Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកសំឡូត ឲ្យពលរដ្ឋកុំធ្វេសប្រហែសកូនចៅតូចៗ ខណៈទឹកភ្លៀងបន្តធ្លាក់ ធ្វើឲ្យទឹកស្ទឹងសង្កែជន់ឡើងខ្ពស់

បានផុស

នៅ

អាជ្ញាធរស្រុកសំឡូត បានឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ស្រប​នឹង​អាជ្ញាធរ​ស្រុក​កំពុង​ត្រៀមកម្លាំង​ជួយសង្គ្រោះ​ផងដែរ ខណៈទឹកភ្លៀងបន្តធ្លាក់ច្រើនជាប់ៗគ្នាធ្វើឲ្យកម្រិតទឹកឡើងកម្ពស់៨០មីលីម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ​ណៈដែលមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ថ្មីៗ​នេះ​ ក្នុងស្រុក​សំឡូត​ដែល​ជា​ប៉ែក​ខាងលើ​នៃ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ ក៏បាន​បង្ក​ឲ្យ​ទឹកស្ទឹង​សង្កែ​ខេត្តបាត់ដំបង​ បាន​ហក់​ឡើង​យ៉ាងគំហុក​ជា​បន្តបន្ទាប់​ ដោយ​ចាប់តាំងពី​ថ្ងៃទី​១១​រហូតមកដល់​ព្រឹក​ថ្ងៃទី​១៣ ​ខែតុលា ​ឆ្នាំ​២០២១​នេះ​កម្ពស់​ទឹក​ស្ទឹង​សង្កែ​បាន​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។

​លោក​ ឡុង ផលគុណ ​ប្រធាន​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ខេត្តបាត់ដំបង​ បាន​បញ្ជាក់ថា​ ស្ថានភាព​ជំនន់​ក្នុង​ស្ទឹង​សង្កែ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ ​មិនមាន​បញ្ហា​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​ដោយសារ​ទឹកភ្លៀង​បាន​ធ្លាក់​កាលពី​កន្លងមកនេះ ​ត្រឹមតែ​ផ្នែក​មួយ​ប៉ុណ្ណោះ​នៃ​តំបន់​ប៉ែក​ខាងលើ​ក្នុងស្រុក​សំឡូត​ ទើប​បណ្តាល​ឲ្យ​មានទឹក​ហូរ​ចាក់​ចុះមក​ផ្នែក​ខាងក្រោម​ឆ្លងកាត់​ស្ទឹង​សង្កែ​ ដែលមាន​កម្ពស់​ខ្ពស់​ហើយ​បន្ត​ហូរ​ធ្លាក់ចុះ​ទៅខាង​ក្រោម​បឹង​ទន្លេសាប​ជា​បន្តបន្ទាប់​ទៀត​ទឹកស្ទឹង​សង្កែ​នឹង​បាន​ថមថយ​ឡើងវិញ​យ៉ាង​ឆាប់ ​បើសិន​ប៉ែក​ខាងលើ​មិន​បន្ត​ធ្លាក់ភ្លៀង​បន្តទៀត​នោះទេ​។

​មន្ត្រី​ជំនាញ​រូបនេះ​បន្តថា ​មកទល់ពេលនេះ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ស្រុក​សំឡូត ​ក៏​បាននិងកំពុង​ហៀរ​ចូល​តាម​អូរ​និង​ព្រែក​ខ្លះៗ​ហើយ​ដែរ​ ប៉ុន្តែ​មិនទាន់បាន​ទាំងស្រុង​នៅឡើយ​ទេ​។ ​របប​ទឹកភ្លៀង​បន្ត​ធ្លា​ក់ នៅ​តំបន់​ស្រុក​សំឡូត​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មាន​បរិមាណ​៨០​មី​លី​ម៉ែត្រ​ ទើប​បណ្តាល​ឲ្យ​ទឹក​ក្នុង​ស្ទឹង​សង្កែ​ជន់​ឡើង​លឿន​មាន​កម្ពស់​១២,៧០​ម៉ែត្រ​គិត​ត្រឹម​ថ្ងៃ​១៣​តុ​លាន​នេះ​។ លោក​បន្តថា បើទោះបីជា​ប្រទេស​កម្ពុជា​រង​ការប៉ះពាល់​ដោយ​ឥទ្ធិពល​សម្ពាធ​ទាប​យ៉ាងណាក្តី​ក៏​ស្ថានភាព​ទឹកជំនន់​នេះ​មិនទាន់មាន​អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ឡើយ​ ព្រោះ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​មាន​ប្រព័ន្ធធារាសាស្ត្រ​សំណង់​ស្តុក​ទឹកធំៗ​ច្រើន​ អាច​បញ្ចៀស​បញ្ហា​គ្រោះថ្នាក់​ទ្រង់ទ្រាយ​ធំ​បាន​មួយ​ភាគ​ហើយ​កម្ពស់​ទឹកស្ទឹង​សង្កែ​ចំពោះមុខ​នេះ​ នឹង​ស្រក​ចុះ​ឆាប់ៗ​ក្នុង​ករណី​មេឃ​រាំងភ្លៀង​នៅ​ផ្នែក​ខាងលើ​ស្រុក​សំឡូត​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម