Connect with us

ព័ត៌មានជាតិ

លោក កឹម សុខា មិនគាំទ្រក្រុមអ្នកនយោបាយណា ដែលប្រើប្រាស់ហិង្សា ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន

បានផុស

នៅ

លោក មុត ចន្ថា មន្ត្រី​ជំនិត​របស់​លោក កឹម សុខា បានថ្លែងប្រាប់កម្ពុជាថ្មី ​ថា លោក កឹម សុខា តែងបង្ហាញនូវឆន្ទៈ និងបំណងប្រាថ្នា ដោយឥតប្រែ​ប្រួល ពីការបង្រួបបង្រួមខ្មែរ ហើយលោក កឹម សុខា ក៏ធ្លាប់បានបញ្ជាក់អំពីគោល​ការណ៍ និងជំហររបស់លោក នៅសាលា ដំបូងភ្នំពេញថា លោកមិនគាំ​ទ្រ ឬធ្វើសហការជាមួយអ្នកនយោ​បាយ ឬក្រុមអ្នកនយោបាយណា ដែលនិយម​ហិង្សា​ ឬប្រកាសប្រើប្រាស់​ហិង្សាជាមធ្យោបាយ ដើម្បីសម្រេចនូវ​មហិច្ឆតា​នយោ​បាយរបស់ខ្លួន និងនាំឱ្យប៉ះពាល់ ដល់ប្រ​យោជន៍​ជាតិ និងប្រជាពលរដ្ឋ។ 

ការលើកឡើងរបស់លោក មុត ចន្ថា បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា បានប្រកាសពីជំហររបស់​ខ្លួន​នៅក្នុងបណ្ដាញ​សង្គមហ្វេស​ប៊ុក កាលពីថ្ងៃម្សិលមិញ និងបន្ទាប់ពីលោក សម រង្ស៊ី ក៏ដូចជាក្រុម​បក្ខពួក​​មួយ​ចំនួន ដែលកំពុងរស់នៅក្រៅប្រទេស បានប្រកាសពីការវិល​ត្រឡប់ចូលមកប្រទេសកម្ពុជា ជាថ្មី នៅថ្ងៃ​ទី០៤ ខែមករា ឆ្នាំ២០២១ ខាងមុខ ដើម្បីដឹកនាំប្រជាពលរដ្ឋ បះបោរប្រឆាំងរាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោម​លេស និងហេតុផលថា ជារដ្ឋាភិបាលមិនស្របច្បាប់ និងផ្តាច់ការជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មុត ចន្ថា បញ្ជាក់យ៉ាងនេះថា “ឯកឧត្តម កឹម សុខា បានបញ្ជាក់អំពីជំហរនយោបាយយ៉ាង​ជាក់លាក់​ជាច្រើន លើកថា “ប្រទេសកម្ពុជា ជាមាតុភូមិ ជាទឹកដីកំណើត ជាកន្លែងដែលខ្ញុំ កើត រស់ និងស្លាប់ ដែលខ្ញុំ​មិនអាចបោះបង់ និងមិនគាំទ្រអ្នកណា ដែលបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជាឡើយ ទោះបីខ្ញុំស្ថិតក្នុងស្ថានភាពណាក៏ដោយចុះ”។ លោកបន្តថា ខណៈដែលលោក កឹម សុខា កំពុងតែជាប់​បម្រាប​តុលាការដល់ទៅពីរជាន់ គឺសាលដីការបស់តុលា ការកំពូល ខែវិច្ឆិកា ឆ្នាំ២០១៧ និងសា​លាដំបូង​ភ្នំពេញ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលហាមលោកធ្វើសកម្មភាពនយោ​បាយ ឬថ្លែងសារនយោបាយ ឬចេញ​សេចក្តីថ្លែងការណ៍នយោបាយជាសាធារណៈ។ 

ទោះជាយ៉ាងនេះក្តី លោក មុត ចន្ថា បានអះអាងថា “លោក កឹម សុខា បានបញ្ជាក់អំពីគោលការណ៍ និង​ជំហររបស់លោកយ៉ាងច្បាស់ខ្លាំងៗ នៅចំពោះមុខអង្គសវនការជាច្រើនលើក នៃសាលាដំបូងភ្នំពេញថា លោកមិនគាំទ្រ ឬធ្វើការជាមួយ ឬធ្វើសហប្រតិបត្តិការជាមួយអ្នកនយោបាយ ឬក្រុមអ្នកនយោបាយ​ណា​ដែលនិយមហិង្សា ឬប្រកាសប្រើប្រាស់ហិង្សាជាមធ្យោបាយ ដើម្បីសម្រេចនូវមហិច្ឆតា​នយោបាយរបស់​ខ្លួន ដែលធ្វើឱ្យប៉ះពាល់និងខូចប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរឡើយ”។ 

លោកមានជំនឿយ៉ាងមុតមាំថា លោក កឹម សុខា នឹងប្រកាសអំពីជំហរនយោ​បាយរបស់លោក នៅពេល​លោកមានឱកាសសមរម្យភ្ជាប់ជាមួយសេរីភាពនយោបាយពេញលេញ។

លោកដឹងយ៉ាងប្រាកដដោយគ្មានភាពសង្ស័យថា លោក កឹម សុខា មិនកំសាកក្នុងការធ្វើ​សេចក្តីសម្រេច​ចិត្ត ឬការប្រកាសណាមួយ ដែលបម្រើ និងការពារប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ  ហើយនិងភាព​សុខ​សាន្តរបស់ជាតិ។ ដូច្នេះ លោកជឿជាក់ថា ពេលវេលា នឹង​បញ្ជាក់​ពី​សច្ចភាព​។ 

សូមបញ្ជាក់ថា លោក កឹម សុខា កាលពីថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុករបស់ខ្លួនថា ការបង្រួបបង្រួមខ្មែរ  គឺជាកាតព្វកិច្ច និងជាកិត្តិយសរបស់ខ្មែរ ជាពិសេសរបស់​អ្នក​ដឹកនាំគ្រប់រូប។ ការ​កម្ចាត់​គ្នា នាំឲ្យបាត់បង់ពេលវេលា និងធនធាន ដើម្បីបម្រើ ការពារ និងកសាងមាតុភូមិ​កម្ពុជា ដើម្បីខ្មែរទាំងអស់គ្នា។ លោកដឹងច្បាស់ថា លោកមិនមានសិទ្ធិ សេរីភាពពេញលេញចង់ធ្វើអ្វី ចង់និ​យាយស្តីអ្វី ដើម្បីជាប្រយោជន៍ឲ្យបានច្រើនសម្រាប់មាតុភូមិកម្ពុជា សង្គមខ្មែរ និង ប្រជាពលរដ្ឋខ្មែរជាទី​ស្រ​ឡាញ់របស់លោកឡើយ ក៏ប៉ុន្តែអ្វីដែលលោកអាចធ្វើបាន ដោយមិនរំលោភច្បាប់ទម្លាប់ត្រឹមត្រូវ ឬមិនប៉ះ​ពាល់​ដល់សិទ្ធិអ្នកដ៏ទៃ លោកព្យាយាមធ្វើតាមលទ្ធភាព ដើម្បីខ្មែរ ។ ទោះបី នៅកន្លែងខ្លះមានសមត្ថកិច្ច​សហការណ៍ល្អ កន្លែងខ្លះមិនសហការក៏ដោយ ហើយអ្វីដែលមិនអាចធ្វើបាន ទោះបីមានអ្នកខ្លះ​ប្រឹងរុញ​ច្រានឲ្យចូលក្នុងអន្ទាក់គេក៏ដោយ លោកនៅតែរក្សាជំហរ អហិង្សា មិនយកខ្មែរណាជាសត្រូវ មិនបង្ក​ជម្លោះ មិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ​ និងប្រទេសជាតិខ្លួនឡើយ។​ 

លោក កឹម សុខា បានអះអាងខ្លួនឯងទៀតថា “ខ្ញុំបានកំណត់ហើយថា “ប្រជាពលរដ្ឋខ្មែរ ជាជនរួមជាតិ ជា​ជនរួមឈាម ជាបងប្អូនរបស់ខ្ញុំ” ហើយ “ប្រទេសកម្ពុជា ជាមាតុភូមិ ជាទឹកដីកំណើត ជាកន្លែងដែលខ្ញុំ កើត រស់ និងស្លាប់” ដែលខ្ញុំមិនអាចបោះបង់ និងមិនគាំទ្រអ្នកណា ដែលបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ​ខ្មែរ និង​មាតុ ភូមិកម្ពុជាឡើយ ទោះបីខ្ញុំស្ថិតក្នុងស្ថាន​ភាពណាក៏ដោយចុះ”។ 

បើតាមលោក កឹម សុខា ក្នុងរយៈពេលប្រមាណបីខែចុងក្រោយនេះ លោកអាចធ្វើដំណើរទៅតាម​មូលដ្ឋាន​ខ្លះ ដើម្បីចូលរួមក្នុងពិធីទំនៀមទម្លាប់ប្រពៃណី សាសនាខ្មែរ  បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ និង​បាន​ស្វែងយល់ពីជីវភាពរស់នៅរបស់​ជនរួមជាតិដោយផ្ទាល់ ហើយកាន់តែធ្វើឲ្យលោកអាណិត ស្រឡាញ់ និងដឹងគុណបំផុតចំពោះមាតុភូមិកម្ពុជា និង​ជនរួមជាតិខ្មែរ​ មិនអាចបោះបង់បានឡើយ។​ លោកបន្តថា ទឹកដីយើង មានភូមិសាស្ត្រ​ និងធនធានធម្មជាតិ អំណោយផលល្អណាស់ ឲ្យតែយើងគ្រប់ គ្រងបានត្រឹម​ត្រូវ មិន​បំផ្លិចបំផ្លាញ​ រីឯប្រជាពលរដ្ឋខ្មែរភាគច្រើនជាទូទៅមានទឹកចិត្តល្អគួរឲ្យគោរពស្រឡាញ់ណាស់ បើយើងមិនលើកទឹកចឹត្តឲ្យមានការរើសអើង សងសឹកគ្នានោះទេ ខ្មែរអាចរស់នៅដោយឯករាជ្យភាព ដោយ​សុខដុមរមនា​ និងដោយ​វឌ្ឍនភាព​សម្រាប់​ខ្មែរ​ដូច​គ្នា៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣១ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម