Connect with us

ព័ត៌មានជាតិ

ថ្ងៃ​ខានស្អែក​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​ពិនិត្យមើល​លើ​សេចក្តីស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

បានផុស

នៅ

នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ខានស្អែក​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ ពិនិត្យមើល​លើ​សេចក្តីស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​សញ្ជាតិ​សម្រាប់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​រដ្ឋសភា នា​រសៀល​នេះ​។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភាជាតិ​បាន​មានប្រសាសន៍ប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ នេះ​ថា សំណើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បាន​ទៅដល់​រដ្ឋសភា​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​ពិនិត្យមើល​លើ​សេចក្តីស្នើ​នេះ​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១​ខាងមុខ​។

បើ​តាម​លោក ឡេង ប៉េងឡុង សំណើសុំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​លើ​មាត្រា​មួយ​ចំនួន​ដែល​ទាក់ទង​ទៅនឹង​តំណែង​ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី ប្រធាន​ក្រុម​ប្រឹក្សាធម្មនុញ្ញ ហើយ​មាត្រា​ទាំងនោះ មានដូចជា​មាត្រា​១៩ ថ្មី មាត្រា​៨២ ថ្មី មាត្រា​១០៦ ថ្មី មាត្រា​១១៩ ថ្មី និង​មាត្រា​១៣៧ ថ្មី និង​មាន​មាត្រា​មួយចំនួនទៀត ដែល​ទាក់ទង​។

សូម​បញ្ជាក់​ថា សេចក្តី​ព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ ក្នុង​ការកំណត់​សញ្ជាតិ​ខ្មែរ​តែមួយ សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូល​ជាតិ​នេះ ត្រូវបាន​លើកយក​មក​ពិភាក្សា និង​អនុម័ត នៅក្នុង​កិច្ច​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ ទី​០៨ ខែតុលា ឆ្នាំ​២០២១ ហើយ​ត្រូវបាន​ព្រះ​ព្រះមហាក្សត្រ ទ្រង់​យល់ព្រម​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម