Connect with us

ព័ត៌មានជាតិ

មក​នាំគ្នា​ដឹង​ពី​ប្រវត្តិ​នៃ​បទ​ចម្រៀង «​លា​ហើយ​កម្ពុជា​» ដែល​ជា​ស្នា​ព្រះហស្ត​និពន្ធ​ដោយ​សម្តេចឪ

បានផុស

នៅ

បទ​ចម្រៀង​មួយ​របស់​សម្តេច​ឪ នរោត្តម សីហនុ គឺ​បទ​«​លា​ហើយ​កម្ពុជា​»​ឬ​«Goodbye Cambodia»​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅក្រោយ​ពេលដែល​ព្រះមហាវីរក្សត្រ​យាង​សោយ​ទិវង្គត ។ បទ​ចម្រៀង​មួយ​នេះ​ត្រូវបាន​សម្តេច​តា​និពន្ធ​នៅក្នុង​ដើម​ទស្សវត្សរ៍​៧០ ។

​បទ​ចម្រៀង ”​លា​ហើយ​កម្ពុជា​” ដែល​សម្តេចឪ នរោត្តម សីហនុ និពន្ធ​នៅ​ដើម​ទសវត្សរ៍ ៧០ ពី​ព្រះរាជដំណាក់​ក្រុង​ប៉េកាំង​ប្រទេស​ចិន​នោះ​មិនសូវមាន​ពលរដ្ឋ​ខ្មែរ​ស្គាល់​ទេ មុន​ព្រះអង្គ​យាង​សោយ​ទិវង្គត ។ ប៉ុន្តែ​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ផ្សព្វផ្សាយ​បទ​ចម្រៀង​នេះ​នៅតាម​បណ្តាញ​ព័ត៌មាន​សង្គម​កាន់តែច្រើន ។ មាន​អ្នក​ផ្សព្វផ្សាយ​បន្ត​ពី​គេហទំព័រ Youtube ដែលជា​វីដេអូ​ចម្រៀង​របស់​ព្រះអង្គ​និង​អ្នក​ខ្លះទៀត​បានធ្វើ​ជា​ចម្រៀង Karaoke ទៀតផង​។

លោក នុត ឈឿ​ម តាមរយៈ​សៀវភៅ​កម្ពុជា​រំលឹក​ពី​រដ្ឋប្រហារ​ថ្ងៃ​១៨ មីនា ឆ្នាំ​១៩៧០​បានឱ្យដឹង​ថា ការ​រង់​ចាំ​របស់​ព្រះអង្គ​នូវ​លិខិត​ដែល​ពួក​ខ្មែរ​ផ្ញើ​មក​សុំ​យាង​ព្រះអង្គ​ចូល​ស្រុក​វិញ​ដូច​គេ​រង់ចាំ​ផ្កាយ​ជ្រុះ​ពីលើ​មេឃ ។ កុំថាឡើយ​ការយាង​ព្រះអង្គ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចូល​ស្រុក​វិញ​សូម្បីតែ​ការចូល​ទិវង្គត​របស់​ព្រះមហា​ក្សត្រិយានី ស៊ីសុវត្ថិ​កុសុមៈ​នារីរតន៍ សិរី​វ​ឌ្ឍ​នា ក៏​ខ្មែរក្រហម​មិនបាន​អើពើ​មិនបាន​ផ្ញើ​ចុ​ត​ហ្មាយ​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ពី​ព្រះអង្គ ហើយក៏​មិនបាន​កាន់ទុក្ខ​អ្វី​ដែរ ព្រោះ​វិទ្យុជាតិ​នៅ​កម្ពុ​ជានា​គ្រានោះ​ពុំបាន​ចាក់ផ្សាយ​អ្វី​ក្រៅ​ពីបទ​ចម្រៀង​បដិវត្តន៍​ឡើយ​។

សៀវភៅ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ពេលនោះ​ហើយ​ទើប​ព្រះអង្គ​ដឹងថា​ខ្មែរក្រហម​កំពុង​បោកប្រាស់​ព្រះអង្គ​។ ដោយសារ​មិនឃើញ​ខ្មែរក្រហម​ផ្ញើ​លិខិត​សុំ​យាង​ព្រះអង្គ​ចូល​ស្រុក​វិញ​ពួក​អ្នកកាសែត​បរទេស​ចេះតែ​តាម​ឆាឆៅ​ព្រះអង្គ​ដោយ​ចោទសួរ​ព្រះអង្គ​ថា​តើ​ព្រះអង្គ​យាង​ទៅ​ស្រុក​វិញ​ពេលណា?

តើ​ខ្មែរក្រហម​មក​ទទួល​ព្រះអង្គ​ឬមួយ​ព្រះអង្គ​ចង់​សុំ​ធ្វើ ជា​ជនភៀសខ្លួន​ខាង​នយោបាយ​នៅ​ក្រុង​ប៉េកាំង​? ដោយសារ​អស់សង្ឃឹម​ផង​និង​ដើម្បី​បំបាត់​ការ​អផ្សុក​ផង​នោះ​សម្ដេចឪ​បាន​ព្រះរាជ​និពន្ធ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​លា​ហើយ​កម្ពុជា​» នេះ​ឡើង​ដោយ​អ្នក​លេងភ្លេង​មានតែ​ពីរ​នាក់​ប៉ុណ្ណោះ។ លោក នុត ឈឿ​ម ជា​អ្នក​កាន់​ចាប៉ី​ឯ​សម្ដេចឪ​ផ្លុំ​សាក​សូរ​ហ្វូ​ន។ ចម្រៀង​នេះ​និពន្ធ​ឡើង​នៅ​ដើមខែ​កក្កដា​ឆ្នាំ ១៩៧៥ នៅពេល​ព្រះអង្គ​យាង​ចេញពី​ប្រទេស​ចិន​ទៅ​នៅ​ព្យុងយ៉ាង​និង​បន្ទាប់ពី​ពួក​អ្នកកាសែត​បរទេស​នៅ​ចិន​ចេះតែ​ជជីក​សួរ​ព្រះអង្គ​តែ​រឿង​ដដែលៗ​។​ បទ​ចម្រៀង​នេះ​មាន​ទំនុក​បង្កប់​ដោយ​ភាព​ស្រណោះ​ស្រណោក​ជា​ពន់ពេក​។

​បទ​ចម្រៀង​មួយ​នេះ​ត្រូវបាន​សម្តេច​តា​យក​លំនាំ​ទំនុក​បទ​ពីបទ​ចម្រៀង​ជប៉ុន​មួយ​ហើយ​ព្រះអង្គ​តែង​អត្ថបទ​ចម្រៀង​ជា​ភាសា​ខ្មែរ​ដោយ​ព្រះអង្គឯង។ ​មុន​បទ​ចម្រៀង​«​លា​ហើយ​កម្ពុជា​»​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅតាម​គេហទំព័រ​Youtube​អតីត​ព្រះមហាវីរក្សត្រ​សម្តេចឪ​នរោត្តម សីហនុ បាន​យក​បទ​ចម្រៀង​នេះ​មក​ច្រៀង​ឡើងវិញ​ស​ម្រា ប់​អាល់​ប៊ុ​ម Royal Signing របស់​ព្រះអង្គ ។ បទ​ចម្រៀង​នេះ​ត្រូវបាន​ព្រះអង្គ​ថត​នៅ​ខែ ធ្នូ ឆ្នាំ​២០០៣ សម្រាប់​អាល់​ប៊ុ​ម​ទី​៨៕

ដោយ ​៖ ​ណា​រី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម