Connect with us

ព័ត៌មានជាតិ

អ្នកសារព័ត៌មានអាជីពដើរតួនាទីបែបណា ខណៈមានព័ត៌មានបំពុលសង្គមកើតឡើងច្រើន?

បានផុស

នៅ

ជារឿយៗ គេសង្កេតឃើញថា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការផ្សព្វផ្សាយនូវព័ត៌មានបំពុលសង្គម ឬក៏ព័ត៌មានក្លែងក្លាយជាដើម ហើយក៏បានធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនជឿ និងចែករំលែកបន្តថែមទៀត។ នៅពេលមានការផ្សព្វផ្សាយបែបនេះ តើអ្នកសារព័ត៌មាន ដែលប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ មានតួនាទីយ៉ាងណា?

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានស្នើដល់ក្រុមអ្នកសារព័ត៌មានអាជីព និងមានវិជ្ជាជីវៈទាំងអស់ នៅពេលឃើញមានការផ្សាយព័ត៌មាន ដែលអវិជ្ជមានគ្មានការពិត ឬបំពុលសង្គម គួរតែជួយផ្សព្វផ្សាយបញ្ជាក់នូវការពិត ដើម្បីកុំឲ្យប្រជាពលរដ្ឋ ចាញ់ឧបាយកលចំពោះអ្នកដែលផ្សព្វផ្សាយ ឬបង្កើតព័ត៌មានទាំងនោះ។

លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី ថា មុនពេលធ្វើជាអ្នកសារព័ត៌មាន យើងត្រូវគិតអំពីវត្ថុបំណងថាតើ មូលហេតុអ្វីបានជាយើងធ្វើជាអ្នកសារព័ត៌មាន? មុនសម្រេចចិត្តរៀនវិជ្ជាជីវៈ ឬក៏ចាប់ យកអាជីពជាអ្នកសារព័ត៌មាន លុះត្រាតែយើងចោទសួរខ្លួនយើង និងឆ្លើយដោយខ្លួនយើងថាតើ យើងធ្វើជាអ្នកសារព័ត៌មាននេះ ដើម្បីអ្វី និងក្នុងបំណងអ្វី? ហើយប្រសិនបើយើងបានឆ្លើយ អំពីវត្ថុបំណងរបស់យើងរួចហើយ យើងគួរបន្តសួរខ្លួនយើងតើថា ការសរសេររបស់យើង ដើម្បីអ្វី? ដើម្បីផ្ដល់ចំណេះដឹងជូនប្រជាជនដែរឬ? ដើម្បីជួយកែលម្អសង្គមឬ? ឬមួយក៏ដើម្បីបញ្ឆេះកំហឹងក្នុងសង្គម ឲ្យទៅជាភាពភាពវឹកវរ? បន្ទាប់មកទៀត ទើបយើងចាប់ផ្ដើមគិតថាតើ យើងគួរសរសេរពីអ្វី? និងនិយាយពីអ្វី?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍បន្តថា «ចំណុចទី២ យើងត្រូវគិតដែរអំពីបញ្ហាខ្លះៗ ខ្ញុំគិតថា ដូចជា ខ្ញុំអត់បានយកចិត្តទុកដាក់ទេ ចំពោះរឿងនេះ ក៏ប៉ុន្តែនៅលើបណ្ដាញសង្គម បើទៅចេះតែឃើញប្លុកចោល មិនចេះអស់សោះៗ ប្លុក ១មក ១០ ប្លុក ១ទៀត មក ២០-ល- អញ្ចឹងបានធ្វើឲ្យខ្ញុំមើលឃើញថា តើអ្នកសារព័ត៌មានយើង ចូលរួមនូវការផ្សព្វផ្សាយនោះ ទទួលបានផលប្រយោជន៍អ្វី? អ្នកខ្លះថា អត់ទាន់ទូទាត់ឲ្យគេផង មិនទាន់ទូទាត់លុយឲ្យគេទេ ថ្លៃផ្សាយថ្លៃអីហ្នឹង ចុះបើបែបនេះមែន ខ្ញុំនិយាយថា បើបែបនេះមែនណា៎ ថាតើវាសមនឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានដែរឬទេ? ប្រសិនដូចអ្វី ដែលគេនិយាយអញ្ចឹងមែន អញ្ចឹងបានន័យថា យើងធ្វើសារព័ត៌មាន ដើម្បីដូរយកលាភសក្ការៈ ជាការរកចំណូលរបស់ខ្លួនយើង ឬមួយធ្វើអ្នកសារព័ត៌មាន ដែលវិជ្ជាជីវៈសរសេរថា គឺជាអ្នកនាំសារៗ ពីទីងងឹត មកទីភ្លឺ ពីប្រជាជន មករាជរដ្ឋាភិបាល ពីរាជរដ្ឋាភិបាល ទៅប្រជាជន»។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងបន្តថា បើអ្នកសារព័ត៌មានទៅផ្សាយផ្ទាល់ គ្រាន់តែរកលាភសក្ការៈខ្លួនឯង ដែលគេឲ្យ ២០ដុល្លារ ៣០ដុល្លារនោះ ថាតើទង្វើបែបនេះ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដែរឬទេ? នេះជាសំណួរ ដែលអ្នកសារព័ត៌មាន ត្រូវសួរខ្លួនឯងថា ជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ និងត្រូវធ្វើបែបនេះទៀត ឬក៏ឈប់ធ្វើ។

លោក ជា ច័ន្ទបរិបូរណ៍ បានឲ្យដឹងបន្តថា បច្ចុប្បន្ននេះ អ្នកសារព័ត៌មាន មាន ៣ក្រុម ដែលរួមមាន៖ ទី១. ក្រុមអ្នកសារព័ត៌មាន នៅក្រោមអង្គភាពមួយ ដែលមានស្ថាប័នគ្រប់គ្រងត្រឹមត្រូវ ហើយតែងតែសរសេរតាមក្រមសីលធម៌ និងវិជ្ជាជីវៈ។ ទី២. ក្រុមអ្នកសារព័ត៌មាន ដែលបង្កើតឡើងសម្រាប់បម្រើនយោបាយ និងក្រុមបក្ខពួករបស់គេ ដែលមានបំណងធ្វើឲ្យមានការបាក់បែក និងយល់ច្រឡំមកលើរាជរដ្ឋាភិបាល។ ទី៣. ក្រុមអ្នកសារព័ត៌មាន ដែលតាំងខ្លួនដូចជាកុងត្រូល ដោយដេញតាមឡានដឹកឈើ និងទៅគោះយកលុយពីគេជាដើម។

លោករដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងបន្ថែមថា ការធ្វើការងារលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៅពេលដែលអត្ថបទរបស់យើង ឬការផ្សាយរបស់យើងចេញជាសាធារណៈ មិនមែនមនុស្សតែម្នាក់មើល និងអាននោះទេ ពោល គឺនឹងមានមនុស្សច្រើនរយនាក់ ច្រើនពាន់នាក់ និងពីមាត់មួយ ទៅមាត់មួយទៀត។ ដូច្នេះប្រសិនបើ ការចេញផ្សាយទៅខុសអំពីការពិត វានឹងធ្វើឲ្យមានផលប៉ះពាល់ជាច្រើនដល់សង្គម។

លោក ជា ច័ន្ទបរិបូរណ៍ បានបន្ថែមទៀតថា «អញ្ចឹងទេ ការផ្សព្វផ្សាយព័ត៌មានវាអាចជាអាវុធមុខពីរ វាជាការធ្វើឲ្យសង្គមល្អប្រសើរ ឬក៏អាចធ្វើឲ្យសង្គមបាក់បែក ដែលនេះជាឥទ្ធិពលនៃសារព័ត៌មាន»។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានស្នើដល់អ្នកសារព័ត៌មាន សូមបង្កើតស្ថាប័នព័ត៌មាន សម្រាប់ប្រជាជនផ្ទៀងផ្ទាត់។ ត្រង់ចំណុចនេះ លោកលើកឡើងថា នៅពេលប្រជាពលរដ្ឋ ឃើញព័ត៌មានណាមួយមិនប្រក្រតី ហើយចង់ផ្ទៀងផ្ទាត់ ថាពិត ឬមិនពិតនោះ ពួកគាត់អាចចូលទៅកាន់គេហទំព័រ ដែលច្បាស់លាស់មួយបាន។ ម្យ៉ាងទៀត ក្នុងនាមជាអ្នកសារព័ត៌មានវិជ្ជាជីវៈ នៅដែលយើងឃើញការផ្សាយដែលអវិជ្ជមាន យើងគួរតែប្រើឆន្ទៈរបស់យើង ជាអ្នកសារព័ត៌មានអាជីព និងមានវិជ្ជាជីវៈ ហើយជួយផ្សព្វផ្សាយបញ្ជាក់ការពិត ដើម្បីកុំឲ្យប្រជាជនរបស់យើង ចាញ់ឧបាយកល ចំពោះអ្នកដែលបង្កើតព័ត៌មាននោះ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម