Connect with us

ព័ត៌មានជាតិ

សាលាបឋមសិក្សាក្រវ៉ាន់ ជាប់ជ័យលាភីប្រាក់ ក្នុងការប្រឡងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣

បានផុស

នៅ

នៅ​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន តំណាង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ប្រគល់​ប័ណ្ណ​ជ័យលាភី​សាលា​មេត្រី​បរិស្ថាន​មេដាយប្រាក់​ជូន​ដល់​សាលាបឋមសិក្សា​ក្រ​វ៉ាន់ ស្ថិតនៅ​ភូមិ​ក្រ​វ៉ាន់ សង្កាត់​អង្គរធំ ក្រុង​សៀមរាប ខេត្ត​សៀមរាប ដែល​ទទួលបាន​ជ័យលាភី​ប្រាក់​ក្នុងការ​ប្រឡងប្រណាំង​សាលា​មេត្រី​បរិស្ថាន​ថ្នាក់ជាតិ​លើក​ទី​៣ ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជួប ប៉ារីស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថានបាន​បង្ហាញថា យើង​បាន​អនុលោម​ទៅតាម​ក្របខណ្ឌ​ការងារ​អាស៊ាន​ស្តីពី​សាលា​មេត្រី​បរិស្ថាន ដូច្នេះ​ក្រសួងបរិស្ថាន​យើង​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានរៀបចំ​ឱ្យមាន​ការណែនាំ​ដោយ​ផ្តោតលើ​លក្ខណៈវិនិច្ឆ័យ មួយចំនួន​រួមមាន​៖ (១) មាន​គោលការណ៍ និង​រដ្ឋបាល​របស់​សាលា​លើ​ការងារ​បរិស្ថាន (២) មានការ​បង្រៀន​មេរៀន​បរិស្ថាន​និង​សកម្មភាព​អប់រំ​បរិស្ថាន (៣) មាន​សម្ភារ​:​បរិក្ខារ​អប់រំ​បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និង​ការប្រតិបត្តិ​បរិស្ថាន (៤) មាន​ភាពជា​ដៃគូ​ជាមួយ​អ្នកពាក់ព័ន្ធ និង​ការផ្សព្វផ្សាយ​តាម​សហគមន៍ និង​មាន​សូចនាករ​វាស់វែង​ចំនួន​១៨​។ ឯកឧត្តម បាន​បន្តថា ការប្រឡងប្រណាំង​សាលា​មេត្រី​បរិស្ថាន​នេះ ដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រែក្លាយជា​ចំណេះដឹង​អំពី​បរិស្ថាន​ទូទៅ​ក្នុងការ​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​នៅក្នុង​សាលារៀន ជាពិសេស​គឺ​ការជំរុញឱ្យ​មានការ​អនុវត្ត​នៅក្នុង​សហគមន៍​ថែមទៀត​ផងដែរ​។​

នាឱកាស​នោះដែរ លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មាន​ប្រសា​ស​ន៏​ថា ការគ្រប់គ្រង​អនាម័យ​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ ជាពិសេស​ការរៀបចំ​ឲ្យ​សាល​រៀន និង​ភូមិដ្ឋាន​ស្អាត​នៅ​តាម​សហគមន៍​ដែល​បង្ហាញ​ពី​ស្មារតី​ចេះ​ទទួលខុសត្រូវ​ចំពោះ​ការស្រឡាញ់​បរិស្ថាន និង​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​នោះ វា​ល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត​របស់​កូនចៅ​យើង​គ្រប់ៗ​គ្នា​។ ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្រកួតប្រជែង​សាលា​មេត្រី​បរិស្ថាន ដែល​ផ្តល់​ចំណេះដឹង​បរិស្ថាន​បន្ថែមទៀត ដល់​សាធារណជន​ក្នុងការ​គ្រប់គ្រង​អនាម័យ​បរិស្ថាន និង​ធនធានធម្មជាតិ​នៅតាម​សហគមន៍​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក បានបញ្ជាក់​ទៀតថា ក្រសួងបរិស្ថាន រួមជាមួយ​ក្រសួង​នានា ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បាន​ខិតខំ​ជំ​រុញឱ្យ​ប្រសើរឡើង​នូវ​កិច្ច​គាំពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​។ ឯកឧត្តម បាន​លើកទឹកចិត្ត​ឲ្យ​គណៈ​គ្រប់គ្រង​សាលា ក៏ដូចជា​លោកគ្រូ អ្នកគ្រូ សិស្សានុ​សិស្ស អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​សហគមន៍ បន្ត​ចូលរួម​ក្នុង​សកម្មភាព​មេត្រី​បរិ​ស្ថាន​នេះ ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ឲ្យ​ជីវិត​រស់នៅ​របស់​យើង​ស្រស់បំព្រង​ផងដែរ​៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម