Connect with us

ព័ត៌មានជាតិ

កម្ពុជា បើក​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ឡើងវិញ

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បើក​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី, ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ឡើងវិញ​បន្ទាប់ពី​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​កន្លងមក។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​ចុះ​នៅ​រសៀល​ថ្ងៃទី​២៣ ខែតុលា​នេះ​បាន​ឲ្យ​ដឹង​ថា «​យោងតាម​ចំណារ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២១ គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ សូម​ប្រកាស​លុបចោល​សេចក្តីប្រកាស​ព័ត៌មាន​លេខ ១៤០ សខល ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ និង​លេខ ១៧៥ សខល ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២០ ស្តីពី​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​ការបើក​ដំណើរការ​ឡើងវិញ នូវ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ជា​ជំហានៗ​លើ​គ្រប់​វិស័យ​តាម​គន្លង​ប្រក្រតីភាព​ថ្មី រួមទាំង​ការ​ស្តារឡើងវិញ នូវ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យនេះ ដែល​នឹង​ចូល​ជា​ធរមាន​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​»​។​

​គួររំលឹកថា សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១ ក្នុងឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ជំនាញ ធ្វើការ​ពិនិត្យមើល​អំពី​លទ្ធភាព​ក្នុង​បើក​ជើងហោះហើរ​ឡើងវិញ ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ដូចជា ឥណ្ឌូនេស៊ី​, ម៉ាឡេស៊ី និង​ហ្វីលីពីន​ជាដើម ដើម្បី​ទទួលភ្ញៀវ និង​អ្នកវិនិយោគ​មក​កម្ពុជា​។

រដ្ឋាភិបាល​បាន​កាត់បន្ថយ រយៈពេល​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ចូល​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​រួច ដោយ​តម្រូវ​ឲ្យ​អនុវត្ត​របប​ច​ត្តា​ឡី​ស័ក​ចំនួន ៣​ថ្ងៃ ចំពោះ​វិនិយោគិន បុគ្គលិក​ជំនាញ​បច្ចេកទេស​ទាំង​ជនជាតិខ្មែរ និង​បរទេស មន្ត្រីការទូត មន្ត្រី​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ផ្លូវការ និង​មន្ត្រីរាជការ​របស់​រាជ​រដ្ឋាភិបាល ដែល​ត្រលប់​មកពី​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស ខណៈ​អ្នកដំណើរ​ទូទៅ​ដែលជា​ជនជាតិខ្មែរ ឬ​ជនបរទេស ត្រូវអនុវត្ត​របប​ច​ត្តា​ឡី​ស័ក​ចំនួន​៧​ថ្ងៃ​។

ដោយឡែក​ត្រូវអនុវត្ត​របប​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ ចំពោះ​អ្នកដំណើរ​គ្រប់​ប្រភេទ ដែល​មិនបាន​ចាក់​វ៉ាក់សាំង​កូវ​ដី​១៩ ឬ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន បាន​ពេញលេញ​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម