កម្ពុជា-វៀតណាម ឯកភាពពន្លឿន​​បញ្ចប់​កិច្ច​ការ​ព្រំដែន​​នៅ​សល់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ឯកភាពពន្លឿន​​បញ្ចប់​កិច្ច​ការ​ព្រំដែន​​នៅ​សល់

បានផុស

នៅ

កម្ពុជា-វៀតណាម បាន​ឯកភាពគ្នា​ពន្លឿនកិច្ចពិភាក្សា​ស្វែងរកដំណោះស្រាយ​ចំពោះព្រំដែនគោក ដែលនៅសល់​ចំនួន១៦ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឯកភាពនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ រវាងកម្ពុជា និងវៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដែលភាគីកម្ពុជាដឹកនាំដោយលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងភាគីវៀតណាមដឹកនាំដោយលោក ង្វៀន គួកហ្ស៊ុង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

តាមលទ្ធផលពីកិច្ចប្រជុំដែលកម្ពុជាថ្មីទទួលបាន កម្ពុជា និងវៀតណាមបានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសរៀងៗខ្លួន និងអាទិភាពរបស់រដ្ឋាភិបាលដែលផ្ដោតជាចំបងទៅលើការដោះស្រាយបញ្ហារីករាលដាលសកលនៃវីរុសកូរ៉ូណា និងស្ដារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។

ភាគីទាំងពីរមានការពេញចិត្តដោយកត់សម្គាល់ឃើញថា ទោះបីជាមានបញ្ហាប្រឈមនានា បណ្ដាលមកពីជំងឺរាតត្បាត​សកលកូវីដ-១៩ ទំនាក់ទំនងនិង​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅ​បន្តរីកលូតលាស់លើគ្រប់វិស័យ ទាំងនយោបាយ សន្តិសុខ ការឆ្លើយតបនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ពាណិជ្ជកម្ម និងវិនិយោគ អប់រំ និងវប្បធម៌ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងកិច្ចសហការរវាងក្រសួងការបរទេសទាំងពីរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការព្រំដែន ភាគីទាំងពីរបានស្វាគមន៍ពិធីផ្លាស់ប្តូរលិខិតូបករណ៍ នៃការផ្តល់សច្ចាប័នលើឯកសារច្បាប់សំខាន់ចំនួនពីរ ដើម្បីកត់ត្រាការសម្រេចបាន៨៤ ភាគរយ នៃការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរជាផ្លូវការ។ ភាគីទាំងពីរបានឯកភាព ធ្វើការពន្លឿនកិច្ចពិភាក្សាក្នុងការស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះព្រំដែនគោកចំនួន ១៦ ភាគរយ ដែលនៅសល់មិនទាន់បានខណ្ឌសីមា។

ដោយឡែកលើបញ្ហាពាណិជ្ជកម្ម ទោះបីស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាក ដែលបានអូសបន្លាយដោយសារជំងឺរីករាលដាលសកលក្តី ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងជាលំដាប់ ពីចំនួន៥,២៦ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដល់៥,៣៣ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងបានកើនដល់៦,០៣ ប៊ីលានដុល្លារអាមេរិក ត្រឹមរយៈពេល៧ខែក្នុងឆ្នាំ២០២១៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services