Connect with us

ព័ត៌មានជាតិ

បណ្ឌិត គិន ភា ៖ កុំយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាសេណារីយ៉ោ ដែលនាំមានការកកូរកកាយ កិច្ចការផ្ទៃក្នុងកម្ពុជា

បានផុស

នៅ

បញ្ញវន្ដខ្មែរមួយរូប ដែលមានជំនាញផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា សូមកុំយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសេណារីយ៉ោនយោបាយ ដែលនាំមានការកកូរកកាយ កិច្ចការផ្ទៃក្នុងរបស់ប្រ​ទេស​កម្ពុជា ឲ្យសោះ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូល ដែលរៀបចំដោយរាជបណ្ឌិត្យសភា​កម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។

លោកបណ្ឌិត គិន ភា ប្រ​ធា​នវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាបញ្ញវន្ដ​ខ្មែរ​មួយរូប មានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣​ ​តុលា​ ​ឆ្នាំ​១​៩៩១​ នៅតែមានតម្លៃជាស្មារតី ជាសីលធម៌ ជាមរតក​ប្រវត្តិ​សាស្រ្ដ នយោបាយដ៏សំខាន់ សម្រាប់ប្រជាជាតិកម្ពុជា។ ប៉ុន្តែលោកស្នើថា «សូមកុំយក​កិច្ចព្រមព្រៀងសន្តិភាព​ទី​ក្រុ​ង​ប៉ារីស ជាឧបករណ៍ ឬក៏សេណារីយ៉ោនយោបាយ ដែលនាំមានការកកូរកកាយ កិច្ច​ការផ្ទៃក្នុងប្រទេស កម្ពុជា»។

លោកបណ្ឌិត គិន ភា មានប្រសាសន៍បន្តថា យើងមិនគួរអូសកម្ពុជា ទៅរកដំណាក់កាលអន្តរកាលឆ្នាំ ១៩៩១ ឆ្នាំ ១៩៩៣ទៀតនោះទេ ដោយកម្ពុជាមានអ្វីៗ សព្វបែបយ៉ាងអស់ហើយ។ ជាមួយប្រជាជាតិខ្មែរទាំងមូល គឺមិនបំភ្លេច​កិច្ច​ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ ហើយក៏មិនបានបំភ្លេចការជួយជ្រោមជ្រែង របស់សហគមន៍អន្តរជាតិ, អង្គការសហប្រជាជាតិ, ជាពិសេសប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះដែរ។​

អ្នកវិភាគបញ្ហានយោបាយរូបនេះ បានលើកឡើងបន្តថា «ហើយជាពិសេស គេកាន់តែមិនភ្លេចឥស្សរជនកំពូលពីរ​រូប ដែលជាអគ្គសហស្ថាបនិក នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺសម្ដេចព្រះបរមរតនកោដ្ឋ ព្រះនរោត្ដម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន ដែលជាអ្នកធ្វើឲ្យកិច្ចព្រមព្រៀងនេះ ទទួលបានជោគជ័យ»។ ជាមួយគ្នានេះ​លោកបណ្ឌិត គិន ភា ក៏ជឿជាក់ថា រាជរដ្ឋាភិបាលមិនដែលបំភ្លេច កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះដែរ។ លោកថា ដូចដែលយើងបានឃើញហើយថា ថ្មីៗនេះ មានការបោះពុម្ពក្រដាសប្រាក់ ៣ម៉ឺនរៀលថ្មី ដើម្បីអបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះដែរ។

លើសពីនេះទៀត ប្រ​ធា​នវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ជឿជាក់ដែរថា គណ​បក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនាពេលបច្ចុប្បន្ននេះ ក៏រឹតតែមិនអាចបំភ្លេច នូវកិច្ចព្រ​ម​ព្រៀង​​​សន្តិភាពទីក្រុងប៉ារីសដែរ ពីព្រោះកិច្ចព្រមព្រៀងនេះ វាប្រៀបបានដូចជាកូនមួយ របស់គណបក្សប្រជាជន​កម្ពុជាខ្លួនឯង អញ្ចឹង។ ដូច្នេះប្រសិនបើ បំភ្លេចកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រៀបបានដូចជាបោះបង់​កូន​ខ្លួនឯងចោល បោះ បង់នូវសមិទ្ធផល ដែលខ្លួនឯងខិតខំរកបានដោយលំបាក​ ពីព្រោះគណបក្សប្រជាជនកម្ពុជា មានការរួមចំណែកធំធេងណាស់ ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ។

ជាចុងក្រោយលោកបណ្ឌិត គិន ភា បានស្នើទៀតថា «ខ្ញុំសូមឲ្យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឋិតនៅក្នុងស្មា​រតី​​នៃការចងចាំ របស់ប្រជាជាតិខ្មែរ ទុកជាមរតកប្រវត្តិសាស្រ្ដ ទុកជាមេរៀនប្រវត្តិសាស្រ្ដ ដើម្បីបញ្ចៀសភាព​ច្រំ​ដែ​ល​នៃប្រវត្តិសាស្រ្ដ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម