ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ ដាក់ឲ្យដំណើរការប្រព័ន្ធ QR Code «បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine» នៅថ្ងៃស្អែក
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធ QR Code «បណ្ណចាក់វ៉ាក់សាំងឌីជីថល StopCovid QR Vaccine»ដោយតភ្ជាប់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» ទៅនឹងប្រព័ន្ធទិន្នន័យចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះតទៅ។
បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ ចុះថ្ងៃទី១៦ ខែតុលាបានឲ្យដឹងថា ប្រព័ន្ធ QR Code «StopCovid QR Vaccine» មានមុខងារសំខាន់ចំនួនបីគឺ (១) សម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ (២) គ្រប់គ្រងការធ្វើចត្តាឡីស័ក និង (៣) បង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ របស់បុគ្គលម្នាក់ៗ។
ក្រសួងបានបន្តថា ម្យ៉ាងទៀត ប្រព័ន្ធនេះនឹងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ ក្នុងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដោយមិនចាំបាច់យកបណ្ណចាក់វ៉ាក់សាំង តាមខ្លួនគ្រប់ពេលវេលា ឬព្រួយបារម្ភអំពីការបាត់បង់ ឬខូចខាតបណ្ណចាក់វ៉ាក់សាំងដោយប្រការណាមួយឡើយ ព្រមទាំងកាត់បន្ថយហានិភ័យ នៃការក្លែងបន្លំទិន្នន័យលើបណ្ណចាក់វ៉ាក់សាំង។
ក្រសួងបានបន្ថែមថា ប្រព័ន្ធនេះ អាចបង្ហាញពីព័ត៌មាន នៃការចាក់វ៉ាក់សាំង រូបថត និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ តាមរយៈការស្កេន QR Code នៅតាមច្រកចេញ-ចូលក្រសួង ស្ថាប័ន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកំសាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា។
ក្រសួងប្រៃសណីយ៍ សូមណែនាំដល់ម្ចាស់ទីតាំង ដែលមិនទាន់បានប្រើប្រាស់ប្រព័ន្ធ QR Code នេះ សូមមេត្តារួសរាន់បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួន តាមរយៈគេហទំព័រ stopcovid.gov.kh។ ម្ចាស់ទីតាំងត្រូវតម្រូវឲ្យបុគ្គល ដែលចេញ-ចូលទីតាំងរបស់ខ្លួន ស្កេន QR Code ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌ លើអេក្រង់ទូរសព្ទក្រោយពេលស្កេន។
ក្រសួងប្រៃសណីយ៍ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា សាធារណជនទាំងអស់ នឹងចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code “StopCOVID QR Vaccine” នេះទាំងអស់គ្នា ដើម្បីសុវត្ថិភាព បង្ការនិងទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាត សកលនេះ ជួយជំរុញការបើកចំហរការធ្វើដំណើរ ឲ្យកាន់តែងាយស្រួល តាមរយៈការបន្ស៉ាំខ្លួនរស់នៅ តាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងអាចរួមចំណែកជួយជំរុញដំណើរការប្រក្រតី នៃគ្រប់វិស័យឡើងវិញ៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ