Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថានសិក្សា​រដ្ឋ​កម្រិត​មធ្យម ជាង​៤០​សាលា​នៅ​ខេត្តសៀមរាប បាន​បើក​ដំណើរការ​សាកល្បង​

បានផុស

នៅ

សៀម​រា​ប ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១​នេះ គ្រឹះស្ថានសិក្សា​រដ្ឋ​កម្រិត​មធ្យម​ចំនួន​៤៤​សាលា ស្ថិតនៅក្នុង​ស្រុក​ចំនួន​៨ នៃ​ខេត្តសៀមរាប ដែល​បានដាក់​ពាក្យស្នើសុំ​កន្លងមក រួមមាន ៖ ១. ស្រុក​បន្ទាយស្រី , ២. ស្រុក​ស្វាយ​លើ , ៣. ស្រុក​សូទ្រនិគម , ៤. ស្រុក​ប្រាសាទបាគង , ៥. ស្រុក​ស្រីស្នំ , ៦. ស្រុក​វ៉ារិន , ៧. ស្រុក​អង្គរធំ និង ៨. ស្រុក​ក្រឡាញ់ បាន​បើក​ដំណើរការ​ឲ្យ​បង្រៀន និង រៀន​សាកល្បង​ជា​ផ្លូវការ​ហើយ ខណៈ​សាលា​កម្រិត​បឋមសិក្សា​ចំនួន​១២៩​សាលា គ្រោង​នឹង​បើក​ដំណើរការ​សាកល្បង​នៅ​ថ្ងៃទី​២០ ខែតុលា​ខាងមុខ​នេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង ជា​អនុប្រធាន​ប្រចាំការ​នៃ​គណៈកម្មការ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ការ​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ខេត្ត បាន​មានប្រសាសន៍ថា អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង តាម​លិខិត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ជម្រាប​ដល់​រដ្ឋបាល​រាជធានី​និង​ខេត្ត​ទាំងអស់ ឲ្យ​ធ្វើការ​ពិចារណា និង គិតគូរ​ឲ្យ​បាន​ហ្មត់ចត់ បើក​ដំណើរ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បង្កើត​គណៈ​កម្ម​ការត្រួតពិនិត្យ និង វាយ​ត​ម្លៃ​ការ​បើក​ដំណើរការ​ឡើងវិញ នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង ឯកជន ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដែល​មាន​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ជា​ប្រធាន និង មាន​ឯកឧត្ដម លោក លោកស្រី ជា​អភិបាលរង​ខេត្ត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ថា្នក់​ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត និង អភិបាលក្រុង​ស្រុក​ក្នុង​ទូទាំង​ខេត្ត ជា​អនុប្រធាន និង សមាជិក នៃ​គណៈកម្មការ​នេះ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​ទៀត​ថា មុននឹង​យើង​បើក​សាលារៀន​វិញ​នៅថ្ងៃ​នេះ យើង​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​នៃ​ការត្រួតពិនិត្យ​និង​វាយតម្លៃ​ច្រើន​ករណី​ណាស់ គឺ ៖ ១. បើក​នៅ​តាម​សាលា​នៃ​បណ្ដា​ស្រុក​ដែល​មាន​ហានិភ័យ​ទាប ដោយ​អនុវត្ត​ការរៀន​តាម​បណ្ដុំ មិន​លើសពី​១៥​នាក់ តាម​ស្តង់ដា​ប្រតិបត្តិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង ក្រសួងសុខាភិបាល និង ផ្ដល់​អាទិភាព​ដល់​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ សម្រាប់​តំបន់​មាន​ហានិភ័យ​មធ្យម , ២. ពិនិត្យ​លទ្ធភាព​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​តែ​បាន​ចាក់​វ៉ាក់សាំង​ទាំងពីរ​ដូ​ស​គ្រប់ៗ​គ្នា និង ៣. ការ​ចុះ​ត្រួតពិនិត្យ​នៅតាម​ទីតាំង​សាលារៀន​នៃ​ស្រុក​មួយចំនួន​ដែល​បានដាក់​ពាក្យស្នើសុំ ស្រប​ទៅតាម​​គោ​លការណ៍ SOP របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដូចជា​សាលា​ត្រូវមាន​ទីកន្លែង​សម្រាប់​លាងដៃ​នឹង​សាប៊ូ លាងដៃ​នឹង​អាល់កុល ការត្រួតពិនិត្យ​កម្ដៅ និង សិស្សានុសិស្ស​ត្រូវ​ពួក​ម៉ាស់​គ្រប់ៗ​គ្នា និង គ្រប់ពេលវេលា។

​លោក លី ប៊ុន​ណា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ខេត្តសៀមរាប​កន្លងមក​នេះ បើទោះជា​ការបង្រៀន​និង​រៀន​តាម​បណ្តុំ​មិនទាន់បាន​ដំណើរការ​នៅឡើយ ក៏ប៉ុន្តែ​ការបង្រៀន​និង​រៀន​ពី​ចម្ងាយ ត្រូវបាន​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង​ទាំង​នៅ​ទីក្រុង ទីប្រជុំជន និង​នៅ​ទីជនបទ ដោយបាន​រៀបចំ​ឲ្យ​មាន​ក្នុង​រូបភាព​ចម្រុះ ជា​បណ្តុំ​តាម​សហគមន៍ ដែល​ធ្វើ​ឲ្យ​កិច្ចការ​ទាំងនេះ បាន​បង្កើត​ឲ្យ​មាន​បទ​ជា​ពិសោធន៍​ផងដែរ ដូច្នេះ​ការបើក​សាលារៀន​ឡើងវិញ​នៅថ្ងៃនេះ មាន​វិទ្យាល័យ​ចំនួន​១៤ កន្លែង និង​អនុវិទ្យាល័យ​ចំនួន ៣០​កន្លែង ដែល​ក្នុង​ថ្នាក់រៀន​នីមួយៗ មាន​សិស្ស​មិន​លើសពី​ចំនួន​១៥​នាក់ ហើយ​លក្ខខណ្ឌ​ឬ​វិធានការ​សម្រាប់​ដំណើរ​ការបើក​សាលារៀន​ឡើងវិញ​នោះ​គឺ គណៈកម្មការ ឬ​អាជ្ញាធរ​មូលដ្ឋាន ដែលមាន​ការចូលរួម​ពី​គ្រប់​អ្នកពាក់ព័ន្ធ​នោះ​គឺ​ត្រូវតែ​ពិនិត្យ​ស្ថានភាព​តំបន់។

លោក លី ប៊ុន​ណា មានប្រសាសន៍​បន្ថែម​ថា ការ​បើក​សាលាបង្រៀន​សិស្ស​ឡើងវិញ​នេះ វា​មិនមែនជា​ព្រឹត្តិការណ៍ ឬ​ជា​ការងារ​ថ្មី​នោះទេ ខណៈ​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពីដើម​ខែកញ្ញា​ឆ្នាំ​២០២០ នៅ​ជា​ធរមាន​នៅឡើយ ព្រម​ជាមួយនឹង​ការណែនាំ​បន្ថែម​ស្តីពី​ស្តង់ដា​អនាម័យ ការអនុវត្ត​វិធានការ​៣​ការពារ ៣​កុំ ការចាក់​វ៉ាក់សាំង​បង្ការ​សម្រាប់​សិស្ស និង​បុគ្គលិក​អប់រំ និង​ការធ្វើ​តេស្ត​សំណាក​គ្រូបង្រៀន មុន​បើក​សាលាបង្រៀន​សិស្ស ជាដើម ហើយ​ដើម្បី​ឲ្យ​ដំណើរ​ការសិក្សា​នេះ ប្រកបដោយ​ភាពរលូន​នោះ ការចូលរួម​របស់​មា​តា​បិតា ឬ​អាណាព្យាបាល​របស់​សិស្ស ក្នុងការ​ត្រួតពិនិត្យ​សុខភាព និង​សកម្មភាព​របស់​កូន​ខ្លួនឯង គឺជា​ផ្នែក​មួយ​ដែលមាន​សារៈសំខាន់​ជាទីបំផុត។

សូមបញ្ជាក់ថា ក្នុង​ទូទាំង​ខេត្តសៀមរាប មាន​សា​លាម​ត្តេ​យ្យ​សិក្សា​ចំនួន​២០​កន្លែង និង​មាន​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ផ្សេងទៀត​ដែល​ស្ថិតក្នុង​សាលាបឋមសិក្សា​ចំនួន​ជាង ៤០០ កន្លែង , សាលាបឋមសិក្សា​ចំនួន​ជាង ៥១៤ កន្លែង , មាន​អនុវិទ្យាល័យ ចំនួន​៨២​កន្លែង មាន​វិទ្យាល័យ ចំនួន​៤១​កន្លែង៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម