Connect with us

ព័ត៌មានជាតិ

រយៈពេល​៩​ខែ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ប្រមូល​ចំណូល​ពន្ធ​បាន ២,១១១ លាន​ដុល្លារ​អាមេរិក

បានផុស

នៅ

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹងថា ​រយៈពេល​៩​ខែ ឆ្នាំ​២០២១​នេះ ប្រមូល​ចំណូល​ពន្ធ​បាន ២,១១១ លាន​ដុល្លារ​អាមេរិក​ស្មើនឹង ៩៤.១២​នៃ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១​។

នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២១ លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ដឹក នាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែកញ្ញា​ឆ្នាំ​២០២១​និង​ត្រីមាស​ទី​៣​ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ដែល​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ​។

លោក គង់ វិបុល បានបង្ហាញ​លទ្ធផល​នៃ​ការប្រមូល​ពន្ធ រយៈពេល​៩​ខែ ឆ្នាំ​២០២១ ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូលបាន (​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ ចំណូល​អន​ឡាញ​របស់ អគ្គនាយកដ្ឋាន​ពន្ធដា​រ​) មាន​ចំនួន ៨,៥៤៩.៩០ ប៊ី​លាន​រៀល​(​ប្រមាណ​ជា ២,១១១.០៩​លាន​ដុល្លារ​)​ស្មើនឹង ៩៤.១២%​នៃ​ផែនការ​ច្បាប់​ហិរញ្ញ វត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២១ ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០ ឃើញថា​ថយចុះ​ចំនួន ៥៥០.២២ ប៊ី​លាន​រៀល​(​ប្រមាណ​ជា​១៣៥.៨៦ លាន​ដុល្លារ​) ស្មើនឹង​-៦.០៥%​។​

សម្រាប់​ឆ្នាំ​២០២១ នេះ​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​បាន​គ្រប់​តាម​ផែនការ​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ចំនួន ៩,០៨៤.៤២ ប៊ី​លាន​រៀល (​ប្រមាណ ២,២៤៣.០៧ លាន​ដុល្លារ​អាមេរិក​)​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​បន្ត​ពង្រឹង​ការអនុវត្ត​នូវ​វិធានការ​គោលនយោបាយ​និង​រដ្ឋបាល​សារពើពន្ធ​ដែល​រួម មាន​វិធាន​ការសំខាន់ៗ​ដូចជា បន្ត​ពង្រឹង​ការអនុវត្ត​កាតព្វកិច្ច​ដំឡើង​ឧបករណ៍​វាស់​ចំណុះ​ស្រា​បៀរ​និង​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល​របស់​សហគ្រាស​ផលិត​ក្នុងស្រុក​ក្នុង​គោលបំណង​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ពន្ធ​និង​អាករ​គ្រប់​ប្រភេទ​ជាពិសេស​ចំណូល​អាករ​ពិសេស​លើ​ស្រា​បៀរ​និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ដែល​គ្រោង​នឹង​ចាប់ផ្តើម​អនុវត្ត​ប្រើប្រាស់​ឧបករណ៍​វាស់​ចំណុះ​នេះ​ចាប់ពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២១ នេះ​តទៅ ។ អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធចំពោះ​សកម្មភាព​នៃ​ការផ្គត់ផ្គង់​ទំនិញ​ឌី​ជី ថ​ល ឬ​សេវា​ឌីជីថល ដែល​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។

អនុវត្ត​ការគ្រប់គ្រង​ការប្រមូល​ចំណូល​ពន្ធ​លើ​អចលនទ្រព្យ​និង​/​ឬ​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើ ប្រាស់​សម្រាប់​ឆ្នាំ​២០២១ ដែល​ត្រូវបាន​ពន្យារពេល​រហូត​ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១ ។ បន្ត​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​បាន​ដាក់ឱ្យអនុវត្ត​ជា​បន្តបន្ទាប់​ជាពិសេស​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ការដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ។ ពង្រឹង​ការអនុវត្ត​ការកត់ត្រា​បំណុល ពន្ធ​ការប្រមូល​បំណុល​ពន្ធ​និង​វិធានការ​តឹង​ទារបំណុល​ពន្ធ​ជាពិសេស​បំណុល​ពន្ធ​ធំៗ ដែលមាន​សក្តានុពល​ដោយ​កំណត់ ជា​បំណុល​អាទិភាព​និង​សហគ្រាស​ស្ថិតក្នុង​វិស័យ ដែល​មិនបាន​រង​ផលប៉ះពាល់​ដោយសារ​ការរីក​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ ។ បន្ត​ពង្រឹង​ការគ្រប់គ្រង​សហគ្រាស​ស្នើសុំ​ផ្អាក​បណ្តោះអាសន្ន ឬ​ស្នើសុំ​បើក​ដំណើរការ​ឡើងវិញ ដោយមាន​វិធាន​ការចុះពិនិត្យ​ដល់ទី​តាំង​សហគ្រាស​ផ្ទាល់ តាមដាន​ការដាក់​លិខិត​ប្រកាស និង​ពង្រឹង​ការធ្វើ​សវនកម្ម​លើ​លិខិតស្នាម។

លោក​រដ្ឋមន្ត្រី​ប្រតិភូ បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ពន្ធដារ​គ្រប់​ជាន់ថ្នាក់ នៅតាម​អង្គភាព​ក្រោម​ឱវាទ​អគ្គ​នាយ ក​ដ្ឋា​ន​ពន្ធដារ ដែល​បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល​ដែល​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​ហើយ​នេះ​គឺជា​ជោគជ័យ​និង​ជាស​មិទ្ធ ផល រួម​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​ទាំងមូល ទោះបី​ស្ថិ​តក្នុងដំណាក់កាល​នៃ​ការអូសបន្លាយ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​៕

ដោយ ​៖ ​ណា​រី​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម