អនុស្សារណៈកម្ពុជា-ចិន ជំរុញខេត្តព្រះសីហនុ បញ្ចប់សកម្មភាពកំចាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះមុនគេ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អនុស្សារណៈកម្ពុជា-ចិន ជំរុញខេត្តព្រះសីហនុ បញ្ចប់សកម្មភាពកំចាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះមុនគេ

បានផុស

នៅ

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិកាដោយសារមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពមីន កំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា (ពីចិន) នៅសាលាខេត្តព្រះសីហនុ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ធុជ មានប្រសាសន៍ថា ថ្ងៃនេះជាប្រវត្តិសាស្ត្រនៃការចុះអនុស្សរណនៃការយោគយល់គ្នារវាងអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងជួយសង្គ្រោះជនពិការដោយសារមីន និង សហគមជួយសង្គ្រោះប្រជាជនកម្ពុជា ព្រមទាំងកោតសរសើរ និងវាយតម្លៃនៃការរីកចម្រើនរបស់ខេត្តព្រះសីហនុ ដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរ និងចាត់ទុកជាថ្ងៃទិវាមីននៅខេត្តព្រះសីហនុ។ ការកៀរគរពីវិស័យឯកជនវាកើតចេញពីដៃគូយុទ្ធសាស្ត្រដូចអណ្តាត និងធ្មេញ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសចិន ហើយថ្ងៃនេះយើងជំរុញខេត្តព្រះសីហនុ ជាខេត្តដំបូងគេ ដើម្បីបញ្ចប់សកម្មភាពកំចាត់មីន និងយុទ្ធភណមិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមនៅកម្ពុជា។

លោក លី ធុជ មានប្រសាសន៍ថា ប្រទេសកម្ពុជាបានប្រឈមនឹងគ្រាប់មីន និងគ្រាប់បែកសង្កោមដោយសារសង្គ្រាមស៊ីវិលអូសបន្លាយជាច្រើនទស្សវត្ស ហើយកម្ពុជា ក៏នៅសល់សំណល់ជាតិផ្ទុះច្រើនជាងគេ និងមានជនរងគ្រោះដោយសារមីនច្រើនជាងគេ។ រាជរដ្ឋាភិបាលចង់ឃើញប្រជាពលរដ្ឋទទួលបាននូវសេចក្តីសុខ សុវត្ថិភាពចាកចេញពីគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះ ព្រមទាំងបានអំពាវនាវដល់អង្គការសង្គមស៊ីវិល និងសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា ចូលរួមជួយឧបត្ថម្ភគាំទ្រ ដើម្បីធ្វើការអភិវឌ្ឍ និងសំដៅឱ្យប្រជាពលរដ្ឋខេត្តព្រះសីហនុ ជាខេត្តដែលគ្នានគ្រោះថ្នាក់ដោយសារ គ្រាប់មីន និងសំណល់សល់ពីសង្គ្រាម។

លោក WANG JIANG ប្រធានសមាគមជួយសង្គ្រោះប្រជាជនកម្ពុជា មានប្រសាសន៍ថា សមាគមបានចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ២០២០ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ សមាគមបានសហការជាប្រចាំជាមួយអាជ្ញាធរមីនក្នុងខែមិថុនា ឆ្នាំ២០១៩ ក្នុងការស្វែងយល់អំពីសកម្មភាពមីន និងការចូលរួមត្រៀមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់នូវសេចក្តីទុកចិត្តមកលើសមាគមក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកៀរគរថវិកាពីអង្គការសង្គមស៊ីវិល សហគមន៍ដទៃ និងធុរកិច្ចជនជាតិចិន សម្រាប់គាំទ្រដល់វិស័យសកម្មភាពមីននៅខេត្តព្រះសីហនុ ឆ្ពោះទៅរកខេត្តនេះគ្មានមីននៅឆ្នាំ២០២៥ ដែលការងារនេះមានសារៈសំខាន់សម្រាប់សកម្មភាពមនុស្សធម៌ និងតម្រូវឱ្យចូលរួមទាំងអស់គ្នា គិតទាំងអស់គ្នា ធ្វើទាំងអស់គ្នា ដើម្បីសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋស្លូតត្រង់។

លោក គួច ចំរើន បានបង្ហាញស្មារតីចូលរួមពីគណៈកម្មាធិការសកម្មភាពមីនខេត្ត ចូលរួមសកម្មភាពកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រក្សាបាននូវសន្តិសុខ សុវត្ថិភាព ក៏សាងនូវទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព។ លោកបង្ហាញថា រាជរដ្ឋាភិបាលត្រៀមបើកខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍សុវត្តិភាព និងបៃតង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំ២០២១ ក៏ដូចជាការចូលរួមទទួលភ្ញៀវជាតិ និងបរទេសក្នុងព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅដើមឆ្នាំ២០២២ ធានានិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា ខេត្តព្រះសីហនុមានផ្ទៃដី ២,៦៥៨,៩០ គីឡូម៉ែត្រការ៉េ ក្នុងនោះមានចំការមីន និងចម្ការគ្រាប់ ៥,៥ គីឡូម៉ែត្រក្រឡា ស្មើនឹង ៤៨ ចម្ការមីន ក្នុងនោះស្រុកព្រៃនប់មាន ៣ចម្ការមីន  និងស្រុកកំពង់សិលាមាន ៤៥ចម្ការមីន៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services