​ជា​សះស្បើយ ​១០៨ ៨០២នាក់ និង​​អ្នក​ស្លាប់ ២ ៥៤៤នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម